កូរ៉េខាងជើងចង់បញ្ចូនកម្មករផ្នែកសំណង់ខ្លួននទៅបម្រើការងារឱ្យរុស្ស៊ី នៅតំបន់ Donbass
កូរ៉េខាងជើងចង់បញ្ចូនពលរដ្ឋខ្លួនដែលជាកម្មករផ្នែកសំណង់ ចេញទៅបម្រើការងារនៅតំបន់ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលកំពុងកាន់កាប់ដោយរុស្ស៊ី។ នេះបើតាមលទ្ធផលចេញពីជំនួបមួយ កាលពីពេលថ្មីៗនេះ រវាងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូ និងអ្នកតំណាងតំបន់ Donbass។ កិច្ចសហការថ្មីក្នុងវិស័យចំណាកស្រុក រវាងរុស្ស៊ីនិងកូរ៉េខាងត្បូងនេះ ត្រូវបានរំពឹងថា ជាការជួយលើកស្ទួយដល់វិស័យសេដ្ឋកិច្ចកូរ៉េខាងជើង និងជាការចំណេញសម្រាប់រុស្ស៊ី ក្រោមការចំណាយតម្លៃពលកម្មទាបលើកម្មករកូរ៉េខាងជើង។
វាជារឿងទៅរួចសម្រាប់កូរ៉េខាងជើង ក្នុងការបញ្ចូនកម្មករផ្នែកសំណង់ ទៅបម្រើការងារសាងសង់ស្ថាបនានៅលើដែនដីដ៏ចម្រូងក្នុងតំបន់ Donbass ប្រទេសអ៊ុយក្រែន ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ី។ ទៅរួចបើទោះបីជា នៅពេលនេះ រុស្ស៊ីកំពុងរងការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបង្កសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែនប្រមាណជាង៧ខែមកនេះក៏ដោយ។ នេះគឺជាសុទិដ្ឋនិយមស្របគ្នា រវាងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូ និងអ្នកតំណាងតំបន់ Donbass នៅក្នុងជំនួបកាលពីពេលថ្មីៗនេះ។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Marat Khusnullin បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនសំណង់របស់កូរ៉េខាងជើងជាច្រើន បានស្នើមកជាហូរហែ នូវគម្រោងសាងសង់ឡើងវិញ អគារជាច្រើន ដែលត្រូវបានបំផ្លាញដោយសង្គ្រាមហែកហួរ រវាងអ៊ុយក្រែននិងរុស្ស៊ី នៅតំបន់ Donbass និងឱ្យដឹងទៀតថា កូរ៉េខាងជើង រង់ចាំស្វាគមន៍នូវសេចក្តីសម្រេចជាវិជ្ជមាន ពីសំណាក់ម្ចាស់ផ្ទះ ក្នុងការទទួលយកកម្មករកូរ៉េខាងជើងទៅបម្រើការ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ទំនាក់ទំនងលើកកម្ពស់វិស័យចំណាកស្រុករវាងប្រទេសកម្មុយនីស្តទាំងពីរនេះ នឹងក្លាយជាផ្នែកមួយជួយសម្រួលដល់សេដ្ឋកិច្ចរបស់កូរ៉េខាងជើង។ សេដ្ឋកិច្ចកូរ៉េខាងជើង ដែលកំពុងដុនដាបដោយសារទណ្ឌកម្មលោកខាងលិច និងដោយសារជំងឺកូវីដ ហើយវាក៏ជាផលចំណេញសម្រាប់រុស្ស៊ី ដោយសារតែតម្លៃពលកម្មរបស់កម្មករកូរ៉េខាងជើង មានតម្លៃទាប ប៉ុន្តែមានលទ្ធផលការងារខ្ពស់។
ពីជ្រុងអ្នកវិភាគមួយចំនួនទៀត ការបញ្ជូនពលករចំណាកស្រុកកូរ៉េខាងជើង ស្របពេលនៅមានសង្គ្រាមឈ្លានពានរបស់រុស្ស៊ីពេញផ្ទៃប្រទេសអ៊ុយក្រែននេះ នឹងអាចជំរុញអោយមានការបន្ថែមជំនួយពីលោកខាងលិចទៅឱ្យអ៊ុយក្រែន និងបន្ថែមការទណ្ឌកម្មលើរុស្ស៊ីដែរ។
គួរជម្រាបជូនដែរថា កិច្ចពិភាក្សាលើកកម្ពស់វិស័យចំណាកស្រុកនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង កាលពីខែកក្កដាកន្លងទៅ បានក្លាយជាប្រទេសតែមួយគត់ក្រៅពីរុស្ស៊ី និងស៊ីរី ដែលទទួលស្គាល់ឯករាជ្យនៃទឹកដីតំបន់ Donbass គឺ Donetsk និង Luhansk ដែលការណ៍នេះ បាន ដុតកម្តៅជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនអោយកាន់តែក្ដៅឡើងថែមមួយកម្រិតទៀត៕