ឆេះក្លឹបកម្សាន្តមួយកន្លែង បណ្តាលឱ្យរងការខូចខាតអស់ស្ទើរទាំងស្រុង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅខណ្ឌចំការមន
ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តមួយកន្លែង ដែលមានផ្លាកយីហោ ALL FRIEND PUB រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅជាប់ជាមួយទីតាំងក្លឹប បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង យកបំពុងពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ដោយសារទំហំ នៃការឆាបឆេះទ្រង់ទ្រាយធំខ្លាំងពេក និងឆេះលឿនផងដែរនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការទាក់ទងទៅខាងកម្លាំងសមត្ថកិច្ចជំនាញ ផ្នែកបង្កា និងពន្លត់អគ្គិភ័យឱ្យចេញរថយន្តទឹក ចុះមកជួយអន្តរាគមន៍ភ្លាមៗ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្លឹប ALL FRIEND PUB ខាងលិចសាលាបឹងត្របែក ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៨៨ ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងកន្លែងកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ក៏ស្រាប់តែឃើញមានផ្សែងហ៊ុយចេញពីទីតាំងក្លឹប ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ ដោយសារតែការឆាបឆេះខ្លាំងពេក ទើបមិនអាចគ្រប់គ្រងបាន ខណៈពេលនោះ បងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការទំនាក់ទំនងទៅខាងកម្លាំងសមត្ថកិច្ចជំនាញ ចេញរថយន្តទឹកជាច្រើនគ្រឿង ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ថា មានអគ្គិភ័យកំពុងឆាបឆេះ រួចភ្លាមៗនោះ លោក ក៏បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រប់គោលដៅទាំងអស់ ដើម្បីចេញជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ ក៏ប៉ុន្តែ ដោយទំហំ នៃការឆាបឆេះធំ និងលឿនពេក កម្លាំងសមត្ថកិច្ចជំនាញ បានបាញ់ពន្លត់ភ្លាមៗដែរ តែការខូចខាតសម្ភារៈ ក្នុងក្លឹប អស់ស្ទើរទាំងស្រុង ព្រោះជាប្រភេទ តុ សាឡុង និងពូក ជាដើម និងបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅជាប់ជាមួយក្លឹបនោះផងដែរ ដែលជាប្រភេទឈើប្រកក្បឿង តែសំណាងល្អ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។
លោក នាយការិយាល័យ បានបន្តឱ្យដឹងទៀតថា ក្នុងរង្វងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ដោយសរុបរថយន្តមកដល់ទីតាំងកន្លែងកើតហេតុ សរុប ២៥គ្រឿង រួមមាន៖ រថយន្តរបស់ទីក្រុងជ្រោយចង្វារ, រថយន្តរបស់ក្រសួងមហាផ្ទៃ, រថយន្តរបស់ទីក្រុងកោះពេជ្រ, រថយន្តរបស់ស្រាបៀកម្ពុជា, រថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញ, ហើយបានប្រើប្រាស់រយះពេលជាង១ម៉ោង ដើម្បីធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ។ ចំពោះ មូលដ្ឋាន នៃការឆាបឆេះ ខាងកម្លាំងសមត្ថកិច្ចជំនាញ សន្និដ្ឋានជំហានដំបូង គឺអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី តែយ៉ាងណាកម្លាំងសមត្ថកិច្ច និងធ្វើការស្រាវជ្រាវបន្ថែមជាបន្តទៀត៕
ដោយ៖ ឆៃហួត និងប៊ុនធី