អភិបាលខេត្តកំពត ណែនាំមន្ត្រីឲ្យអភិវឌ្ឍសមត្ថភាព ធ្វើជាមេដឹកនាំល្អ កុំធ្វើជាមេអាប៉ោង
កំពត ៖ អភិបាលខេត្តកំពត បានប្រាប់ពីវិធីសាស្ត្រ និងគុណតម្លៃដែលមន្ត្រីត្រូវមាន ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដែលរាជរដ្ឋាភិបាលនិងអង្គភាពប្រគល់ជូននូវឋានៈ តួនាទី និងត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមេដឹកនាំល្អមានគុណធ៌មចំពោះកូនចៅថ្នាក្រោម ។
ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការ នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក និងបណ្តារមន្ទីរ នៃរដ្ឋបាលខេត្តកំពត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា អ្នករកស៊ី ធ្វើការដើម្បីរកប្រាក់ចំណេញ ចំណែកមន្ត្រីរាជការវិញ ធ្វើការត្រូវការនូវ ឋានៈ តំណែងតួនាទី ដែលកើតចេញពីការអនុវត្តការងាររបស់ខ្លួន ដែលរារដ្ឋាភិបាល និងអង្គភាពប្រគល់ជូន។ ដូច្នេះតើធ្វើបែបណាដើម្បីឲ្យរដ្ឋ និងអង្កភាពជឿជាក់ និងតម្លើងឋានៈតួនាទីជូន ? ឯកឧត្តមបានបញ្ជាក់ប្រាប់ថា មន្ត្រីត្រូវមាន ការយល់ដឹង បទពិសោធ ការរួមសាមគ្គីភាព ការរួមសុខទុក្ខ និងការចេះចែករំលែក ។ ហើយពេលបានធ្វើជាប្រធាន ឬជាមេដឹកនាំហើយ ត្រូវធ្វើជាគំរូលល្អសម្រាប់អ្នកក្រោមបង្គាប់ កុំធ្វើជាមេអាប៉ោង ស៊ីដាច់របបរបស់កូនចៅរបស់ខ្លួនឲ្យសោះ ។
ក្នុងពិធីប្រកាសចូលកាន់តំណែង ជូនមន្ត្រីរាជការចំនួន ៦៧រូប នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក និងបណ្តារមន្ទីរ នៃរដ្ឋបាលខេត្តកំពត ក៏មានការចូលរួមពី ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ៕ Sila Sarin