ចំណតផ្សាររដ្ឋ៖ សាលារាជធានីភ្នំពេញមានគម្រោងហៅអ្នកពាក់ព័ន្ធមកណែនាំឲ្យអនុវត្តតាមសៀវភៅបន្ទុក
ទោះក្លាយជាបញ្ហាដែលគេលែងសូវចាប់អារម្មណ៍ទៅហើយក្ដី ក៏អ្នកប្រើប្រាស់ចំណតនៅតាមផ្សាររដ្ឋចង់ឃើញការធ្វើបច្ចុប្បន្នភាពតម្លៃនៃសៀវភៅបន្ទុកដើម្បីជាមូលដ្ឋានក្នុងការកំណត់តម្លៃចំណតនៅតាមផ្សារឲ្យបានត្រឹមត្រូវ។ តម្លៃចំណតនៅក្នុងសៀវភៅបន្ទុក ២០០រៀលសម្រាប់កង់ ៣០០រៀលម៉ូតូ ក្នុងមួយលើក ដល់ការអនុវត្តជាក់ស្ដែងបុគ្គលិករបស់ក្រុមហ៊ុនម៉ៅការទារថ្លៃ១០០០រៀលក្រោមហេតុផលថា ទំនិញលើទីផ្សារឡើងថ្លៃ។
បុគ្គលិកបំរើការឲ្យអង្គការក្រៅរដ្ឋាភិបាលមួយសុំមិនបញ្ចេញឈ្មោះខ្លាចប៉ះពាល់ការងារ ដោយដាក់ឈ្មោះសន្មត(ហេង)និយាយថា គេចង់ឃើញគណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនម៉ៅការ ឬក្រុមហ៊ុនភាស៊ី ដាក់ចេញតម្លៃជាក់លាក់ដូចផ្សារឯកជន។ «បើគង់តែយកថ្លៃ១០០០រៀលដដែល ផ្សាររដ្ឋគួរតែកំណត់ក្នុងក្រដាសជាក់ស្ដែងទៅ។ កុំដាក់៣០០រៀល ដល់ទារ១០០០។»
បើនៅបន្តលោកហេង ចាត់ទុកថា វាជាបទល្មើសរំលោភលើទំនុកចិត្តពលរដ្ឋ។ «រដ្ឋគួរតាមដានក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគលើការផ្ញើកង់ឬម៉ូតូនៅតាមផ្សារ ដើម្បីឲ្យពួកគេអនុវត្តត្រឹមត្រូវតាមតម្លៃបានកំណត់។ មួយទៀតខ្ញុំចង់ឲ្យអាជ្ញាធរពាក់ព័ន្ធ មានវិធានការច្បាប់ មិនថាពិន័យឬព្រមានតាមជាក់ស្ដែង លើបុគ្គលអ្នកកឹបសំបុត្រ ដែលបានលុយចំណតលើសតម្លៃជាក់ស្ដែង។»
បទល្មើសរំលោភលើទំនុកចិត្ត ឬអំពើប្រហាក់ប្រហែលនេះ បើផ្អែកតាមក្រមព្រហ្មទណ្ឌមាត្រា៣៩៣ ត្រូវមានទោសដាក់ពន្ធធនាគារ៦ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់១ទៅ១០លានរៀល។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញគូសបញ្ជាក់ថា សាលារាជធានីភ្នំពេញមានគម្រោងកោះអញ្ជើញអ្នកពាក់ព័ន្ធមកជជែកនិងណែនាំឲ្យពួកគេអនុវត្តតាមសៀវភៅបន្ទុក។ «ក្នុងករណីចាំបាច់យើង អាចបំពាក់កាមេរ៉ាសុវត្ថភាពតាមដាននៅទីតាំងមួយចំនួន ដើម្បីតាមដានសកម្មភាពរវាងអ្នកទទួល និងផ្ដល់ឲ្យ ថាវាជាសមាណចិត្ត [ឬបង្ខិតបង្ខំឲ្យអ្នកប្រើប្រាស់ចំណតបង់ថ្លៃលើពីសៀវភៅបន្ទុក]។
«វាមិនមែនជាការឲ្យដោយសមាណចិត្តទេ តែជាការផ្ដល់ឲ្យដោយចាប់បង្ខំ។ សមាណចិត្ត លុះណាគេហុចលុយទៅ អាប់មកវិញ។ តែពេលសួរថា តម្លៃទូទៅហើយ។» នេះជាស្ថានភាពពិតដែលលោកយ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ជួបប្រទះនៅចំពោះមុខស្ថានភាពទារថ្លៃ ចំណតលើសសៀវភៅបន្ទុក។ រឿងហួសទៅហើយលោកមិនបញ្ជាក់ឡើយថា ផ្សារមួយណាក្នុងរាជធានីភ្នំពេញ។ «ដើម្បីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្ម[ខ្ញុំ]យល់ថា ឆន្ទៈជារឿងសំខាន់។ ទី១ គឺដកអាជ្ញាប័ណ្ណក្រុមហ៊ុនម៉ៅការភាស៊ីហ្នឹង។ ទី២ អភិបាលក្រុងចុះសួរប្រជាពលរដ្ឋតាមផ្សារ អំពីការទារថ្លៃលើសកំណត់ហ្នឹង… អភិបាលក្រុងភ្នំពេញច្រើនមកហើយ ធ្វើរឿងនេះបែកសោះ។ ទី៣ ដាក់ប្រអប់សំបុត្រទទួលយកមតិពលរដ្ឋនៅកន្លែងចំណតហ្នឹង។ និង ទី៤ ដាក់ដេញថ្លៃដោយតម្លភាពកុំឆ្លៀតដាក់ខ្សែស្រឡាយគ្នាឯង។»
អភិបាលរងរាជធានីភ្នំពេញបានបន្តថា « [ខ្ញុំ] ទទួលយកមតិរិះគន់មកកែលម្អ និងរិះរកវិធីធ្វើយ៉ាងណាដើម្បីឲ្យការអនុវត្តតាមសៀវភៅបន្ទុកមានភាពរលូន។»
ចំពោះការជម្រុញឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើបច្ចុប្បន្នភាពតម្លៃចំណតក្នុងសៀវភៅបន្ទុក ដើម្បីជាមូលដ្ឋានក្នុងការកំណត់តម្លៃចំណត លោក កើត ឆែ ថា ការកែសម្រួលតម្លៃចំណតក្នុងសៀវភៅបន្ទុកក៏ត្រូវគិតដល់កត្តាជីវភាពពលរដ្ឋដែរ «បើសិនជាយើងឡើងថ្លៃហើយកំណត់មួយពាន់រៀល… ចុះអ្នកខ្លះទៅផ្សារដល់ទៅបួនដងមិនស្មើបួនពាន់ ហើយប្រទេសយើងអ្នកស្ថិតនៅក្រោមបន្ទាត់ក្រីក្ររកតែ៤ពាន់អត់បានផង។»
ប៉ុន្តែយ៉ាងមិញលោកថា កែសម្រួលណាមួយវាអាស្រ័យលើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រោះ «វាជាគោលនយោបាយទូទាំងប្រទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយរដ្ឋបាលរាជធានីភ្នំពេញមិន [អាច]ស្នើឲ្យក្រសួងធ្វើបច្ចុប្បន្នភាពលើការងារនេះទេ។» នេះបើតាមលោកអភិបាលរងរាជធានីភ្នំពេញ។
ថ្លៃចំណតត្រូវរាប់បញ្ចូលជាចំណូលមិនមែនសារពើពន្ធ។ ក្នុងឆ្នាំ២០២១កន្លងទៅ លោក កើត ឆែ ឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញប្រមូលបានចំណូលពីថ្លៃភាស៊ីជាង២ពាន់លានរៀលចាក់ចូលសេដ្ឋកិច្ចជាតិ៕