ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការដោះស្រាយផលប៉ះពាល់ដីធ្លី និងសំណង់នៅក្នុងតំបន់ឧទ្យានអង្គរ
សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហានានា ដែលបានកើតមានកន្លងមក ក្នុងពេលអនុវត្តន៍ការងារ ចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមស៊ុ ម៉ាប់ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការអញ្ជើញចូលរួមដោយរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈមួយចំនួនទៀតផងដែរ។
ឯកឧត្តម មានប្រសាន៍ថា កន្លងមកយើងបានចុះត្រួតពិនិត្យទីតាំងនិងជួបបងប្អូនប្រជាពលរដ្ឋកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ ស្ថិតនៅភូមិស្រះស្រង់ខាងត្បូង ក្នុងតំបន់រមណីយដ្ឋានអង្គរដែលស្ថិត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋចំនួន ១២គ្រួសារ បានស្ម័គ្រចិត្តនិងបានធ្វើការរុះរើតូបលក់ដូរ រោងផ្ទះបាយ សាលាឆទាន សរុបប្រមាណ២០ រោង ឬតូប ស្ថិតនៅខ្នងទំនប់ស្រះស្រង់ត្បូង។ និងថ្ងៃទី៣១ ខែសីហានោះ បងប្អូនប្រជាពលរដ្ឋដែលបានសាងសង់សំណង់ខុសច្បាប់រួមមានរោងផ្ទះបាយ រោងលក់ដូរ តូប កញ្ចុះ សាលាឆទាន រោងចិញ្ចឹមមាន់ នៅលើខ្នងទំនប់ស្រះស្រង់ខាងត្បូង សរុបប្រមាណ ១៤ទីតាំងបន្ថែមទៀតត្រូវបានស្ម័គ្រចិត្តរុះរេីជាបន្តបន្ទាប់ហើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានលទ្ធផលដូចខាងក្រោម៖ ១.វាស់វែងក្បាលដីនៅភូមិចំនួន ៧៩ ភូមិ នៃភូមិគោលដៅចំនួន ១១៤។ ២.រៀបចំដីឡូត៍ សម្រេចបានទំហំ ១១១,១០ ហិកតា។ ៣. ផ្លូវគ្រួសក្រហម សម្រេចបានប្រវែង ៣ ២៣០ ម៉ែត្រ ស្មើ ១៩,១៣%។ ៤. បោះបង្គោល ព្រំ ដី ឡូត៍នៅភូមិធម្មជាតិរុនតាឯកបាន ចំនួន ៨១៩ ឡូតិ៏ ។ ដោយឡែកក្រុមមន្ត្រីជំនាញចំនួនប្រមាណជិត ៨០០នាក់ បានចាប់ផ្តើមចុះប្រមូលទិន្នន័យ កំណត់និយាមការ លើសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាជិតរួចរាល់ផងដែរ៕ ដោយ ស៊ាន សុផាត