កម្ពុជា-តួកគី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ជាមួយសេចក្តីពេញចិត្តចំពោះមិត្តភាពដ៏ប្រពៃ និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រទេសកម្ពុជា និងតួកគី។
ប្រមុខការទូតកម្ពុជា និងលោកជំទាវ ឯកអគ្គរដ្ឋ ទូត វាយតម្លៃដូចគ្នាបែបនេះ នៅក្នុងឱកាសនៃជំនួបសម្តែង ការ គួរសម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ការបរទេស។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិ ការអន្តរជាតិ បានឲ្យដឹងថា ក្នុងជំនួបនោះ លោកជំទាវ ឯកអគ្គរដ្ឋទូត Ülkü Kocaefe បាននាំនូវការសាកសួរសុខទុក្ខ និងសព្វសាធុការពរពី ឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្រ្តី ការបរទេស តួកគី ជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ។ចំណែកឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើង វិញ អំពីដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់លោក ទៅ កាន់ ប្រទេសតួកគី កាលពីពេលថ្មីៗនេះ ក៏ដូចជាការអញ្ជើញ ចូលរួម របស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសតួកគី នៅក្នុងកិច្ច ប្រជុំរដ្ឋមន្រ្តី ការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជ ធានី ភ្នំពេញនាពេលកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រីឯកអគ្គ រដ្ឋ ទូត Ülkü Kocaefe បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះកត្តាវិជ្ជមានមួយចំនួន ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ ការ ជំរុញទំនាក់ទំនងពាណិជ្ជកម្ម ដែលនៅមិនទាន់បាន ឆ្លើយ តបនឹងសក្តានុពលនៃប្រទេសទាំងពីរនៅឡើយ មានជាអាទិ៍ ការសម្រេចរបស់រដ្ឋាភិបាលតួកគី ក្នុងការបង្កើតការិយាល័យ ទីប្រឹក្សាសម្រាប់កិច្ចការពាណិជ្ជកម្មប្រចាំស្ថានទូតតួកគីនៅទីក្រុងភ្នំពេញ, ការចូលជាធរមាននៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារការវិនិយោគដោយឈរលើគោលការណ៍បដិការ, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការ យកពន្ធ ជាន់គ្នា ក៏ដូចជា កិច្ចប្រជុំលើកទី៣នៃគណៈកម្មការ ចម្រុះស្តីពីសេដ្ឋកិច្ចដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូតថ្មី ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយនានាដើម្បីឈានទៅរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងបានឯកភាពពន្លឿន ការបញ្ចប់ឯកសារមួយចំនួន ដែលមិនទាន់បានសម្រេច នៅ ឡើយ ហើយដែលត្រូវការជាចាំបាច់ ដើម្បីលើកកម្ពស់កិច្ច សហ ប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាប ជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសកម្ពុជា និងតួកគី នាពេលប៉ុន្មានខែខាង មុខ នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរ គុណដល់រដ្ឋាភិបាលតួកគី សម្រាប់ជំនួយអភិវឌ្ឍន៍ លើវិស័យ មួយចំនួន ដូចជា វិស័យអភិវឌ្ឍន៍ជនបទ, អប់រំ, សុខាភិបាល, និងគម្រោងលំនៅឋានដែលអនុវត្តដោយទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (Turkish Cooperation and Coordination Agency-TIKA) នៅ ស្រុកស្អាង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពី បញ្ហាប្រឈមនានាដែលកម្ពុជាបានជួបប្រទះ ក្នុងអំឡុងពេល ធ្វើជាប្រធានអាស៊ាន ក៏ដូចជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំ រដ្ឋមន្រ្ដី ការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធនាពេលថ្មីៗនេះ ដោយសម្តែងនូវការពេញចិត្ត ចំពោះ លទ្ធផល ដែលសម្រេចបានលើសពីការរំពឹងទុករបស់ គ្រប់ មជ្ឈដ្ឋាន រួមទាំងការចេញផ្សាយសេចក្តីថ្លែងការណ៍រួមផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋ ទូត អំពីភាពស្មុគស្មាញនៃវិបត្តិនៅក្នុងប្រទេស មីយ៉ាន់ម៉ា និង កិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងនាមជា ប្រេសិតពិសេស របស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្ត កិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន (5PC) និងជួយមីយ៉ាន់ម៉ា ឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើង វិញ។
លោកជំទាវឯកអគ្គរដ្ឋទូត Ülkü Kocaefe បានវាយតម្លៃខ្ពស់ ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរ ដល់កម្ពុជា ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបាន គ្រប់គ្រងសម្របសម្រួលនូវរាល់បញ្ហាក្តៅៗ និងការប្រឈម នានាប្រកបដោយជោគជ័យ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្រ្ដី ការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នេះ៕ ដោយ៖សេឌី