កិច្ចប្រជុំគណៈកម្មាធិការ ស្តីពីការជ្រើសរើសផលិតផល ក្នុងខេត្តមណ្ឌលគិរី ដាក់បញ្ចូលជាសមាជិកចលនា ភូមិមួយ ផលិតផលមួយ
មណ្ឌលគិរី៖ គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២២ បានបើកកិច្ច ស្តីពីការជ្រើសរើសមុខផលិតផលដាក់បញ្ចូល ជាសមាជិកចលនាភូមិមួយ ផលិតផលមួយ ដោយមានការចូលរួមពីលោក ស៊ន សារុន អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលាខេត្ត មណ្ឌលគិរី។
លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធាន គណៈ កម្មាធិការខេត្ត ជំរុញចលនាភូមិមួយ ផលិតផលមួយ បានមាន ប្រសាសន៍ថា គោលបំណងរៀបចំកិច្ចប្រជុំនេះឡើង ដើម្បី ផ្សព្វផ្សាយពីដំណើរការចងក្រងសមាជិកចលនាភូមិមួយ ផលិតផលមួយនិងពិនិត្យ សម្រេចជ្រើសរើសមុខផលិតផល ដាក់បញ្ចូលជាសមាជិកភូមិមួយ ផលិតផលមួយ។ លោក បន្តថា ការចងក្រងសមាជិកចលនាភូមិមួយ ផលិតផលមួយមាន សារៈប្រយោជន៍សំខាន់ ដល់ការអនុវត្តគោលនយោបាយជាតិ ជម្រុញចលនា ភូមិមួយផលិតផលមួយ ព្រោះវានឹង ផ្តល់ លទ្ធភាព អាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានា ដើម្បីរៀបចំផែនការ និងដាក់ចេញសកម្មភាព អន្តរាគមន៍មានប្រសិទ្ធិភាព។
លោក អភិបាលរងខេត្ត ក៏ជំរុញដល់អ្នកពាក់ព័ន្ធក្នុងការអនុវត្ត ធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាម មូលដ្ឋានឱ្យ បានយល់ច្បាស់ថែមទៀតអំពីសារសំខាន់ និង ផលប្រយោជន៍សំខាន់ៗក្នុងការចូលរួមក្នុងការងារជំរុញចលនាភូមិមួយ ផលិតផលមួយ។
លោក សាយ ម៉េងគីម បន្ថែមថា ដោយយោងទៅតាមស្ថានភាព ភូមិសាស្ត្រជាក់ស្តែងរបស់ខេត្តមណ្ឌលគិរី គឺជាខេត្តមួយ ដែល មាន សក្តានុពលខ្លាំងលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រោះជាខេត្តដែលមានផ្ទៃដីធំទូលាយ ដីមានជីជាតិ ងាយស្រួល ក្នុងការដាំដុះដំណាំគ្រប់ប្រភេទ ជាពិសេសប្រភេទដំណាំកម្រ ដែលតំបន់ផ្សេងទៀតមិនអាចដាំបានដូចជា ដំណាំកាហ្វេ ក្រូចវល្លិ៍(ផាសិន) ដំណាំអាវ៉ូកាដូ(ប៊័រ) និងដំណាំហូប ផ្លែ ផ្សេងៗ ជាច្រើនទៀត។ ដំណាំទាំងអស់នេះត្រូវបាន ចាត់ទុកជា ដំណាំអាទិភាពរបស់ខេត្តក្នុងការចូលរួមជំរុញចលនាភូមិមួយ ផលិតផលមួយរបស់ ខេត្តមណ្ឌលគិរី។
លោកអភិបាលរងខេត្តបន្តថា ថ្វីត្បិតតែខេត្តមណ្ឌលគិរី ជាខេត្ត មាន ផ្ទៃដីធំទូលាយ ដែលមានសក្តានុពលខ្លាំងលើវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្មក័ដោយ ក៏នៅមានជួបប្រទះនូវ បញ្ហាលំបាកមួយចំនួនដែលទាមទារឱ្យមានការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ដូចជាបញ្ហាប្រជាពលរដ្ឋមាន ចំនួនតិច ខ្វះដើមទុក ខ្វះចំណេះដឹងបច្ចេកទេសកសិកម្ម និង ខ្វះទីផ្សារសម្រាប់លក់ផលិតផលជាដើម៕
ដោយ៖ពលៈ