ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពនៃការដោះស្រាយផលប៉ះពាល់ ចំពោះអ្នកកាន់កាប់ដី ធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
សៀមរាប៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការដោះស្រាយផលប៉ះពាល់ ចំពោះអ្នកកាន់កាប់ដី ធ្លី និងសំណង់ខុសច្បាប់ ក្នុងតំបន់ រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការ គ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរានៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានកោត សរសើរនិងថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់រួមទាំងអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលដែនដីដែលបានខិតខំបំពេញភារកិច្ចតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលសំដៅឆ្លើយតបឱ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រនិងសកម្មភាពជាក់ស្ដែងក្នុងការការពារតំបន់អង្គរជាមួយនឹងការប្ដេជ្ញាចិត្តរក្សាឲ្យបាននូវតម្លៃដ៏លេចធ្លោជាសកលរបស់អង្គរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញ ភារកិច្ច ក្នុងការចលនាប្រជាពលរដ្ឋ ឲ្យសហការចូលរួមជាមួយ នឹងក្រុមការងារតម្រង់ទិស ដើម្បីទទួលយកនូវសំណើរ ឬលក្ខខណ្ឌ ដំណោះស្រាយនានា ដែលក្រុមការងារបានផ្តល់ ជូន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ថ្វីត្បិតតែប្រជាពលរដ្ឋ មានមនោសញ្ចេតនាស្រឡាញ់ នឹករលឹកដល់ទីកន្លែងដែល ខ្លួនធ្លាប់រស់នៅយ៉ាងណាក្តី ប៉ុន្តែនេះជាលក្ខខណ្ឌតម្រូវ។ ជាគោលដៅយើងត្រូវឲ្យពួកគាត់ផ្លាស់ទីលំនៅថ្មី នៅភូមិ ធម្មជាតិរុនតាឯក ហើយទីបំផុតពួកគាត់ក៏បានទទួលយក នូវ សំណូមពររបស់ក្រុមការងារ ដោយក្នុងនោះនៅសេសសល់ តែកន្លែងលក់ដូរប៉ុណ្ណោះដែលក្រុមការងារតម្រង់ទិសកំពុងតែចលនាឱ្យពួកគាត់យល់ព្រមទទួលយកតាមគោលការណ៍របស់ក្រុមការងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្ថែមថា ការជួបជុំ គ្នានាពេលនេះគឺដើម្បីប្រជុំពិភាក្សាស្វែងរកយុទ្ធសាស្រ្តនិងដំណោះស្រាយបន្តទៀតលើផលប៉ះពាល់ចំពោះអ្នកកាន់កាប់ដីធ្លីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដើម្បីឲ្យកិច្ចការនេះបានបញ្ចប់ទៅដោយរលូនមានប្រសិទ្ធភាពនិងមានការយោគយល់ព្រមព្រៀងទទួលយកពីប្រជាពលរដ្ឋដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ។
សូមបញ្ជាក់ថាតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោកនេះមានផ្ទៃដី៤០១ គីឡូម៉ែត្រក្រឡាដែល ជាផ្ទៃដីត្រូវរក្សាការពារដាច់ខាតដោយចែកចេញជាបីតំបន់ធំៗ។យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៧០ ស.ស.រ ចុះថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ២០០៤ ស្ដីពីការកំណត់ បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់1និងតំបន់២នៅក្នុងរមណីយដ្ឋានអង្គរបានកំណត់ថាដីធ្លីក្នុងតំបន់១និងតំបន់២ ជាទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋដែលអាជ្ញាធរជាតិអប្សរាមានកាតព្វកិច្ចត្រូវគ្រប់គ្រងថែរក្សានិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរីឯប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅជាយូរលង់មកហើយនៅក្នុងតំបន់១និងតំបន់២នេះ អាចបន្តរស់នៅតទៅទៀតបាន ដោយ មិនមានការបណ្ដេញឲ្យចាកចេញពីមូលដ្ឋានឡើយ។ប៉ុន្តែក្នុងករណីនេះក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់មិនមានការចេញបណ្ណកម្មសិទ្ធិដោយឡែកសម្រាប់អ្នករស់នៅក្នុងតំបន់១និងតំបន់២នោះទេ ហើយក៏មិនអនុញ្ញាតឱ្យមាន ការទាញយកផលប្រយោជន៍តាមរយៈការផ្លាស់ប្ដូរកម្មសិទ្ធិកាន់កាប់ដីធ្លីនិងអាស្រ័យផលទៅជនដទៃទៀតដែលមិនបានទទួលសិទ្ធិក្នុងការរស់នៅតំបន់នេះដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ