អាជ្ញាធរខេត្តកណ្ដាលផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រ្កាប អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ

កណ្តាល៖ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងវេទិកា ផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើ អាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលបានរៀបចំ ឡើងកាលពី ព្រឹក ថ្ងៃទី១ខែកញ្ញាឆ្នាំ២០២២ក្នុងបរិវេណសាលាបឋមសិក្សាដើមអង្កោល ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ពិធីនេះ មានការចូល រួមពីអាជ្ញាធរក្រុង មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោកស្រី ហ៊ុន កុសនី បានថ្លែងថា វេទិកាផ្សព្វផ្សាយច្បាប់ ទាក់ទង នឹងការបង្រ្កាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្ម ផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង កិច្ចការពារជនរងគ្រោះ គឺមានសារៈសំខាន់ណាស់ សម្រាប់ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានយល់ជ្រួតជ្រាប អំពីទោសទណ្ឌ សិទ្ធ និងចូលរួមសហការបង្ក្រាប អំពើជួញ ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ ដើម្បីការពារ លើកកម្ពស់ទំនៀមទំលាប់ ប្រពៃណីដ៏ ល្អរបស់ជាតិ។

លោកស្រី អភិបាលរងខេត្ត លើកទឹកចិត្តដល់ អ្នកចូលរួម ទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ ដើម្បីទុកជាមេរៀន បទពិសោធន៍ សម្រាប់អប់រំ កូនចៅ កុំឱ្យធ្លាក់ក្នុងការលួងលោម បោកបញ្ឆោត ជឿតាមការសន្យារបស់ជនខិលខូចមួយចំនួន ដែលជាមូលហេតុធ្វើឱ្យងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

ក្នុងវេទិកានេះ លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការ រងនគរបាលខេត្តកណ្ដាល បានផ្សព្វផ្សាយច្បាប់ ជូនដល់អ្នក ចូលរួមទាំងអស់ ដោយបញ្ជាក់ជូននូវមាត្រាសំខាន់ៗ ដែល ពាក់ព័ន្ធ ទៅនឹងការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌ ដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំ ឱ្យមានកើតបទល្មើសដោយចេតនាផងដែរ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner