មើលដូចម្ដេចទើបដឹងថា ជាសត្វត្មាតណាជាប្រភេទណា?

ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជាមានសត្វត្មាតបីប្រភេទ គឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតជាប្រភេទ សត្វស្លាបកម្រ និងជិតផុតពូជបំផុតក្នុងប្រទេសកម្ពុជា។

សត្វត្មាតទាំងបីប្រភេទនេះកំពុងរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងការបំពុលជាដើម។

អ្នកជំនាញបានពន្យល់ថា សត្វត្មាត ជាប្រភេទសត្វស្លាប ដែល មានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី។

ឥឡូវសាកល្បងមកស្វែងយល់អំពីប្រភេទសត្វត្មាតទាំងបីប្រភេទ។

ត្មាតត្នោត (slender-billed vulture) មានកម្ពស់ពី ៨១ ទៅ ១០៣សង់ទីម៉ែត្រ។ ដងខ្លួនរបស់វាមានពណ៌ខ្សាច់។ រីឯក្បាល និងកវែងមានពណ៌ខ្មៅ និងចុងខ្នងពណ៌ស។នៅ ពេលហើរ ស្លាបមានពណ៌ខ្មៅ។ គេច្រើនប្រទះឃើញត្មាតត្នោតនៅតំបន់ព្រៃល្បោះភាគឧត្តរនៃប្រទេសកម្ពុជា។ជាពិសេសមាននៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។ ពួកវារស់នៅ និងស៊ីសាក សពសត្វជាអាហារ។ ពូកវាមានវត្តមានពេញមួយឆ្នាំ ហើយរដូវ បន្តពូជរបស់ត្មាតត្នោត គឺចាប់ពីខែតុលា ដល់ខែឧសភា ក្នុងមួយ រដូវមានពងកូនចំនួនមួយ ។

ត្មាតភ្លើង (red-headed vulture) មានកម្ពស់ពី ៧៦ ទៅ ៨៦ សង់ទីម៉ែត្រ។ វាមានដងខ្លួនពណ៌ខ្មៅ។ ឯក្បាល និង ជើងពណ៌ក្រហម ។ភ្លៅរបស់វាមានរោមពណ៌ស និងមានឆ្នូតស តាម បណ្ដោយកណ្ដាលស្លាបផ្នែកខាងក្រោម។ ចំណែកសត្វត្មាតភ្លើងញីមានភ្នែកពណ៌ខ្មៅ និងឈ្មោលមាន ភ្នែក ពណ៌លឿង។ ទីជម្រករបស់វាគឺតំបន់ព្រៃល្បោះដែលមានអូរ នៅខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី នៃប្រទេស កម្ពុជា ។ គេឃើញមានវត្តមានរបស់ត្មាតភ្លើងពេញមួយឆ្នាំ ហើយរដូវ បន្តពូជរបស់ត្មាតភ្លើងគឺចាប់ពីខែតុលា ដល់ខែឧសភា ក្នុងមួយ រដូវមានពងកូនចំនួនមួយ ។

ត្មាតផេះ (white-rumped vulture) មានកម្ពស់ពី ៧៥ ទៅ ៨៥ សង់ទីម៉ែត្រ។ ត្មាតផេះពេញវ័យមាន ស្លាបពណ៌ស ក្បាល និងក ពណ៌ប្រផេះ ហើយដងខ្លួនមានពណ៌ខ្មៅ។ ត្មាតផេះ មាន ទីជម្រកនៅតំបន់ព្រៃលម្ហ និងតាមជ្រលងភ្នំ ភាគច្រើនមាន នៅខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរី នៃ ប្រទេសកម្ពុជា។ ពួកវារស់នៅ និងស៊ីសាកសពសត្វ ជា អាហារ។ គេឃើញមានវត្តមានរបស់ត្មាតភ្លើងពេញមួយឆ្នាំ ហើយរដូវ បន្តពូជ របស់ត្មាតភ្លើង គឺចាប់ពីខែតុលា ដល់ខែឧសភា ក្នុងមួយ រដូវមានពងកូនចំនួនមួយ។

កន្លងទៅក៏ដូចជាបច្ចុប្បន្នក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់សូមរួមគ្នាការពារសត្វត្មាត។ មិនបរិភោគ សាច់សត្វព្រៃ ។បញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ និងបញ្ឈប់ការ ប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។ចូលរួមបែបនេះដើម្បីភាពគង់វង់ នៃធនធានធម្មជាតិរបស់ប្រទេសកម្ពុជា៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner