មន្ត្រីក្រសួងព័ត៌មានពន្យល់មូលហេតុសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមិនទាន់ បានបញ្ចប់ (Video Inside)
មន្ត្រីក្រសួងព័ត៌មានបានពន្យល់នូវមូលហេតុអ្វីដែលសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មាន មិនទាន់បានបញ្ចប់។ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលមុននេះ រំពឹងថានឹងត្រូវទទួលបានការអនុម័តដោយស្ថាប័ននីតិបញ្ញត្តិនាចុងឆ្នាំ២០២១កន្លងមកនេះ នៅមិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយទេ។
មន្ត្រីនាំពាក្យក្រសួងព័ត៌មានលោកអនុរដ្ឋមន្ត្រី មាស សុភ័ណ្ឌ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១ កញ្ញា ឆ្នាំ២០២២ បានពន្យល់ជុំវិញមូល ហេតុដែលសេចក្តីព្រាងច្បាប់នេះ នៅមិនទាន់បានបញ្ចប់។
មន្ត្រីក្រសួងព័ត៌មានដដែលមិនបានបញ្ជាក់ថាតើគេនឹងប្រើរយៈពេលប៉ុន្មានថែមទៀត ដើម្បីឱ្យសេចក្តីព្រាងច្បាប់នោះក្លាយជាច្បាប់ប្រកាសប្រើប្រាស់ពេញលេញនោះឡើយ។ យោងតាមក្រសួងព័ត៌មានរហូតមកទល់ពេលនេះ កម្ពុជាមានអង្គភាពសារព័ត៌មានចំនួន២ពាន់ ១៥៤ អង្គភាព ប្រៀបធៀបនឹងឆ្នាំ២០១៨ ចំនួននេះ មានការកើនឡើង៥៨៨អង្គភាព ក្នុងនោះភាពកើនឡើងច្រើន គឺអង្គភាពតាមប្រព័ន្ធផ្សាយអនឡាញ។
នៅជាមួយគ្នានឹងការកើនឡើងនោះផងដែរ ការផ្សាយព័ត៌មានក្លែងក្លាយ Fake News ត្រូវគេឃើញមានព្រោងព្រាតផងទៀត។ មន្ត្រីក្រសួងព័ត៌មានបានថ្លែងថាក្នុងរយៈពេល៣ខែដើមឆ្នាំនេះ ក្រសួងបានរកឃើញព័ត៌មាន ក្លែងក្លាយចំនួន៤ពាន់៦៥៧មាតិការឿង។