សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួម អបអរខួប​លើក​ទី៧៧ នៃទិវាបុណ្យជាតិ​វៀតណាម និង ខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី៧៧ទិវាឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២២) ថ្នាក់ដឹកនាំ នៃស្ថានទូតអាមេរិក ឥណ្ឌា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណៈរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ សាធារណៈរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រ៊ុយណេដារូសាឡឹម សាធារណៈរដ្ឋឥណ្ឌូនេស៊ី និងសាធារណៈរដ្ឋសឹង្ហបុរី បានចូលរួម និងផ្ញើសារលិខិតអបអរសាទរជូនថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម។

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលជាចំណុចរបត់ ប្រវត្តិសាស្ត្ររបស់ ប្រទេស វៀតណាម ឆ្ពោះទៅរកជ័យជម្នះនៃសង្គ្រាមវៀតណាមខាងត្បូង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ ថ្ងៃនោះ គឺជាថ្ងៃនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ហើយត្រូវបានគេចាត់ទុកថាជាទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បច្ចុប្បន្ន។

កាលនោះ មេដឹកនាំ ឬសមមិត្តហូជីមិញ បានអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh ដោយប្រកាសជាផ្លូវការនូវឯករាជ្យជាតិ និងអធិបតេយ្យភាពរបស់វៀតណាម ពីអាណានិគមនិយមជប៉ុន និងបារាំង។ ជាមួយនឹងការប្រារព្ធព្រឹត្តិការណ៍នេះ ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានលើកឡើងពីទំនាក់ទំនងរវាង កម្ពុជា និងវៀតណាម ហើយជាប្រទេសភូមិផងរបងជាមួយ ដែលមានចំណង សាមគ្គីភាព មិត្តភាព ផ្សារភ្ជាប់នឹងគ្នាតាំងពីយូរយារណាស់មកហើយ ដោយបាន រួមសុខរួមទុក្ខគ្នាលើដំណើរដ៏វែងឆ្ងាយកន្លងទៅ ហើយនឹងបន្តប្រកៀកស្មាគ្នាជាបន្តលើ ដំណើរឈានទៅមុខទៀត។ ដំណើរអស់រយៈពេល៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរកន្លងទៅនិយាយដោយឡែក និងចំណងសាមគ្គីភាព មិត្តភាពជា ប្រពៃណីនិយាយរួម ត្រូវបានលត់ដំតាមរយៈការឆ្លងកាត់បញ្ហាប្រឈមជាច្រើន ហើយ ត្រូវបានកសាងឡើងដោយបញ្ញា សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំ វីរបុរស វីរនារី អតីតយុទ្ធជនពលី និងយុទ្ធជនពិការ និងកុលបុត្រកុលធីតាដ៏ឆ្នើមជាច្រើនជំនាន់ នៃប្រទេសទាំងពីរ។

ឯកត្តម បន្តថា ទំនាក់ទំនងលើវិស័យអប់រំ បណ្តុះបណ្តាល សុខាភិបាល វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស ជំនួបប្រាស្រ័យរវាងអង្គការមហាជន និងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត អាជ្ញាធរមូលដ្ឋានជាប់ព្រំដែននឹងគ្នា ក៏ត្រូវបានពង្រីកឲ្យកាន់តែទូលំទូលាយ ដែលជា“ស្ពានចម្លង”សម្រាប់រួមចំណែកដល់ការលើកកម្ពស់ នូវការយល់ដឹងរបស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសជំនាន់យុវវ័យស្ដីពីប្រពៃណីនៃសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកររវាងប្រទេសទាំងពីរ។ ឆ្លងតាមរយៈការងារទាំងអស់នេះ បានរួមកម្លាំងពូន និងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏រួមសហការគ្នាយ៉ាងជិតស្និទ្ធជា ប្រចាំក្នុងសកម្មភាពការទូតរួម ជាពិសេសកិច្ចសហការគ្នាក្នុងក្របខ័ណ្ឌអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការនៃកិច្ចសហប្រតិបត្តិការតំបន់ទន្លេមេគង្គផងដែរ។ មិនតែប៉ុណ្ណោះ សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យទាំងឡាយរបស់វៀតណាម និងកម្ពុជានាពេល បច្ចុប្បន្ននេះ ក្រៅពីឆន្ទៈមោះមុត ខ្លួនទីពឹងខ្លួន និងប្រឹងក្រោកឈរឡើងនៃប្រជាជាតិ នៅមានទាំងកត្តាដ៏សំខាន់ផងដែរនោះ គឺការចងសម្ព័ន្ធភាពនៃចំណង សាមគ្គីភាព មិត្តភាព និងការយល់ជ្រាបយ៉ាងត្រឹមត្រូវអំពីជោគវាសនារបស់ប្រទេស ទាំងពីរពីអតីតកាល នាពេលបច្ចុប្បន្ន ហើយទៅអនាគតទៀតផង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍សម្តែងការអបអរសាទរ នៃការប្រារព្ធខួបលើកទី៧៧ ទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ជាច្រើនសន្ធឹកសន្ធាប់ ដែលប្រទេសវៀតណាម សម្រេចបានរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ចាប់តាំងពីបានទទួលឯករាជ្យពីអាណានិគមនិយម រហូតបានអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនគួរជាទីមោទន ជាពិសេស ការធានា បានសូនសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋរបស់ខ្លួន។

សម្តេចពញាចក្រី ហេង សំរិន បន្តថា ក្នុងខណៈដែលពិភពលោកទាំងមូលកំពុងប្រឈម នឹងវិបត្តិ ជាច្រើន រួមមាន៖ វិបត្តិសុខាភិបាល វិបត្តិនយោបាយ ព្រមទាំង វិបត្តិសេដ្ឋកិច្ចនិងមនុស្សធម៌ជាដើមដែលបង្កឡើងដោយជំងឺរាត ត្បាតសកលកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះនានានៅក្នុងផ្នែកមួយចំនួននៃពិភពលោក និងការប ប្រួលអាកាសធាតុ ជាដើម បានធ្វើឱ្យពិភពលោកបច្ចុប្បន្នកាន់ តែមានភាពមិនប្រាកដប្រជាគ្រោះថ្នាក់ និងស្មុគ្រស្មាញខ្លាំង ឡើង ក៏ប៉ុន្តែប្រទេសយើងទាំងពីរនៅតែរក្សាបានកិច្ចនូវទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងបានជួយគ្ន ទៅវិញមក… ក្នុងការគ្នាដោះស្រាយនូវវិបត្តិនានាប្រកបដោយ ជោគជ័យ ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្ត ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និង និរន្តភាពយូរអង្វែង”។ សម្តេចពញាចក្រី សង្ឃឹមថា ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងសហប្រតិបត្តិការដ័ល្អរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីក កាន់តែមានភាពរឹងមាំ និងស្អិត រមួតថែមទៀតលើគ្របវិស័យ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ដែលនឹងរូមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតក្នុងតំបន់ និងសកលលោក។

សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់បក្ស រដ្ឋ រដ្ឋាភីបាល រដ្ឋសភា និងប្រជាជនវៀតណាម ជាពិសេស សម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ខាងមុខ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner