ស្ត្រីម្នាក់និង កូនអាយុ៣ខែរងរបួសធ្ងន់ ចំណែកប្តីរបួសស្រាល ខណៈដែលរថយន្តដឹកស៊ីម៉ង់ត៍ Camel បុកម៉ូតូពីក្រោយ
ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ង់ត៍ Camel មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានមកបុកម៉ូតូស្កុបពី ដែលកំពុងជិះដោយបុរសម្នាក់ ឌុបប្រពន្ធនិងកូនស្រីអាយុទើបតែ៣ខែ បណ្តាលឲ្យដួលបោកទៅលើផ្លូវ ធ្វើឲ្យស្ត្រីជាម្តាយ និងកូនស្រីអាយុ៣ខែ រងរបួសធ្ងន់ ចំណែកប្តីរបួសស្រាល ។ ចំណែករថយន្តវិញ ព្យាយាមបើករត់ ទៅបុកនិងដើមឈើបន្ថែមទៀត ទើបអស់ល្បឿនទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង ០៨និង ១០នាទីព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៩ ចំណុចមុខច្រកចូលរោងចក្រស្រាបៀរកម្ពុជា លើផ្លូវ២១៧ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្ដីឈ្មោះ វី ឆវ័ន្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត និងប្រពន្ធឈ្មោះ គឹម ពេជ្រដាលី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ចំណែកកូនស្រី ទើបតែអាយុ៣ខែ ឈ្មោះ វី គីមមួយ ស្នាក់នៅ ភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក ម៉ាក ហ៊ីណូ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 5A-2821 របស់ក្រុមហ៊ុន Camel បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូម៉ាក ស្កុបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-5411 បណ្តាលឲ្យដួបោកទៅលើផ្លូវ បណ្តាលឲ្យ២នាក់ម្តាយនិងកូនស្រីអាយុ៣ខែ របួសធ្ងន់ ចំណែក ប្តីរងរបួសស្រាល ។ ភ្លាមៗនោះរថយន្តបង្ក មិនទាន់អស់ល្បឿនបានបើករត់គេច មកអែបខាងផ្លូវ ដោយជ្រុលទៅបុកនឹងដើមម្ខុប មួយដើមបន្ថែមទៀត ទើបអស់ល្បឿនទៅមុខលែងរួច ។ រីឯអ្នកបើកបរ រថយន្តបង្ក ចុះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង បញ្ជូនជនរងគ្រោះទាំង២នាក់ម្តាយកូន ដែលរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕