ស្នងការនគរបាលខេត្តតាកែវ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីសម្រួលការងារចរារចរណ៍ នៅតាមគោលដៅផ្លូវជាតិសំខាន់ៗ និងធានាពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរមកលេងស្រុកកំណើត និងទៅទីវត្តអារាម នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

អត្ថបទដោយ៖
Kien Sereyvuth

តាកែវ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានត្រៀមកម្លាំងនគរបាលជាច្រើននាក់ សម្រាប់ត្រៀមរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវជាតិ និងនៅគោលដៅ ឬចំណុចដែលមានសភាពកកស្ទះ ដើម្បីសម្រួលចរាចរណ៍លើការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។

មិនតែប៉ុណ្ណោះ លោកស្នងការក៏បានឲ្យកម្លាំងអធិការក្រុង-ស្រុកទាំង១០ ចុះល្បាត និងដាក់កម្លាំងនៅតាមទីវត្តអារាមណាដែលមានភាពអ៊ូរអរច្រើន ពីព្រោះក្រុមឆ្លៀតឱកាស រង់ចាំមើលតែឱកាសតែប៉ុណ្ណោះ ដូច្នេះក្នុងនាមយើងជានគរបាលជាតិ ដែលឈរជើងនៅជាប់នឹងមូលដ្ឋានផ្ទាល់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការងារ និងតួនាទីជានគរបាលរបស់ខ្លួន។

ការជំរុញបែបនេះ បានធ្វើឡើងក្នុងពេលដែលលោកស្នងការខេត្ត ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ និងពង្រឹងលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានសង្កត់ធ្ងន់ទៅលើសភាពការណ៍នៅខាងក្រៅរបស់ក្រុមជនអមិត្ត ដែលមានគោលបំណងចង់កៀរគរប្រជាពលរដ្ឋ ក្នុងស្រុកធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ម្ល៉ោះហើយនគរបាលគ្រប់ផែនទាំងអស់ ត្រូវតែក្តាប់សភាពការណ៍នេះឲ្យបាន ត្រៀមបង្ការ និងបង្ក្រាបរាល់ជនអមិត្តណា ដែលមានចេតនាធ្វើឲ្យអសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ព្រោះវាជាកត្តាព្វកិច្ចរបស់នគរបាលជាតិ ដែលមានតួនាទីលើការការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។

លោកស្នងការបន្តថា អធិការគ្រប់ស្រុកក្រុងទាំង១០ នៅក្នុងខេត្តតាកែវ ត្រូវតែនាំនូវសេចក្តីផ្សព្វផ្សាយនេះទៅដល់កងកម្លាំងនគរបាលគ្រប់រូប ដែលជាប់នឹងមូលដ្ឋានផ្ទាល់ ឲ្យបានយល់ច្បាស់ពីសភាពការណ៍នាពេលបច្ចុប្បន្ននេះ ដើម្បីត្រៀមការបង្ក្រាបនៅរាល់សកម្មភាពកៀរគរគ្នារបស់ក្រុមជនអមិត្ត។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមធ្វើការបើកបរដោយប្រកាន់ខ្ជាប់លើការគោរពច្បាប់ចរាចរណ៍ ចេះយោគយល់គ្នា ។ បើសិនជាស្រវឹងសូមកុំបើកបរ ដើម្បីគិតពីកត្តាសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner