របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិក៖ រុស្ស៊ីកំពុងដំណើរការ បញ្ជាទិញកាំភ្លើងធំនិងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង

អាមេរិក៖ របាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានរកឃើញថាប្រទេសរុស្ស៊ីកំពុងដំណើរការបញ្ជាទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតជាច្រើនលានគ្រាប់ពីប្រទេសកូរ៉េខាងជើង។ នេះបើតាមចុះផ្សាយរបស់កាសែតអាមេរិក The New York Time ដោយយោងតាមប្រភពជាមន្ត្រីអាមេរិកមិនបញ្ចេញអត្តសញ្ញាណដែលបាន ទម្លាយឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នេះ។

យ៉ាងណាក៏ដោយ របាយការណ៍នេះមិនបានផ្តល់ព័ត៌មាន លម្អិត ច្បាស់លាស់ពីទំហំអាវុធ កាលបរិច្ឆេទ ឬ ដំណើរការដឹកជញ្ជូន គ្រឿងសព្វាវុធពីកូរ៉េខាងជើងទៅកាន់រុស្ស៊ី ថាធ្វើឡើងតាមណា នោះទេ។

ប្រភពមន្ត្រីអាមេរិកដែលបានទម្លាយនូវឯកសារសម្ងាត់អាមេរិកនោះ បានលើកឡើងថា មូលហេតុដែលរុស្ស៊ីងាកទៅរកទិញ សព្វាវុធ ពីកូរ៉េខាងជើង គឺមកពីរុស្ស៊ីកំពុងបន្តជួបភាពខ្វះខាត អាវុធជាខ្លាំង ក្នុងប្រតិបត្តិការវាយប្រហារឈ្លានពានប្រទេស អ៊ុយក្រែន។

ចាប់តាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែន ពីខែកុម្ភៈ ឆ្នាំ២០២២មក ក្រុមលោកខាងលិច ដែលមានអាមេរិក បារាំង និងហូឡង់ ជាដើម បាននាំគ្នាបញ្ជូនអាវុធនិងសម្ភារៈបរិក្ខារយោធា ជាច្រើន ទៅជួយអ៊ុយក្រែន។ ចំណែករុស្ស៊ីវិញ ត្រូវរងការថ្កោល ទោស ដាក់ ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពិសេសផ្នែកសេដ្ឋកិច្ចតែម្ដង។

ដើម្បីសម្រួលដល់ស្ថានការណ៍ដ៏តឹងតែងរុស្ស៊ីបានងាកទៅពង្រឹងទំនាក់ទំនងស៊ីជម្រៅជាមួយអ៊ីរ៉ង់និងកូរ៉េខាងជើង។ កាលពីពេលថ្មីៗនេះ អាមេរិកធ្លាប់បានទម្លាក់កំហុសលើអ៊ីរ៉ង់ ថាបានលូកដៃចូលកកូរកកាយក្នុង សង្គ្រាមរុស្ស៊ីឈ្លានពាន អ៊ុយក្រែន ដែលធ្វើឲ្យសង្គ្រាមនេះបន្តអូសបន្លាយ មិនអាចបញ្ចប់ បាន តាមរយៈការលក់យន្តហោះចម្បាំងគ្មានមនុស្សបើក ដល់ រុស្ស៊ីដើម្បីបម្រើសកម្មភាពយោធាទៅលើអ៊ុយក្រែន៕ ដោយ៖ បណ្តូល ពេជ្រ

ads banner