តើលោក ប្រាយុទ្ធ នឹងនៅតែអាចកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ឬយ៉ាងណា?
ថៃ៖ក្រោយឡើងកាន់អំណាចអស់រយៈពេលប្រាំបីឆ្នាំ តុលាការធម្មនុញ្ញរបស់ថៃ កាលពីចុងខែមុន បានសម្រេចព្យួរជាបណ្ដោះអាសន្ន នូវមុខតំណែងជានាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលឡើងកាន់អំណាចក្រោយរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ក្នុងខែសីហា ឆ្នាំ ២០១៤។
ឥឡូវនេះ លោក ប្រាយុទ្ធ នៅតែបន្តមុខងារជារដ្ឋមន្រ្តីក្រសួងការពារជាតិ ប៉ុន្តែរឿងក្ដីចម្រូងចម្រាស់ជុំវិញការកាន់អំណាចផ្លូវការ និងមិនផ្លូវការរបស់លោក បានធ្វើឱ្យមានការជជែកដេញដោលគ្នាកាន់តែខ្លាំងឡើងអំពីវិបត្តិនយោបាយរបស់ថៃ ចំពោះលទ្ធភាពដែលថា លោកអាចនឹងបន្តតំណែងជានាយករដ្ឋមន្រ្តីរហូតដល់ឆ្នាំ ២០២៥ ឬយ៉ាងណា?។
ការដេញដោលគ្នាភាពតឹងតែងខ្លាំងឡើង បន្ទាប់ពីមានឯកសារមួយចេញមកពីលោក មេឆៃ រូឈូប៉ាន (Meechai Ruchupan) អតីតប្រធានគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ (CDC) បង្ហាញថា អាណត្តិនាយករដ្ឋមន្ត្រីរយៈពេល៨ឆ្នាំរបស់លោក ប្រាយុទ្ធ ចាប់ផ្ដើមក្នុងឆ្នាំ ២០១៧។ នេះបានតាមការចុះផ្សាយរបស់កាសែតបាកកកបុស្តិ៍ កាលពីថ្ងៃអង្គារ ទី ៦ ខែកញ្ញាឆ្នាំ២០២២។
កាសែតបាកកកបុស្តិ៍ផ្សាយថា យោងទៅតាមសេចក្ដីថ្លែងការណ៍ដែលបង្ហោះលើបណ្ដាញសង្គមនោះ អាណត្តិរបស់លោក ប្រាយុធ បានចាប់ផ្ដើមនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ នៅថ្ងៃដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ចូលជាធរមាន។ ក្នុងន័យនេះ តំណែងជានាយករដ្ឋមន្រ្តីថៃរបស់លោក ចាប់តាំងពីឆ្នាំ ២០១៤ មកនោះ មិនរាប់បញ្ចូលទេ។ អំណះអំណាងនេះ ក៏ស្របគ្នាទៅនឹងបណ្ដឹងជំទាស់ការសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញថៃ ពីក្រុមអ្នកច្បាប់របស់លោក ប្រាយុធ ផងដែរ។
គួរបញ្ចាក់ថា លោក មេឆៃ គឺជាមនុស្សម្នាក់ក្នុងចំណោមបីនាក់ ដែលតុលាការរដ្ឋធម្មនុញ្ញថៃ ត្រូវការការពន្យល់ ដើម្បីធ្វើសេចក្ដីសម្រេចចិត្តណាមួយ ទាក់ទងនឹងការអាណត្តិប្រាំបីឆ្នាំរបស់លោក ប្រាយុទ្ធ។ ពីរ នាក់ផ្សេងទៀត រួមមានលោក ប្រាយុទ្ធ ផ្ទាល់ និងលោក ប៉ាកន នីលផ្រាភុន (Pakorn Nilprapunt) ដែលជាអតីតលេខាធិការនៃគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ។ ជុំវិញករណីនេះ តុលាការរដ្ឋធម្មនុញ្ញរំពឹងថានឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យមើលគ្រប់ភស្តុតាងផ្លូវច្បាប់ពីគ្រប់ភាគី រួមទាំងបណ្ដឹងជំទាស់ពីក្រុមអ្នកច្បាប់របស់លោក ប្រាយុទ្ធ។
ក្រុមអ្នកច្បាប់របស់លោក ប្រាយុទ្ធ ដែលទាមទារឱ្យមេបញ្ជាការកងទ័ពរូបនេះ បានផ្ដល់អំណះអំណាងថា អាណត្តិផ្លូវការរបស់លោកអាចច្បាប់ផ្ដើមពីឆ្នាំ ២០១៧ នៅពេលរដ្ឋធម្មនុញ្ញថ្មី ដែលឆ្លងកាត់ការធ្វើប្រជាមតិ បានចូលជាធរមាន និងបន្ទាប់មកគឺនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៩ នៅពេលលោកឡើងកាន់តំណែង ក្រោយឈ្នះការបោះឆ្នោតសភាស្របតាមរដ្ឋធម្មនុញ្ញថ្មី។
ផ្ទុយពីការលើកឡើងនេះ ក្រុមអ្នកប្រឆាំងគាំទ្រប្រជាធិបតេយ្យបានប្រកែកថា អាណត្តិប្រាំបីឆ្នាំរបស់លោក ប្រាយុទ្ធ ត្រូវបានបញ្ចប់រួចរាល់ហើយ ព្រោះលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៤ ដែលផ្អែកលើការប្រកាសនៅក្នុងព្រះរាជសារ ដែលចូលជាធរមាននៅថ្ងៃនោះ។
ជុំវិញការប្រកែកនេះ លោក យុទថាភាន់ អ៊ីសារ៉ាឆៃ (Yuthaporn Issarachai) អ្នកជំនាញនយោបាយមកពីសាកលវិទ្យាល័យ Sukhothai Thammathirat Open លើកឡើងថា មិនថាយ៉ាងណាក៏ដោយ លោក ប្រាយុធ ប្រហែលជានឹងរួចផុតពីបញ្ហាប្រឈមតាមច្បាប់ ជុំវិញអាណត្តិផ្លូវការរបស់លោក តែបើតុលាការបញ្ចប់អំណាចរបស់លោក លោកនៅតែអាចធ្វើជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្ន។
អ្នកជំនាញដដែលពន្យល់ប្រាប់សារព័ត៌មានថៃអនឡាញ Thai PBS World ដែលចុះផ្សាយសម្ដីរបស់លោកនៅថ្ងៃអង្គារថា ការកំណត់អាណត្តិរយៈពេលប្រាំបីឆ្នាំរបស់នាយករដ្ឋមន្ត្រី តាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលកំណត់មិនឱ្យនាយករដ្ឋមន្រ្តីកាន់អំណាចលើសពីប្រាំបីឆ្នាំ មិនបានរាប់បញ្ចូលរយៈពេល ដែលនាយករដ្ឋមន្រ្តីបំពេញភារកិច្ចក្រោយអស់តំណែងនោះទេ។ ដូច្នេះ ប្រសិនបើតុលាការសម្រេចថាអាណត្តិ៨ឆ្នាំរបស់លោក ប្រាយុទ្ធ ត្រូវផុតកំណត់កាលពីថ្ងៃទី ២៤ ខែសីហាកន្លងទៅនោះ លោកនឹងត្រូវបាត់បង់តំណែងជានាយករដ្ឋមន្ត្រីភ្លាមៗ ហើយសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់របស់លោក ក៏នឹងត្រូវដកអាសនៈរបស់ខ្លួនជាមួយលោកដែរ។
តាមហេតុផលនេះ លោក យុទថាភាន់ បន្ថែមថា លោក ប្រាយុទ្ធ និងខុទ្ទកាល័យរបស់លោក នៅតែអាចធ្វើជារដ្ឋាភិបាលបណ្ដោះអាសន្ន រហូតដល់សភាជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតជាតិខាងមុខ។
យោងតាមអ្នកវិភាគផ្សេងៗ រដ្ឋធម្មនុញ្ញថៃក៏មិនកំណត់ពេលវេលាសម្រាប់សភា ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដូច្នេះ លោក ប្រាយុធ អាចបន្តធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរហូតដល់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ត្រូវបានរៀបចំរួច នៅពាក់កណ្តាលខែវិច្ឆិកា ឬរហូតដល់ខែមីនា ឆ្នាំ២០២៣ នៅពេលត្រូវរំលាយសភា ហើយរៀបចំការបោះឆ្នោតជាតិ។
យ៉ាងណាមិញ ក៏មានការលើកឡើងថា ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា លោកប្រយុធបានបញ្ចប់អាណត្តិរួចរាល់ហើយនោះ សភាអាចនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពីបញ្ជីបេក្ខជននៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៩។
សូមបញ្ជាក់ថា នាពេលនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាវីត វង់ស៊ូវ៉ាន កំពុងកាន់តំណែងជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្នសិន។ លោកនឹងកាន់តំណែងនេះ រហូតដល់តុលារការរដ្ឋធម្មនុញ្ញសម្រេចជាផ្លូវការថា អាណត្តិរបស់លោកបញ្ចាប់កាលពីថ្ងៃទី ២៤ ខែសីហា កន្លងទៅឬយ៉ាងណា?។
ជុំវិញសំណុំរឿងនេះ លោក វេរ៉ា រ៉ូចាណាវ៉ា (Veera Rojanavas) ដែលជាទីប្រឹក្សានាយករដ្ឋមន្ត្រីមួយរូប និយាយកាលពីថ្ងៃអង្គារថា លោកមិនរំពឹងថា តុលាការធម្មនុញ្ញនឹងឈានដល់ការសម្រេចយ៉ាងឆាប់រហ័សរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះទេ។នេះបើតាមការស្រង់សម្ដីរបស់កាសែតបាងកកបុស្តិ៍៕
ដោយ៖ហួន ឌីណា ប្រភព៖ Prayut’s PM tenure until 2025?