វៀតណាម បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ CAMSOC និងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុ ក្នុងការជួយរៀបចំទាំងស្រុង ការប្រកួតកីឡា E-Sports នៅស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ , CAMSOC និងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយលោក Nguyen Xuan Cuong ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចវៀតណាម នៅថ្ងៃទី០៧ ខែកញ្ញានេះ នៅទីស្នាក់ការ NOCC ។
អនុស្សារណៈយោគយល់គ្នានេះ សហព័ន្ធកីឡាអេឡិចត្រូនិចវៀតណាម បានឧបត្ថម្ភទាំងស្រុងដល់កម្ពុជា សម្រាប់រៀបចំការប្រកួតកីឡាអេឡិចត្រូនិច(E-Sports) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា វៀតណាម បានជួយឧបត្ថម្ភដល់ការរៀបចំទាំងស្រុង មានការតុបតែង ឧបត្ថម្ភទាំង Software, Hardware, ធនធានមនុស្ស ទាំងអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ជូនមកកម្ពុជា ។ នេះគឺជាលទ្ធផលមួយ ដែលកើតចេញពីផ្លៃផ្កា នៃការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងការស្វែងរកដៃគូធ្វើយ៉ាងណាឲ្យមានការគោរពទៅតាមគោលការណ៍ Saving Games ដែលគោលការណ៍នេះ គឺយើងរៀបចំឲ្យមានដៃគូសហការឲ្យបានច្រើន»។ ជុំវិញការចុះ MOU នេះដែរ ដោយសារ CAMSOC មើលឃើញពីសក្ដានុពល និងគុណភាពរបស់ភាគីវៀតណាម ជាក់ស្ដែងកាលពីស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ វៀតណាម មិនត្រឹមទទួលបានជោគជ័យក្នុងការរៀបចំការប្រកួតនោះទេ ថែមទាំងទទួលបាននូវមេដាយមាសជាច្រើនទៀតផង ព្រោះកីឡា E-Sports នៅវៀតណាម ត្រូវបានចាត់ទុកជាទស្សនីយភាពមួយ ដែលគេរៀបចំមានលក្ខណៈស្ដង់ដារកម្រិតពិភពលោករួចមកហើយ។
ឯកឧត្តម បន្ដថា ក្នុងការរៀបចំស៊ីហ្គេម សម្រាប់កីឡា E-Sports នេះ សូម្បីតែការ Set Up ការលេង ឬការបញ្ចូល Program គឺពាក់ព័ន្ធទៅនឹងជំនាញវិទ្យាសាស្ដ្រឌីជីថល សម្រាប់បច្ចុប្បន្នទាំងអស់ ។ ដូច្នេះ យើងក៏ចាប់ដៃគូ ហើយបានដៃគូល្អ ដៃគូដែលមានគុណភាព និងអាចជួយដល់យើងបាន ។ នេះគឺជាអ្វីដែលយើងទទួលបាន»។ «ក្រៅពីនោះ អ្នកជំនាញ និងគ្រូបង្វឹក ក៏បានជួយបណ្តុះបណ្តាលដល់កីឡាករ-កីឡាការិនីកម្ពុជា ចាប់ពីឥលូវទៅ ដើម្បីទៅរកជំនាញកម្រិតខ្ពស់ ព្រោះវៀតណាម គឺជាប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់ដែរ នឹងទទួលបាននូវកម្រិតមេដាយមាសច្រើន ក្នុងស៊ីហ្គេម កាលពីថ្មីៗ ។
ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណដល់ភាគីវៀតណាម ដែលបានចុះហត្ថលេខា នៅលើ MOU នេះ ហើយក៏ជាសក្ខីភាពមួយថា ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គ្រប់ផ្នែកទាំងអស់ ត្រូវបានរៀបចំ និងរៀបរយ ហើយទទួលបាននូវភាពជឿជាក់ក្នុងការធ្វើឲ្យស៊ីហ្គេម ឆ្នាំ២០២៣ មានភាពរឹងមាំ និងទទួលបាននូវស្ដង់ដារអន្ដរជាតិមួយ អាចទទួលយកបាន»៕ចាន់ វិចិត្រ