អនុប្រធានលោក ខឹម វាសនា ម្នាក់សុំអាជ្ញាធរខេត្ត ប្រើវិធានការច្បាប់ បណ្តេញមនុស្សមួយចំនួនដែលមិនចាកចេញពីដីចម្ការខ្លួន
ភ្នំពេញ៖តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬ អិល ឌី ភី(LDP) លោក នី ចាន់ពិនិត្យ ដែលគេស្គាល់ថា ជាអនុប្រធាន អចិន្រ្តៃយ៍ អិល ឌី ភី កាលពី ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២ បានធ្វើលិខិត ផ្លូវការមួយច្បាប់ជម្រាបទៅរដ្ឋបាលខេត្តសៀមរាប ដើម្បីសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍យកដីចម្ការលោកត្រឡប់មកវិញ បន្ទាប់ពីលោក ក្នុង នាមជាម្ចាស់ដី ផ្ដល់ការស្នាក់នៅបណ្ដោះអាសន្នដល់អ្នកគាំទ្រ លោក ខឹម វាសនា ឯទៀតនាពេលកន្លងមក។
នៅក្នុងខ្លឹមសារលិខិតចុះថ្ងៃទី៦សីហាបានរៀបរាប់ថា៖ «សំណើសុំជួយអន្តរាគមន៍ និងចាត់វិធានការចំពោះប្រជាពលរដ្ឋ ដែលចូលស្នាក់នៅក្នុងដីចម្ការខ្ញុំ ហើយមិនព្រមវិលត្រឡប់ទៅ ផ្ទះ វិញ។ ខ្ញុំបាទបានធ្វើកិច្ចសន្យា ប្រកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ដែលបានស្នាក់នៅដីចម្ការរបស់ខ្ញុំទាំងពីរទីតាំង ចាកចេញត្រឡប់ ទៅផ្ទះ វិញរៀងៗខ្លួនចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៥កញ្ញា ប៉ុន្តែរហូតមក ដល់ពេលនេះមានប្រជាពលរដ្ឋមួយចំនួនក្រៅពីក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពុំព្រមចាកចេញពីដីចម្ការតាមការ កំណត់។»
នៅចំពោះមុខភាពរឹងរូសមិនព្រមចាកចេញនេះ លោក នី ចាន់ពិនិត្យ ស្នើសុំឲ្យរដ្ឋបាលខេត្តសៀមរាប ប្រើចំណាត់ការផ្លូវច្បាប់លើពលរដ្ឋ ដែលមិនព្រមចាកចេញ។ ដីចម្ការទាំងពីរទីតាំងរបស់ លោក ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ចំណែកដីចម្ការរបស់លោក ខឹម វាសនា ស្ថិតក្នុងភូមិសសើ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមបានថ្លែងឲ្យដឹង នៅថ្ងៃទី០៧ ខែកញ្ញាថា លោកបានទទួលលិខិតអន្តរាគមន៍នេះរួចហើយ។ បើ តាមឯកឧត្តមអភិបាលខេត្ត មុនមានលិខិតអន្តរាគមន៍ អាជ្ញាធរក៏បាន រំសាយប្រជាពលរដ្ឋចេញពីដី លោក នី ចាន់ពិនិត្យ ជាបណ្ដើរៗដែរ។
ឯកឧត្តម ទៀ សីហាមានប្រសាសន៍ថា «ចាប់ពីថ្ងៃទី៦ខែកញ្ញា និង ព្រឹក ថ្ងៃទី៧ែកញ្ញា ពលរដ្ឋបានចាកចេញចន្លោះពី៣០០ ទៅ៤០០នាក់ ទៀតដែរ។ ដូច្នេះខ្ញុំប៉ាន់ស្មានថា មានពលរដ្ឋខ្ទង់មួយ ពាន់ទៀត កំពុង ស្នាក់នៅដីចម្ការរបស់ លោក នី ចាន់ពិនិត្យ បូករួមទាំងអ្នកថែទាំ ចម្ការរបស់លោកពិនិត្យក៏នៅហ្នឹងដែរ។»
ចំពោះការប្រើប្រាស់វិធាការណាមួយប្រឆាំងអ្នកកំពុងស្នាក់លើដីនោះ អភិបាលខេត្តសៀមរាបគូសបញ្ជាក់ថា ត្រូវរង់ចាំលទ្ធផលជជែក ពិភាក្សាជាមួយលោក នី ចាន់ពិនិត្យ សិន។ «តើការទទួលខុសត្រូវ របស់លោក នី ចាន់ពិនិត្យ មានកម្រិតណាដែរ ចំពោះអ្នកបន្តស្នាក់ នៅទីនោះ។ ប៉ុន្តែខ្ញុំបានឃើញគាត់យកចិត្តទុកដាក់ សម្រប សម្រួល លើជីវភាពពលរដ្ឋ ដែលកំពុងតែខ្វះខាតក្នុងដីចម្ការ។»
ឯកឧត្តម ទៀ សីហា សន្និដ្ឋានអំពីមូលហេតុដែលពលរដ្ឋមួយចំនួន ដែលមិនព្រមចាកចេញពីដីចម្ការរបស់លោកពិនិត្យ និងទីតាំង ស្នាក់នៅ របស់លោក ខឹម វាសនា ទំនងជាដោយសារការគាំទ្រនិង មានជំនឿលើលោក ខឹម វាសនា ខណៈមួយចំនួនពុំមានលទ្ធភាព ត្រឡប់ទៅវិញ។
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត និងជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងពិធីចែកសញ្ញាបត្រកាលពីថ្ងៃទី៥ខែកញ្ញាកន្លងទៅថា លោកមិនចង់ឃើញការបែកបាក់គ្រួសារ ដោយសារការជឿខុសគ្នា នៃជំនឿនោះទេ។ លោកបញ្ជាក់៖ «ខ្ញុំសង្ឃឹមថា ការប្រេះឆា ទាំងឡាយ ជាពិសេសការបែកបាក់ក្រុមគ្រួសារ ដែលបង្កឡើង ដោយ ការ ប្រកាន់ជំនឿខុសគ្នានេះ នឹងត្រូវបញ្ចប់ដែរ ជៀសវាងករណី ដែល ការប្រមូលផ្តុំបានបញ្ចប់ ប៉ុន្តែបន្សល់ទុកនូវការបែកបាក់ក្រុមគ្រួសារ ដូចពាក្យចាស់ពោលថា ទូកទៅ កំពង់នៅ។»
ចំណែកសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រាប់ អាជ្ញាធរ ខេត្តសៀមរាប ឲ្យប្រើប្រាស់មធ្យោបាយរដ្ឋ ដឹកជញ្ជូនពលរដ្ឋ ដែលជាអ្នកគាំទ្រលោក ខឹម វាសនា ត្រឡប់ទៅស្រុកកំណើតវិញ ជាមួយនឹងការយកចិត្តទុកដាក់ផ្ដល់ស្បៀងអាហារ-បាយទឹកជាដើម។
នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ ខឹម វាសនា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាចំនួនពីរ។ ទី១. ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ឆ្លៀតបង្កើតរឿង និងទី២. ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុនតាឯក និងបានស្នើលោក ខឹម វាសនា ឱ្យបញ្ឈប់សកម្មភាព និងកុំបង្ខាំងប្រជាពលរដ្ឋ ដោយត្រូវ អនុញ្ញាត ឱ្យពួកគេត្រឡប់ទៅផ្ទះវិញ៕