ក្រសួងកិច្ចការនារីនិងអង្គការអុកស្វាមរួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីអំពី«ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន»
ភ្នំពេញ៖នៅថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី និងអង្គការអុកស្វាម រួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីអំពី «ការលើក កម្ពស់ សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន តាមរយៈគោល នយោបាយគាំពារសង្គម និងគាំពារគ្រួសារ»។
វេទិកាថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជានិងអាស៊ានក៏ដូចជាប្រមូលមតិយោបល់បន្ថែមទៀតដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនេះនៅកម្ពុជានាពេល អនាគតផងដែរ។
លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ នថា៖ « វេទិកានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់ កាន់ តែស៊ីជម្រៅបន្ថែមទៀត លើគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធ នឹងការងារថែទាំគ្មានប្រាក់កម្រៃ និងគោលនយោបាយគាំពារសង្គម ដែលមាននៅក្នុងក្របខ័ណ្ឌអាស៊ាន និងនៅក្នុងតំបន់ តាមរយៈការ ចែក រំលែកនូវមេរៀនពិសោធន៍ពីវាគ្មិនកិត្តិយស និងដើម្បីប្រមូលនូវ ព័ត៌មាន និងមតិយោបល់ សម្រាប់ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ មករៀបចំចងក្រងជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដែលនឹងយកទៅ អនុវត្ត បាននាពេលអនាគត ក្នុងកិច្ចការដ៏មានសារៈសំខាន់នេះ។»។
ចំណែកលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា៖ «គោលនយោបាយគាំពារសង្គម និង គាំពារ គ្រួសារ មានសារៈសំខាន់ណាស់ ក្នុងការជួយជ្រោមជ្រែង កិច្ច ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយវិសម ភាពយេនឌ័រ និងភាពក្រីក្រនៅកម្ពុជា ជាពិសេសក្នុងចំណោមពលរដ្ឋ ជាស្រ្តី។ វេទិកាថ្ងៃនេះឆ្លុះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី និងការចូលរួមចំណែករបស់ស្ថាប័ន នានានិងអង្គការសង្គមស៊ីវិលក្នុងការលើកកម្ពស់គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារប្រកបដោយបរិយាបន្ន នៅក្នុងប្រទេស និងក្នុងសហគមន៍អាស៊ាន។ អង្គការអុកស្វាម និងអង្គការដៃគូ នឹង បន្តជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមភាពយែនឌ័រនៅកម្ពុជា»។
វេទិកានេះមានអ្នកចូលរួមផ្ទាល់ប្រមាណ ២០០នាក់ និង៥០០នាក់ ទៀតតាមប្រព័ន្ធអនឡាញ (Zoom) ដែលជាថ្នាក់ដឹកនាំ-តំណាង ក្រសួង-មន្ទីរ និងស្ថាប័ននៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គទូត និងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហជីព សហគ្រិន និងស្វ័យនិយោជន៏ជាស្រ្តី និងភ្ញៀវជាតិ-អន្តរជាតិ ដែលកំពុងធ្វើការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយ និងពង្រឹងគោល នយោបាយគាំពារសង្គម និងគាំពារគ្រួសារប្រកបដោយ បរិយាបន្ន នៅកម្ពុជា។
គួរជម្រាបថា ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាគោលដៅ អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការយក ចិត្តទុកដាក់នេះ ឆ្លុះ បញ្ចាំងតាមរយៈគោលនយោបាយសំខាន់ដូចជា៖ យុទ្ធសាស្រ្ត ចតុកោណ របស់រដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងសមភាពយេនឌ័រ កិច្ចគាំពារសង្គម និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ផ្តោតលើការសម្រេចបាននូវសមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្រ្តី និងក្មេងស្រី។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ ជាតិគាំពារ សង្គម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះពី ការធ្លាក់ចូលទៅក្រោមបន្ទាត់ភាពក្រីក្រ និងឈានទៅធានាការទទួល បានសេវាសុខភាពសាធារណៈជាសកលនៅកម្ពុជា។
តាមរយៈកិច្ចប្រឹងប្រែងនេះ យើងបានកត់សម្គាល់ឃើញថា ស្ថានភាព យេនឌ័រនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ហើយ ស្ត្រីកម្ពុជាកាន់ តែច្រើនមានឱកាសចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ជាតិ។
របាយការណ៍សិក្សាស្រាវជ្រាវមួយបានប៉ាន់ប្រមាណថា ស្ត្រីលើ ពិភពលោកបានធ្វើការថែទាំដែលមិនទទួលបានកម្រៃ បើគិតជាទឹក ប្រាក់ គឺប្រមាណជា ១,០០០ ពាន់លានដុល្លារ (US$10 trillion) ក្នុងមួយឆ្នាំៗ។ ជាក់ស្តែងក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ របាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញថា បន្ទុក ការងារផ្ទះរបស់ស្ត្រីខ្មែរកម្ពុជាមានការកើនឡើងរហូតដល់ទៅ២០ភាគរយស្របពេលដែលបន្ទុកការងារផ្ទះក្នុងចំណោមបុរសមានការកើនឡើងតែ១០ភាគរយ ប៉ុណ្ណោះ។
គម្លាតនៃប្រាក់បៀវត្សរ៍រវាងស្ត្រី និងបុរសនៅកម្ពុជា និងថ្នាក់តំបន់ ក៏ជាបញ្ហាប្រឈមមួយ ដែលយើងមិនគួរមើលរំលងផងដែរ។ ផ្អែកទៅលើការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញ ថា ជាមធ្យម ស្រ្តី ២៥ភាគរយ រកប្រាក់ចំណូលទាបជាងបុរស ចំពោះការងារដូចគ្នា ស្រ្តីភាគច្រើនបម្រើការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការ ចំណាយពេលវេលាច្រើនលើការងាផ្ទះ និងការងារថែទាំ សមាជិក គ្រួសារ (ស្រ្តីនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក បានចំណាយពេលវេលា ៤.១ដង ច្រើនជាងបុរស លើការងារថែទាំ)៕
ដោយ៖កែវ កិរិយា
រូបថត៖វេទិកាថ្នាក់ជាតិស្តីអំពី «ការលើក កម្ពស់ សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន តាមរយៈគោល នយោបាយគាំពារសង្គម និងគាំពារគ្រួសារ»