លោក ចូ បៃដិន នឹងជួបជាមួយលោក ស៊ី ជិនពីង ប្រសិនបើមេដឹកនាំ ចិនរូបនេះចូលរួមកិច្ចប្រជុំ G-20
អាមេរិក៖ប្រធានាធីបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ថ្លែងឲ្យដឹង នៅថ្ងៃអង្គារ ទី៦ខែកញ្ញាឆ្នាំ២០២២ថា លោកនឹងជួបលោក ស៊ី ជិនពីង ប្រសិនបើប្រធានាធិបតីចិនរូបនេះ ចូលរួមកិច្ចប្រជុំក្រុម ប្រទេសមាន សេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G-20) ដែលនឹងប្រព្រឹត្ត ទៅក្នុងខែវិច្ឆិកាខាងមុខ។
លោក បៃដិន បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅសេតវិមានយ៉ាងខ្លីថា៖ «ប្រសិនបើលោក (ស៊ី) ចូលរួម ប្រាកដណាស់ ខ្ញុំនឹងជួបលោក»។
នៅពេលនេះ គេនៅមិនទាន់ដឹងទេថា លោកបៃដិននឹងលើកយក បញ្ហាអ្វីទៅពិភាក្សាជាមួយលោក ស៊ី នោះតែ។ ប៉ុន្តែមួយរយៈចុង ក្រោយ នេះ ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង បានធ្លាក់ចុះដល់កម្រិតមួយ ជាពិសេសក្រោយដំណើរទស្សនកិច្ច របស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកោះតៃវ៉ាន់ កាលពីដើម ខែសីហា។
ទន្ទឹមនឹងនេះ លោក បៃដិន ក៏កំពុងពិចារណាលើការដកពន្ធ លើ ទំនិញចិន ដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ចេញ ខណៈសេតវិមានបន្តការពិនិត្យមើលឡើងវិញ ថាតើត្រូវបិទកម្មវិធី Tiktok ដែលពេញនិយមក្នុងចំណោមយុវវ័យអាមេរិក ឬយ៉ាងណា។
គួរបញ្ជាក់ថា កិច្ចប្រជុំ G-20 នឹងរៀបចំឡើងនៅកោះប៉ាលី ប្រទេស ឥណ្ឌូនេស៊ី ចន្លោះថ្ងៃទី១៥-១៦ ខែវិច្ឆិកា ខាងមុខ។ ជាកិច្ចប្រជុំដែល នឹង មានការចូលរួមពីមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចសំខាន់ចំនួន ២០ រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងលោក ស៊ី ជិនពីង ផងដែរ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ កាលពីខែសីហា។
ទោះបីជាយ៉ាងនេះក្ដី គេនៅតែមិនប្រាកដសម្រាប់លោក ស៊ី ដែល មិនចាកចេញពីប្រទេសចិនសោះ ចាប់តាំងពីខែមករា ឆ្នាំ ២០២០ នៅពេលវីរុសកូរ៉ូណាទើបចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅប្រទេសចិន ហើយនៅពេលនេះ ទីក្រុងធំៗមួយចំនួនរបស់ចិន ក៏កំពុងស្ថិត នៅក្រោមការបិទខ្ទប់សារជាថ្មី ដោយសារតែការឆ្លងរាល របស់ វីរុសចុងក្រោយ។
យ៉ាងណាមិញ កាសែតវ៉ាស៊ីនតោនបុស្តិ៍ បានរាយការណ៍កាលពី ពាក់កណ្ដាលសីហាថា ក្រុមមន្រ្តីចិនបានរៀបចំឱ្យលោក ស៊ី ចូលរួម កិច្ចប្រជុំ G20 ដោយផ្ទាល់ ហើយនឹងជួបជាមួយលោក បៃដិន នៅ ពេលនោះ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Biden says he’s ‘sure’ he will see Xi at the G-20 summit if Chinese president attends