ពលរដ្ឋប្រទេសខ្លះនៅអឺរ៉ុប បែរទៅកាប់ព្រៃដើម្បីធ្វើអុស ខណៈតម្លៃប្រេងនិងឧស្ម័នឡើងខ្លាំង
អឺរ៉ុប៖នៅក្នុងប្រទេសសហភាពអឺរ៉ុប ពលរដ្ឋមួយចំនួន ផ្តើម ងាកទៅ កាប់ឈើក្នុងព្រៃសម្រាប់ត្រៀមទុកដុតកម្តៅ នាពេលរដូវរងា ដែលនឹង ឈានចូលមកដល់ឆាប់ៗ។ នេះក៏ព្រោះតែតម្លៃប្រេងនិង ឧស្ម័នឡើង ថ្លៃខ្លាំង ដែលដរចេញពីវិបត្តិសង្គ្រាមឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន។ ម្យ៉ាងទៀត ក៏ព្រោះតែ សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មចំពោះរុស្ស៊ី។
ដូច្នេះ ទំនិញរុស្ស៊ីជាច្រើនត្រូវហាមឃាត់មិនឲ្យនាំចូលទឹកដីរង្វង់ ប្រទេសក្នុងសហភាពអឺរ៉ុប។ ក្នុងចំណោមទំនិញទាំងនោះ ក៏មាន ស្នូលឈើតូចៗ ដែលគេប្រើសម្រាប់ដុតកម្តៅក្នុងផ្ទះដែរ។ អាស្រ័យ ហេតុដូច្នេះហើយ ទើបពលរដ្ឋអឺរ៉ុបខ្លះ ព្រួយបារម្ភខ្វះអ្វីសម្រាប់ដុត កម្តៅ ហើយអ្នកខ្លះក៏ត្រៀមរកឈើនិងអុសសម្រាប់ដុតពេល ខែ ត្រជាក់។ ទិដ្ឋភាពនេះក៏បាននាំឲ្យបទល្មើសព្រៃឈើផ្ទុះឡើង ហើយតម្លៃឈើនិងឱសឡើងថ្លៃខ្លាំងដែរ។
ចាប់តាំងពីខែឧសភា ឆ្នាំ២០២២មក តម្លៃថាមពលឡើងខ្លាំង ដែលបង្កការលំបាកធ្ងន់ធ្ងរនៅប្រទេសហុងគ្រី ប៊ុលហ្ការី និងរូម៉ានី ជាក្រុមប្រទេសមានប្រាក់ចំណូលទាប។ ពលរដ្ឋក្នុងប្រទេសទាំងនេះ ក៏ងាកទៅយកអុសសម្រាប់ដុតកម្តៅក្នុងផ្ទះ។
នៅប៊ុលហ្ការី ផ្ទះប្រជាជនប្រហែលជាពាក់កណ្តាល ត្រូវប្រើអុស សម្រាប់កម្តៅ ព្រោះតម្លៃអុសថោកនិងងាយរកបាន។ ពោលគឺអុស មួយម៉ែត្រគូប ប្រមាណជា៤០-៥០អឺរ៉ូ នៅឆ្នាំ២០២១។ ក៏ប៉ុន្តែ ទន្ទឹមនឹងតម្រូវការខ្ពស់ពេក គឺនាំឲ្យតម្លៃអុសបានហក់ឡើងថ្លៃ ដល់ទៅមួយម៉ែត្រគួបថ្លៃ១០០-១៥០អឺរ៉ូ នាពេលសព្វថ្ងៃ។ ដូចគ្នានេះដែរ នៅស្លូវេនី អុសឡើងថ្លៃគុណនឹងពីរដង ពីតម្លៃ ក្នុងឆ្នាំចាស់។ ចំណែកនៅប្រទេសប៉ូឡូញ តម្លៃអុសបានឡើង១០០ ភាគរយបើធៀបនឹងឆ្នាំមុន។
ក្តីបារម្ភពីប្រភពថាមពលសម្រាប់កម្តៅនៅក្នុងផ្ទះពេលរដូវរងា គឺមិនឋិតក្នុងរង្វង់សហភាពអឺរ៉ុបប៉ុណ្ណោះទេ តែប្រទេសក្បែរខាង ដូចជា អាល់បានី កូសូវូ សែបប៊ី ជាដើមក៏ក៏ព្រួយខ្លាំងដែរ។ ថ្នាក់ដឹកនាំប្រទេសទាំងនេះ បានដង្ហោយសុំជំនួយពីសហភាពអឺរ៉ុប ដើម្បី ដោះទ័លនៅចំពោះមុខការឡើងថ្លៃថាមពល។
នៅអាល់បានី ជាទូទៅ អុសត្រូវលក់ឡើងថ្លៃមួយគុណជាពីរ។ កាល ពី ពីរឆ្នាំមុន តម្លៃអុសគឺប្រមាណជា៣៤អឺរ៉ូប៉ុណ្ណោះក្នុងមួយម៉ែត្រ គូប តែពេលនេះ វាឡើងជាង៦០អឺរ៉ូ។ ប្រឈមមុខនឹងស្ថានភាពនេះ គឺ បណ្តាលឲ្យការកាប់ព្រៃខុសច្បាប់ ក៏មានករណីកើនឡើងខ្លាំង គួរឲ្យ ព្រួយបារម្ភដែរ៕
ដោយ៖សេរី ឧត្តម