រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចពិនិត្យការចាប់ផ៊្តើមកសាងអគារមណ្ឌលសំចតថ្មីជំនួយរដ្ឋាភិបាលថៃនៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារ និងប្រតិភូកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញត្រួតពិនិត្យការងារនៅមណ្ឌលសំចតនិងដំណើរការការដ្ឋានសាងសង់អគារថ្មី នៃមណ្ឌលសំចតក្រោមជំនួយរដ្ឋាភិបាលព្រះរាជាណាចក្រថៃ ដែលមានតម្លៃជិត ១,៥លានដុល្លារ នៅភូមិប្រជាធម្មកើតសង្កាត់អូឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
អញ្ជើញទទួលស្វាគមន៍ប្រតិភូរួមមាន លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកស្រីឈា ម៉ានីត នាយិកាមណ្ឌលសំចត ព្រមទាំងតំណាងវិស្វករនិងទីប្រឹក្សាបច្ចេ្ទទេសក្រុមហ៊ុនសាងសង់របស់ថៃ ។
ឯកឧត្តមរដ្ឋមន្ត្រីរង សូត បានពិនិត្យនិងកោតសរសើរមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារ អាជ្ញាធរដែនដី អង្គការ សមាគមក្រៅរដ្ឋាភិបាលនានា ព្រមទាំងមណ្ឌលសំចតដែលបានខិតខំបំពេញការងារទទួលនិងផ្តល់សេវានានាដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃនិងប្រទេសឯទៀត ទាំងក្នុងកាល:ទេស:ដ៏លំបាកនិងងាយស្រួលកន្លងមកដល់បច្ចុប្បន្ន ។
វិស្វករថៃ លោក ផៃរ៉ូត និងជាទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុនថៃ បានឱ្យដឹងថា ទីតាំងការដ្ឋាន បានពង្រាបទីលាន ចាក់ដី ធ្វើរបងព័ទ្ធការដ្ឋាន បុកជើងសសរបាន ៣០ភាគរយហើយ ។ ហើយបើគ្មានអ្វីប្រែប្រួលឬឧបសគ្គទេ គម្រោងសាងសង់នឹងរួចរាល់តាមផែនការ(ថ្ងៃទី១៥សីហាឆ្នាំ២០២២-១៥សីហាឆ្នាំ២០២៣ ) ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលផ្តល់ជំនួយឥតសំណងកសាងមណ្ឌលសំចតថ្មីឱ្យមានលក្ខណ:សមស្រប ទំនើបនិងមានស្តង់ដារអន្តរជាតិសម្រាប់ទទួលពលករនិសន្តប្រវេសន៍កម្ពុជានេះ និងក៏អរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខុមាលសង្គមថៃ លោក ពិនយ៉ារ៉ាក់ ពូនសាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាដែលបានខិតខំសម្របសម្រួលនូវការផ្តល់ជំនួយនេះនិងបានចុះអនុស្សារណ:យោគយល់គ្នា កន្លងមកថ្មីៗនេះ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលបានដឹកនាំ និងចាត់តាំងឱ្យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច លោកអាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក គាង ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដែលបានសម្របសម្រួលឱ្យពលរដ្ឋ២គ្រួសារចុងក្រោយដែលសាងសង់និងរស់នៅលើដីរដ្ឋនៃគម្រោងនេះបានចាកចេញដោយស្ម័គ្រចិត្ត ។
នាឱកាសនោះដែរ លោកស្រីឈា ម៉ានីត នាយិកា មណ្ឌលសំចត ឱ្យដឹងថា យោងអនុស្សារណៈយោគយល់គ្នារវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារនិងស្ថានទូតថៃប្រចាំកម្ពុជា ជំនួយសាងសង់មណ្ឌលសំចតថ្មីនេះត្រូវចាប់ផ្តើមពីថ្ងៃទី១៥ខែសីហាឆ្នាំ២០២២ និងគ្រោងបញ្ចប់ ថ្ងៃទី១៥ សីហា ឆ្នាំ២០២៣ ។
គម្រោងសាងសង់មណ្ឌលសំចតថ្មីខេត្តបន្ទាយមានជ័យស្ថិតជិតព្រំដែននាក្រុងប៉ោយប៉ែតនេះ ត្រូវសង់លើផ្ទៃដីជិត១ហិចតា ដែលមាន ៥អគារ ១-អគារជនរងគ្រោះ បុរស ១ខ្នង ។ ២-អគារជនរងគ្រោះស្ត្រី ១ខ្នង ។ ៣- អគាររដ្ឋបាល ១ខ្នង ។ ៤-អគារអាហារដ្ឋាន ១ខ្នង និង៥- អគារបណ្តុះបណ្តាលអាជីពរួម ១ខ្នង ។ ហើយគ្រោងចំណាយថវិកាជំនួយឥតសំណងរាជរដ្ឋាភិបាលថៃចំនួនជាង ១,៤លានដុល្លារ ។
លោកស្រីបានឱ្យដឹងដែរថា បច្ចុប្បន្ន ស្ថានភាពពលករ និង និសន្តរប្រវេសន៍ មាតុភូមិនិវត្តន៍ មានភាពធូរស្រាលដោយចូលមកក្នុងមណ្ឌលសំចតនេះមានតែប្រមាណ ៥ផនាក់/ថ្ងៃ ។ ចំពោះកិច្ចសហការមានជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដូចជា អង្គការរតន:អន្តរជាតិ និសន្តប្រវេសន៍អន្តរជាតិ(IOM), យូនីសេហ្វ(UNICEF ),សាម៉ារីតាន់ ភឺស(Samaritan Purse ),3PC , គ្រួសារថ្មី, តំណក់ទឹក,ភឿនៗអារញ្ញាប្រាថេត ជាដើម ។
ក្នុងនោះចំពោះមុខ មណ្ឌលបាននិងកំពុងផ្តល់សែវាជាអាហារសម្រន់ សុខភាពបឋម បណ្តុះបណ្តាលវិជ្ជាជីវ:៥ ជំនាញ ។ តែខ្វះខាតខ្លាំងថវិកាសម្រាប់ពលករធ្វើដំណើរវិលទៅផ្ទះនិងសហគមន៍វិញ ៕ ឃិន គន្ធា