មន្ត្រីរាជការនៃរដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលទើបទទួលបានមុខតំណែងថ្មីបង្ហាញការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធ នៃសាលាខេត្តព្រះសីហនុ ចំនួន ១៦រូប មាននាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាពច្រក និងប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា មន្ត្រីរាជការដែលទទួលបានការតែងតាំងនេះត្រូវបានវាយតម្លៃថា មន្ត្រីមានសមត្ថភាពក្នុងការដឹកនាំបំពេញតួនាទីប្រកបដោយគុណភាព និងមានបទពិសោធន៍ដឹកនាំ។ ការប្រកាសតំណែងមន្ត្រីរបស់យើងដើម្បីឆ្លើយតបតាមតម្រូវការបំពេញបន្ថែមតាមរចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ដោយបានវាយតម្លៃអំពីសកម្មភាពការងារ គុណតម្លៃការងារក្នុងបរិបទកូវីដ-១៩ និងការងារចុះមូលដ្ឋានជាដើម។ ម្យ៉ាងទៀតមន្ត្រីដែលមិនទាន់បានប្រកាសតែងតាំង និងតំឡើងឋានន្តរស័ក្តិ យើងនឹងបន្តពិនិត្យវាយតម្លៃបន្ថែមទៀតនៅពេលខាងមុខ ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់នាយករដ្ឋបាល ត្រូវធ្វើការបែងចែកការងារ ភារកិច្ច និងទទួលខុសត្រូវ ពិសេសការិយាល័យ និងយន្តការច្រកចេញ-ចូលតែមួយនៅខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីធ្វើការកែលម្អ ការងារបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។
លោក ទិត្យ ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលទើបទទួលបានការតែងតាំងមុខតំណែថថ្មីបានធ្វើការបេ្តជ្ញាចិត្ត៖
១-ប្តេជ្ញាស្មោះត្រង់ចំពោះជាតិ មាតុភូមិ លើកកម្ពស់ស្មារតីខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំរើសេវាសារធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផលប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព សិលធម៌ និងមនសិការវិជ្ជាជីវៈខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រង់សាធារណៈរបស់រាជរដ្ឋាភិបាល។
២-ប្ដេជ្ញាសហការដឹកនាំអនុវត្តកម្មវិធីនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងគោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន។
៣-ប្តេជ្ញាខិតខំអនុវត្តរាល់ផែនការ និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឱ្យមានប្រសិទ្ធភាព។
៤-ប្តេជ្ញាសិក្សាស្រាវជ្រាវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តិ និងបច្ចេកវិទ្យានវានុវត្តន៍ស្របតាមបច្ចេកវិទ្យាជំនាន់បួនចុចសូន្យ និងចំណេះដឹងផ្សេងៗទៀតឱ្យកាន់តែមានភាពរីកចំរើន។
៥-ប្តេជ្ញាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្រម សីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការស្របតាមលក្ខន្តិកៈដោយឡែកមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ។
៦-ប្តេជ្ញារក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងជួរថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ និងមន្ទីរ និងអង្គភាពជំនាញនានាក្នុងខេត្ត ៕ ដោយ ៖ ខៀវ សាវ៉ុន