បាតុករឥណ្ឌូណេស៊ី ព្រមានធ្វើកូដកម្មទូទាំងប្រទេសដោយសារ ការឡើងថ្លៃប្រេង
ឥណ្ឌូនេស៊ី៖ បាតុកររាប់ពាន់នាក់ បានប្រមូលគ្នាធ្វើបាតុកម្ម ដោយសន្តិវិធី នៅទីក្រុងសំខាន់ៗមួយចំនួនរបស់ឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារទី៦ ខែកញ្ញា ឆ្នាំ២០២២ ដោយសារតែការឡើងថ្លៃ តម្លៃប្រេង ហើយព្រមានថា នឹងធ្វើកូដកម្មទូទាំងប្រទេសតែម្ដង ប្រសិនបើ រដ្ឋាភិបាល មិនចេញចំណាត់ការដោះស្រាយបញ្ហានេះទេនោះ។
ក្នុងសកម្មភាពចាប់ផ្ដើមបែបលក្ខណៈតូចៗនៅថ្ងៃអាទិត្យ និងបន្តកាន់ តែខ្លាំងឡើងនៅថ្ងៃអង្គារ ក្រុមបាតុករ បានប្រមូលផ្ដុំគ្នាទីក្រុងសំខាន់ ដូចជារដ្ឋធានី Jakarta ទីក្រុង Surabaya ក្រុង Makassar ក្រុង Kendari ក្រុង Aceh និងក្រុង Yogyakarta ជាដើម។
ប៉ូលិសឥណ្ឌូណេស៊ីនិយាយថា ការប្រមូលផ្ដុំមនុស្សនេះ នឹងមានកាន់ តែច្រើនឡើងៗ អាចកើនដល់ចំនួនរាប់ម៉ឺននាក់ក្នុងសប្ដាហ៍នេះ។ ប្រឈមនឹងរឿងនេះ ប៉ូលីសបានដាក់ពង្រាយកម្លាំងប្រមាណ ៧ ០០០ នាក់ នៅទូទាំងក្រុងចាកាតា។
គួរជម្រាបថា បាតុកម្ម ដែលដឹកនាំដោយនិស្សិត និងសហជីពការងារ នេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ចូកូ វីដូដូ បានប្រកាស បង្កើន តម្លៃប្រេងឥន្ធនៈប្រហែល ៣២ ភាគរយ កាលពីថ្ងៃសៅរ៍ ដើម្បីគ្រប់គ្រងការឧបត្ថម្ភធនថាមពលដែលរដ្ឋត្រូវចំណាយ ដើម្បី កុំឱ្យអតិផរណា នៅពេលតម្លៃសាំង និងហ្គាសកើនឡើងទូទាំង ពិភពលោក។
កម្មកររោងចក្រវាយនភណ្ឌម្នាក់ លោក Adi Asmadi វ័យ ២៩ ឆ្នាំ និយាយថាការចំណាយលើថ្លៃធ្វើដំណើររបស់លោករាល់ថ្ងៃកើនឡើងច្រើនមែនទែន។ តែកម្មកររូបនេះបញ្ជាក់ដែរថា ប្រសិនបើប្រាក់ឈ្នួល ឡើងតាមថ្លៃប្រេង នោះលោកមិនជំទាស់ទេ។
ចំណែក លោក Abdul Aris ដែលជាមន្ត្រីសហជីពវិញ បានអះអាង ថា «ក្រុមកម្មករពិតជារងផលប៉ះពាល់ខ្លាំងណាស់នៅពេលនេះ»។ លោកបន្តថាក្រុមបាតុករនឹងបន្តការតវ៉ារបស់ខ្លួនរហូតដល់រដ្ឋាភិបាលចេញចំណាត់ការសមស្របដើម្បីបញ្ចុះតម្លៃប្រេងឲ្យនៅសមរម្យអាចទទួយកបាន។
ដោយឡែក លោក Said Iqbal ប្រធានសហព័ន្ធសហជីព ឥណ្ឌូណេស៊ី ថ្លែងព្រមានតាមរយៈក្បាលមេក្រូរបស់អ្នកកាសែត កាលពីថ្ងៃអង្គារថា៖ «ប្រសិនបើរដ្ឋាភិបាល មិនកាត់បន្ថយតម្លៃប្រេង ឥន្ធនៈនៅចុងខែវិច្ឆិកា ឬដើមខែធ្នូទេ នោះយើងនឹងធ្វើកូដកម្ម ទូទាំង ប្រទេស»។
ការសម្រេចចិត្តចុងក្រោយរបស់លោក វីដូដូ បានធ្វើឱ្យតម្លៃប្រេងសាំង នៅឥណ្ឌូណេស៊ីនៅពេលនេះ ឡើងថ្លៃខ្ពស់ជាងឆ្នាំមុន ៣២ ភាគរយ ដែលនឹងធ្វើឱ្យអតិផរណាកើនឡើង។ លោក វីដូដូ ថ្លែងនៅពេល ប្រកាសកាលពីការដំឡើងថ្លៃប្រេងថា៖ «រដ្ឋាភិបាលបានព្យាយាម អស់ពីសមត្ថភាព ព្រោះខ្ញុំពិតជាចង់ឲ្យតម្លៃប្រេងឥន្ធនៈនៅមាន តម្លៃសមរម្យ។ រដ្ឋាភិបាលត្រូវតែធ្វើការសម្រេចចិត្តក្នុងស្ថានភាព លំបាក នេះ»៕ ដោយ៖ហួន ឌីណា