រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួប ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា

ភ្នំពេញ ៖ នៅស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិ ៤ឆ្នាំ។

ឯកឧត្តម បានជម្រាបលោកជំទាវ អំពីសក្តានុពលកសិកម្មកម្ពុជា ដែលមិនគ្រាន់តែផលិតបានគ្រប់គ្រាន់ និងលើសពីតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកទៀតផង ។ ទោះជាយ៉ាងណា សក្តានុពលនៃផលិតកម្មកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត ដែលទាមទារឲ្យមានការចូលរួម និងគាំទ្រពីដៃគូអភិវឌ្ឍន៍ ពិសេសវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ។ ករណីនេះ នៅចំពោះមុខ លោកជំទាវ ឯកឧត្តមរដ្ឋមន្ដ្រីបានអំពាវនាវ និងស្វាគមន៍វិនិយោគិនតួកគី ដើម្បីពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មកម្ពុជានាពេលអនាគត។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ឯកឧត្តម វេង សាខុន បានស្នើលោកជំទាវជួយពិនិត្យ ពិចារណា ធ្វើការជំរុញការអនុវត្តការងារដែលបានចែងនៅក្នុងឯកសារអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៨ ដើម្បីចាប់ផ្តើមអនុវត្ត ក្នុងគោលបំណងធ្វើការផ្លាស់ប្តូរ ចែករំលែកបទ ពិសោធន៍ចំណេះដឹង ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម អភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា ។

លោកជំទាវ Ulku Kocaefe បានលើកឡើងថា វិស័យកសិកម្មគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ ការអភិវឌ្ឍវិស័យកសិកម្មគឺជាគោលការណ៍គ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ។ ដូច្នេះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរគឺជាអាទិភាពឈានមុខគេ ដោយសារវិស័យកសិកម្មកម្ពុជាមានសក្តានុពល មានទឹកគ្រប់គ្រាន់ និងផលិតផលមួយចំនួន ផលិតលើសពីតម្រូវការក្នុងស្រុក និងត្រូវការបច្ចេកវិទ្យាកែច្នៃវត្ថុធាតុដើមសំខាន់ៗដើម្បីធ្វើការនាំចេញ។ ដូច្នេះ សម្រាប់អាណត្តិ ៤ឆ្នាំ នៃបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា លោកជំទាវថា នឹងជំរុញគាំទ្រឲ្យកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរចាប់ផ្តើមដំណើរការដើម្បីឈានទៅសម្រេចបានផ្លែផ្កាតាមការរំពឹងទុក។

ករណីនេះ លោកជំទាវ បានឯកភាពថាទី១- ត្រូវខិតខំប្រឹងប្រែងចាប់ផ្តើមអនុវត្ត MOU ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨ ទី២- ភាគីទាំងពីរអាចរៀបចំកិច្ចប្រជុំតាមអនឡាញមួយជំហានដំបូងជាមួយក្រុមការងារជំនាញនៃក្រសួងទាំងពីរ ដោយគួរលើកយកអនុវិស័យសំខាន់ៗមួយចំនួន យកមកពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃប្រទេសយើងទាំងពីរ មុននឹងមានដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម និងព្រៃឈើ តួកគី ដែលជាឱកាសសម្រាប់ភាគីទាំងពីរជួប ពីភាក្សាគ្នាលម្អិតបន្ថែម លើប្រធានបទសំខាន់ៗយោងតាមអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា កន្លងទៅ ដើម្បីឈានដល់ការអនុវត្តឲ្យបានពេញលេញនូវរាល់ការងារដែលបានឯកភាពគ្នា នាពេលដ៏ខ្លីខាងមុខនេះ។

នាឱកាសនេះ ភាគីទាំងពីក៏បានលើកយកប្រធានបទសំខាន់ៗមកពីភាក្សាគ្នាផងដែរ រួមមាន

  • វិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់វិស័យកសិកម្ម
  • បញ្ហាសន្តិសុខស្បៀងនៅទូទាំងពិភពលោក បណ្តាលមកពីការប្រែប្រួលអាកាសធាតុ កូវិដ ១៩ និងវិបត្តិសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន
  • ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
  • ការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់ស្រ្តីក្នុងវិស័យកសិកម្ម
  • ការបញ្ជូននិស្សិត និងមន្រ្តីជំនាញទៅធ្វើកម្មសិក្សា និងទស្សនៈកិច្ចសិក្សា នៅប្រទេស តួកគី។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចលេចចេញរូបរាង្គ ផ្លែផ្កាដូចការរំពឹងទុក ហើយបានជូនពរលោកជំទាវ ឲ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner