បេឡាសន្តិសុខសង្គម(បសស) ផ្សព្វផ្សាយការ ដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅ ក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារនៅខេត្តរតនគិរី
រតនគិរី ៖ នារសៀលថ្ងៃទី ០៧ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយការ ដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅ ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ព្រមទាំង អស់លោក លោកស្រីមន្រី្តរាជការ ម្ចាស់សហគ្រាស គ្រឹះស្ថាននិងវិស័យឯកជន ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាប្រតិបត្តិករតែមួយគត់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានបម្រើសេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្តបានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ក្នុងខេត្តរតនគិរី ត្រូវចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពេញចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាកាដូដ៏ពិសេសបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម អ៊ុក សមវិទ្យា បានលើកឡើងថា ការយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺបានជំរុញឱ្យបងប្អូនទាំងអស់អាចចូលរួមយ៉ាងផុសផុលក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយក្តីជឿជាក់ និងពេញចិត្ត ។
ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ការចូលរួមអនុវត្តនូវកាតព្វកិច្ចរបស់បងប្អូនក្នុងប្រព័ន្ធសន្តិសុខសង្គម គឺជាការជួយគ្នាទៅវិញទៅមកនៅពេលយើងទទួលរងនូវហានិភ័យ ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅ ដែលជាគោលនយោបាយនៃការចែករំលែកក្នុងការរួបរួមគ្នាតាមគោលការណ៍សាមគ្គីធម៌សង្គម ៕ ដោយ គតិ យុត្ត