សម្តេចតេជោ ហ៊ុន សែន គាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការ របស់ក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលនឹងជួយផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាស៊ានផង
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ និងគាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន និងបានផ្ដល់អនុសាសន៍ឱ្យពិចារណា ក្នុងការចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ានផង ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះក្នុងឱកាសអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព ណាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកំពុងទទួលបានជោគជ័យក្នុងការដឹកនាំ អាស៊ាន ក្នុងនាមជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថេរភាពធ្វើឲ្យកម្ពុជា ជាកន្លែងទាក់ទាញប្រកបដោយសក្ដានុពល សម្រាប់ការវិនិយោគ ដែលជាកត្តានាំឲ្យកម្ពុជា មានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ។
លោក មីឆែល យ៉េវ បានគោរពជម្រាបជូនសម្ដេចតេជោថា បំណងរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺទី១-គោរពសុំការគាំទ្រ និងអនុញ្ញាត ចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចម្បង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន ជាស្ពានរវាងអាស៊ាន និងស្ថាប័ន និងវិស័យផ្សេងៗ ។ ទី២- សុំការគាំទ្រ លើគំនិតផ្ដួចផ្ដើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលមូលនិធិនេះ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេស លើវិស័យអាយធី (IT) បញ្ញាសិប្បនិមិត្ត ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន ។ សម្ដេច បានផ្ដល់អនុសាសន៍ថា បន្ថែមទៅលើអ្វីដែលក្លឹបសេដ្ឋកិច្ចអាស៊ានចង់ធ្វើ គួរពិចារណា ចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ានផង ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគាំទ្រកិច្ចផ្ដួចផ្ដើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាផងដែរ ។ ដោយឡែក កិច្ចផ្ដួចផ្ដើម ឱ្យមានតំបន់សេដ្ឋកិច្ចបៃតង សម្ដេចតេជោ ហ៊ុណ សែន បានមានប្រសាសន៍ថា គំនិតនេះ គឺស្ថិតនៅក្នុងសំណើររបស់កម្ពុជា លើកទៅអាស៊ានកន្លងមក នោះ គឺសំណើឱ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន ៕ ដោយ វណ្ណលុក