សង្គ្រាម៖អ៊ុយក្រែន អះអាងថាបានវាយដណ្តើមយកទីតាំងមួយ ចំនួនដែលកាន់កាប់ដោយរុស្ស៊ី

អ៊ុយក្រែន៖កងទ័ពអ៊ុយក្រែន នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២ បាន ប្រកាសពីជោគជ័យថ្មីក្នុងការវាយដណ្តើមយកបានទីតាំងជាច្រើននៅតំបន់ខាកៀវ (Kharkiv) ចេញពីកណ្តាប់ដៃកងទ័ពឈ្លានពានរុស្ស៊ី។

រដ្ឋមន្ត្រីការអាមេរិកលោក អង់តូនី ប្ល៊ីងកិន បានកត់សម្គាល់ នូវជ័យជម្នះ របស់អ៊ុយក្រែន និងប្រកាសបន្ថែមជំនួយយោធាដល់អ៊ុយក្រែន ក្នុងទំហំ ទឹកប្រាក់រាប់រយលានដុល្លារ។

តាមរយៈរូបភាពវីដេអូ លោកប្រធានាធិបតី ហ្សេឡេនស្គី បានពោលពាក្យ សរសើរកងទ័ពអ៊ុយក្រែន ចំពោះការវាយបកដណ្តើមយកបានម កវិញ នូវទីតាំងចំនួន ៣០ ក្នុងតំបន់ខាកៀវ បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការវាយ យកនៅទីនោះបានប៉ុន្មានថ្ងៃរួចមក។ ទន្ទឹមនេះ លោកប្រធានាធិបតី អ៊ុយក្រែន បានអះអាងថា កងទ័ពខ្លួនបានវាយបណ្តេញកងទ័ពរុស្ស៊ី និងបានដោតទង់ជាតិអ៊ុយក្រែននៅក្នុងតំបន់នោះឡើងវិញដែរ អំឡុងប្រតិបត្តិការវាយលុយក្នុងសប្តាហ៍មកនេះ។

បន្ថែមលើនេះ យោធាអ៊ុយក្រែន បានឲ្យដឹងថាខ្លួនបានបើកការវាយ ប្រហារថ្មីលើស្ពាន Pontoon របស់រុស្ស៊ីដែលប្រើសម្រាប់ដឹកជញ្ជូន គ្រឿងបរិក្ខារផ្គត់ផ្គង់ឆ្លងកាត់ទន្លេ Dnieper ទៅកាន់ Kherson ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងសំខាន់ៗដែលកាន់កាប់ដោយរុស្ស៊ី។ មេបញ្ជាការកងទ័ពអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែនបានធ្វើឱ្យស្ពានឆ្លងកាត់ទន្លេខូចខាត និងមិនអាចប្រើប្រាស់បានទៀតទេ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ អ៊ុយក្រែន បានប្រឹងប្រែងបើកប្រតិបត្តិការ វាយបកលើកងទ័ពរុស្ស៊ី ទាំងនៅភាគខាងកើតនិងនៅភាគខាងត្បូងប្រទេស ហើយបានបោះជំហានរុលទៅមុខទៀតឆ្ពោះទៅវាយដណ្តើមយកតំបន់ Kupiansk ដែលទីក្រុងយុទ្ធសាស្ត្រ ដើម្បីកាត់ផ្តាច់ការផ្គង់ផ្គង់ទំនិញ សំខាន់ៗរបស់កងកម្លាំងរុស្ស៊ី។ ចំណែក ប្រធានាធិបតីអ៊ុយក្រែនវិញ លោកបានបញ្ជាក់ម្តងហើយម្តងទៀត ពីមហិច្ឆតាចង់វាយយកឲ្យបាន ទឹកដីរបស់អ៊ុយក្រែនទាំងអស់មកវិញ។

ទាក់ទងសង្គ្រាមអ៊ុយក្រែននេះដែរ ប្រមុខអង្គការអូតង់លោក ស្តុលទែនប៊ែរ បានលើកឡើងថាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងបន្តអូសបន្លាយពេលយូរទៀតនិងបានព្រមានផងដែរពីការវិវឌ្ឍកាន់តែអាក្រក់ឡើងនូវវិបត្តិស្បៀងអាហារនិងថាមពល។ តែយ៉ាងណាក៏ដោយ អូតង់នឹងបន្តសម្របសម្រួល ជំនួយយោធា ជំនួយហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងទៀតដើម្បីជួយ អ៊ុយក្រែន។
គួរជម្រាបថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីនដែលមានវត្តមាននៅមូលដ្ឋានទ័ព អាមេរិកក្នុងទឹក ដីអាល្លឺម៉ង់ បានស្វាគមន៍ចំពោះជ័យជម្នះរបស់កងទ័ពអ៊ុយក្រែនកន្លងមក និងបានប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ ៦៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន៕

ads banner