រាជរដ្ឋាភិបាល រៀបចំកិច្ចព្រមព្រៀងថ្មីឲ្យក្រុមហ៊ុន AIAI អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ៖គណៈកម្មាធិការអន្តរក្រសួងមួយ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២២ ដើម្បីសិក្សានិងវាយតម្លៃ មុនផ្ដល់ការវិនិយោគថ្មីឲ្យ ក្រុមហ៊ុនសាងសង់ចិន (AIAI) អភិវឌ្ឍនិងគ្រប់គ្រងអាកាសយានដ្ឋាន យន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ ខណៈបច្ចុប្បន្ន អាកាសយានដ្ឋានទាំងពីរជាទីតាំងវិនិយោគនិងគ្រប់គ្រងដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានបារាំង(SCA)។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២២ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គណៈកម្មាធិការអន្តរក្រសួងនេះ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ជាប្រធាន ហើយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអនុប្រធានប្រចាំការ និងមានអនុប្រធាន សមាជិក ចំនួន ១៩រូបផ្សេងទៀត។

គណៈកម្មាធិការថ្មីនេះ មានតួនាទីពិនិត្យនិងសិក្សាកិច្ចព្រមព្រៀងសម្បទាន ដែលមានស្រាប់ទាំងអស់ ពាក់ព័ន្ធនឹងការវិនិយោគអាកាសយាន ដ្ឋាន អន្តរជាតិ នៅភ្នំពេញ និងខេត្តព្រះសីហនុ រវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុន សម្បទានអាកាសយានដ្ឋាន (SCA) និងជាមួយក្រុមហ៊ុនវិនិយោគអាកាស យានដ្ឋានកម្ពុជា (CAIC) ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី ឲ្យក្រុមហ៊ុនសាងសង់ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី(AIAI)។

គួរជម្រាបជូនថា ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាSCA បានចុះកិច្ច ព្រមព្រៀង ភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៥ ដែល ទទួលបានសម្បទានវិនិយោគលើការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញ អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា នៅរាជធានីភ្នំពេញ និងនៅ ក្រុងសៀមរាប និងនៅក្រុងព្រះសីហនុ។

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាមានភាគហ៊ុនពីរ គឺក្រុមហ៊ុន VINCI Airports របស់បារាំង (៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) ដែលជាក្រុមហ៊ុនរកស៊ីចូលហ៊ុនគ្នារវាងកម្ពុជា និងម៉ាឡេស៊ី។ នៅក្នុងឆ្នាំ២០១៧ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាន អន្តរជាតិទាំងអស់របស់កម្ពុជាមានចំនួនសរុប ៨,៨លាននាក់ ដោយ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាបទទួលបានចំនួន ៤,២លាននាក់ស្មើគ្នា និងបានផ្ដល់ការងារដល់ប្រជាជនកម្ពុជាជាង ១,៧លានការងារ ឬតំណាងឱ្យ ២០ភាគរយ នៃកម្លាំងពលកម្មសរុប ដែលពាក់ព័ន្ធនឹងសកម្មភាពរបស់អាកាសយានដ្ឋានអន្តរជាតិទាំងបីនេះ។
ចំណែកក្រុមហ៊ុន Angkor International Airport Investment Cambodia (AIAI)ដែលជាក្រុមហ៊ុនចិនវិញ កំពុងដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាមួយនឹងការតាំងចិត្តប្ដេជ្ញា សម្រេចឱ្យបាន ៧០% នៅដំណាច់ឆ្នាំ២០២២នេះ។

លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការផ្លាស់ប្ដូរ ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាននឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរទៅជាមួយដែរ។ លោកថ្លែងថា«អាចថា ក្រុមហ៊ុនចាស់សម្លឹង ឃើញ ឱកាសវិនិយោគថ្មីនៅកន្លែងផ្សេង អីចឹង គាត់អាចលក់ហ៊ុននេះ ទៅឲ្យអ្នក គ្រប់គ្រងអាកាសយានដ្ឋានថ្មី ឬក្រុមហ៊ុនចាស់ពុំមានលទ្ធភាពពង្រីក សេវាកម្មឲ្យលើសពីរាល់ថ្ងៃ ។ដូច្នោះគាត់លក់ភាគហ៊ុនឲ្យក្រុមហ៊ុនថ្មី ដើម្បីឲ្យក្រុមហ៊ុនថ្មីមានឱកាសពង្រីកផលិតកម្ម ហើយក្រុមហ៊ុនថ្មីនោះ ទៀត បើគេទិញភាគហ៊ុនថ្មីហ្នឹងខាតគេមិនទិញទេ! ។ដូច្នោះ សរុបមកវិញ គេអាចមានលទ្ធភាពពង្រីកនិងទទួលបានប្រាក់ចំណេញបន្ទាប់ពីប្រទេសកម្ពុជាបើកចំហសេដ្ឋកិច្ចឡើងវិញ»៕ ដោយ៖អេង រាជនី

ads banner