លោក ស៊ី ជីនពីង នឹង មាន អំណាចកាន់តែច្រើន នៅពេលដែល បក្សកុម្មុយនិស្តចិន ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ
ចិន:មុខតំណែងរបស់មេដឹកនាំចិនលោកស៊ី ជីនពីងនឹង ត្រូវកើនឡើងបន្ថែមទៀត បន្ទាប់ពីបក្សកុម្មុយ និស្តដែលកំពុងកាន់អំណាចនៅចិនបច្ចុប្បន្នបានប្រកាស ពីគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងសមាជបក្សក្នុងខែតុលាខាងមុខ។ នេះបើ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ(Xinhua)។
គម្រោងកែរដ្ឋធម្មនុញនេះកើតមានឡើង៥ឆ្នាំ នៅបន្ទាប់ពីមានការកែប្រែចុងក្រោយ បំផុតនៅក្នុងសមាជបក្សកាលពីឆ្នាំ២០១៧។ សមាជកាលណោះក៏បានជួយបន្ថែមនិងពង្រឹងអំណាចរបស់លោកស៊ីដែរ។
សេចក្តីរាយការណ៍របស់សារព័ត៌មានចិន Xinhua ចេញផ្សាយកាលពីថ្ងៃសុក្រទី៩ ខែកញ្ញា មិនបានបញ្ជាក់បន្ថែមព័ត៌មានលម្អិតទេតែគ្រាន់តែលើកឡើងថាមានមន្ត្រីសំខាន់ៗ របស់បក្សចំនួន២៥ រូបបានជួបពិភាក្សាគ្នាលើចំណុចស្នូលជាច្រើន។ ក្នុងចំណោមនោះ ពួកគេបានឯកភាពគ្នាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី២០ នាខែតុលាខាង មុខ ។
តាមរយៈសមាជនេះគេរំពឹង ថានឹងមានការបញ្ជាក់ជាផ្លូវការពីអាណត្តិដឹកនាំលើកទី ៣ របស់ លោកស៊ីក្នុងនាមជាមេដឹកនាំកំពូលរបស់ចិននិង ក៏មានផងដែរការផ្លាស់ប្តូរ នូវមុខតំណែងកំពូលមួយចំនួននៅក្នុងជួរគណបក្ស ។
សេចក្តីរាយការណ៍របស់Xinhua ក៏បានបន្តដែរថាការកែប្រែគឺចាំបាច់សម្រាប់បក្សកាន់អំណាចចិនដើម្បីបង្រួបបង្រួមគំនិតពង្រឹងវិន័យនិងរក្សាបាននូវ ទិសដៅគោល នយោបាយរបស់បក្ស។ “យើងត្រូវ តែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្របតាមលក្ខខណ្ឌថ្មី ដែលយើងប្រឈម និងបេសកកម្ម ដែល គណបក្ស ត្រូវ អនុវត្ត… យើងត្រូវតែបញ្ចូល ទ្រឹស្តី និង យុទ្ធសាស្ត្រចុងក្រោយបង្អស់ទៅក្នុង ធម្មនុញ្ញរបស់គណបក្ស ”។
ក្រៅពីប្រធានរឿងធ្វើ វិសោធនកម្ម នេះអង្គ ប្រជុំក៏បានពិនិត្យរបាយការណ៍មួយចំនួន ដែលនឹងត្រូវដាក់ក្នុងសមាជបក្សដោយគ្របដណ្តប់លើវិស័យមួយចំនួនដូចជាជំរុញការ ប្រឆាំងលើ ការចំណាយមិនចាំបាច់និងលើកកម្ពស់ការសន្សំសំចៃក្នុង ចំណោមសមាជិកបក្ស។
អ្នកវិភាគជឿថាការផ្លាស់ប្តូរ ថ្មីចុងក្រោយមានគោលបំណងពង្រឹងគ្រឹះកាន់អំណាចរបស់ លោក ស៊ីជីនពីងឱ្យ កាន់តែប្រសើរឡើងនៅក្នុងធម្មនុញ្ញបក្សដែលគ្រប់គ្រង សមាជិក ចំនួន ៩៥លាននាក់។ មានវ័យ ៦៩ឆ្នាំ លោកស៊ីត្រូវបានគេចាត់ទុកថាជាមេដឹកនាំ នយោបាយ ដ៏មានឥទ្ធិពលបំផុតនៅក្នុង ប្រទេសចិនមិនខុសពីលោកម៉ៅសេទុង និងតេង ស៊ាវពីងឡើយ៕
ដោយ:យ៉ាន អាន
ប្រភព៖ SCMP