ពិធីកាន់បិណ្ឌ៖ សម្ដេចតេជោនាយរកដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ដល់ប្រជាជន
ភ្នំពេញ:ពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏យូរលង់របស់ខ្មែរ បានឈានចូលមកដល់ហើយ នៅថ្ងៃទី១១ ខែកញ្ញានេះ ត្រូ វនឹងថ្ងៃ១រោច ខែភទ្របទ។ នាឱកាសនេះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រី កម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេច បានដាក់បញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
នៅកម្ពុជាបុណ្យ ភ្ជុំបិណ្ឌ ជាពិធីបុណ្យ មួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃព្រះរាជ ពិធីទ្វារទសមាសដែលប្រជាជនខ្មែរទូទាំងប្រទេសតែងប្រារព្ធពិធីនេះឡើងតាំងពីបុរាណ កាលមកមិនដែលខកខាន។ ពិធីបុណ្យនេះត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ចាប់តាំង ពី ថ្ងៃ ១ រោចរហូតដល់ថ្ងៃ ១៥ រោចខែ ភទ្របទ ពោលគឺមានរយៈពេល ១៥ ថ្ងៃ ដែលគេហៅ ថា បិណ្ឌ ១បិណ្ឌ ២ រហូតដល់ថ្ងៃបញ្ចប់គឺជាថ្ងៃ ភ្ជុំបិណ្ឌ ។ បុណ្យភ្ជុំបិណ្ឌក៏បានធ្វើឡើងស្របគ្នា នៅក្នុងព្រះវស្សារបស់ព្រះសង្ឃផងដែរ ។
កាលពីឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្ខំចិត្តផ្អាកពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីបិណ្ឌទី៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបញ្ចៀសការឆ្លងរាលដាលជាបន្តនៃជំងឺកូវីដ១៩ទ្រង់ទ្រាយធំ។ ទោះជាពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ត្រូវសម្រេចឲ្យផ្អាកពិតមែនក្តី ក៏ប៉ុន្តែទាំងរដ្ឋាភិបាល ទាំងក្រសួងធម្មការនិងសាសនា សុទ្ធតែបានណែនាំឲ្យអាជ្ញាធរាមមូលដ្ឋានរៀបចំសម្រួលការប្រគេនចង្ហាន់ និងទេយ្យវត្ថុនានាដល់ព្រះសង្ឃនៅតាមទីវត្តអារាមទូទាំងប្រទេស។
ដ្បិតតែផ្អាកការជួបជុំធ្វើបុណ្យនៅតាមទីវត្តអារាមក៏ពិតមែន រដ្ឋាភិបាលកម្ពុជា តាមរយៈលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លោកបានអនុញ្ញាតឲ្យប្រជាពលរដ្ឋឈប់សម្រាក និងធ្វើដំណើរពីទីកន្លែងទៅទីកន្លែងមួយទៀត ប៉ុន្តែត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល។ ការអនុញ្ញាតនេះ គឺលោកហ៊ុន សែន គូសបញ្ជាក់ថា គឺដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាអាចកំរើកជាបន្តទៀត ជាពិសេសសម្រាប់វិស័យទេសចរណ៍៕
ដោយ:កែវ កិរិយា