ទឹកជំនន់នៅប៉ាគីស្ថាន៖ សហគមន៍អន្តរជាតិដង្ហោយរកជំនួយមនុស្សធម៌បន្ទាន់រាប់ពាន់លានដុល្លារ ជួយប៉ាគីស្ថាន
ប៉ាគីស្ថាន:អគ្គ លេខាធិ ការអង្គការសហប្រជាជាតិ លោក Antionio Guterres ដែលកំពុងមានវត្តមាននៅក្នុងទឹកដីប៉ាគីស្ថាន បាន ដង្ហោយរក ជំនួយ មនុស្សធម៌ពីសហគមន៍អន្តរជាតិ មកជួយប៉ាគីស្ថាន ដែលកំពុងរងគ្រោះ ជន់លិច ដោយ សារទឹកជំនន់ទឹកភ្លៀង។ គ្រោះទឹកជំនន់ នៅប៉ាគីស្ថាននេះកំពុងប៉ះពាល់ ដោយផ្ទាល់ មនុស្សជាង ៣៣លាននាក់ និងរុញច្រានពលរដ្ឋប៉ាគីស្ថានកន្លះលាននាក់គ្មានផ្ទះសម្បែកជ្រកកោន។ វិបត្តិនៅប៉ាគីស្ថាននេះត្រូវបាន លោក Antionio Guterres ចាត់ទុកថា ជាការសបញ្ជាក់ពី សកម្មភាព ឆ្កួតលីលាមិនខ្វល់ខ្វាយបញ្ហា បម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបាន ដំណើរទៅដល់ ប៉ាគីស្ថាននៅ ថ្ងៃ ទី ៩ ខែកញ្ញា ឆ្នាំ ២០២២ ដើម្បីបំពេញ ទស្សនកិច្ច រយៈពេល២ថ្ងៃ នៅក្នុងប្រទេស ដែល កំពុង រងគ្រោះដោយសារ ទឹកជំនន់ទឹកភ្លៀងនេះ ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានរិះគន់ចាស់ដៃទៅលើ ការមិនខ្វល់ខ្វាយ មិនយកចិត្តទុកដាក់ និងការបែរខ្នងចំពោះបញ្ហាបម្រែបម្រួល អាកាសធាតុរបស់ពិភពលោក ពិសេស បណ្តាប្រទេស មហាអំណាចឧស្សាហកម្ម ដែលមក បំផ្លាញបរិស្ថាន តាមរយៈការអភិវឌ្ឍ នានា។ លោកសង្កត់ធ្ងន់ថា អ្វីដែលកំពុងកើតមាននៅក្នុងប្រទេសប៉ាគីស្ថាននេះ គឺជាការទទួលខុសត្រូវនិងជាការ បង្ហាញពីលទ្ធផលនៃ សកម្មភាព ឆ្កួតលីលា មិនខ្វល់ខ្វាយលើ បញ្ហា បម្រែបម្រួលអាកាសធាតុរបស់បណ្តាប្រទេសទាំងនោះ។
កាលពីសប្តាហ៍កន្លងទៅនេះ គ្រោះមហន្តរាយ ទឹកជំនន់ ដោយសារ ទឹកភ្លៀងនៅប៉ាគីស្ថាន បាន សម្លាប់ ជីវិត មនុស្សយ៉ាងហោច ១៤០០នាក់ និង បំផ្លាញយ៉ាងធ្ងន់ធ្ងរ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និង របរកសិកម្ម របស់ ប្រជាជន។ ប្រឈមនឹង វិបត្តិមនុស្សធម៌ ដ៏ធ្ងន់ធ្ងរនេះ ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវ រកជំនួយបន្ទាន់សម្រាប់ជួយ ប្រទេសប៉ាគីស្ថាន ក្នុងទំហំទឹកប្រាក់ដ៏ច្រើន ប្រមាណ ៣០ពាន់លានដុល្លារដើម្បីអាចងើបចេញពីវិបត្តិអាកាសធាតុនេះបាន ។
ភ្នាក់ងាររបស់ អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនដែលមាន អាមេរិកនិង អាមីរ៉ាត់អារ៉ាប់រួម កំពុងធ្វើការ បញ្ជូនជំនួយមនុស្សធម៌ ជាបណ្តើរៗ ទៅប្រទេសប៉ាគីស្ថាន ដឹកតាម យន្តហោះជំនួយមនុស្សធម៌ រហូតមកដល់ពេលនេះ គឺមាន ប្រមាណ ៦០ជើង ហើយ ។ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ ទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសផ្តល់ប្រាក់ជំនួយមនុស្ស បន្ថែមចំនួន ២០ លានដុល្លារឱ្យប៉ាគីស្ថាន ។ ដោយឡែក កម្ពុជាដែលជាប្រធានផ្លាស់វេនអាស៊ាននាឆ្នាំ២០២២នេះ បានផ្ដល់ជំនួយដល់ប៉ាគីស្ថាន ចំនួន៥០ពាន់ដុល្លារ ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងតែបំផ្លិចបំផ្លាញប្រទេសនេះ។
គួរជ្រាបថា ប្រមាណជា ៣០ឆ្នាំមកនេះ ប៉ាគីស្ថានមិនដែលធ្លាប់ជួប ភ្លៀងជន់លិចដោយខ្យល់មូសុង ក្នុង កម្រិតបរិមាណទឹក ៤ដងលើសកម្រិត មធ្យមទឹកភ្លៀងបែបនេះ ឡើយ។ ភ្លៀងធ្លាក់ដ៏ខ្លាំងនេះ បានជនលិច ១ភាគ៣ នៃ ផ្ទៃដី ប្រទេស ប៉ាគីស្ថាន ទន្ទឹម នឹង ការរលាយទឹកកក នៅតំបន់ភាគខាងជើង ដែលបណ្តាលមក ពី អាកាសធាតុក្តៅ ខ្លាំងរហូត ដល់ ៥០អង្សាកាលពីខែមេសាកន្លងទៅ៕
ដោយ:បណ្តូល ពេជ្រ