រុស្ស៊ីទទួលស្គាល់ ការដកទ័ពចេញ ពីទីតាំងឈ្លានពាន មួយ ចំនួន នៅភាគខាងកើត អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាស ទទួលស្គាល់ ភាពបរាជ័យឈ្លានពាន អ៊ុយក្រែននៅ តំបន់ ខាគីវ (Kharkiv)។
តាមក្រសួង ការពារជាតិរុស្ស៊ីនៅថ្ងៃ ទី ១០ ខែកញ្ញា ឆ្នាំ ២០២២ កងទ័ពរុស្ស៊ីដែលឈរជើងនៅ ទីតាំង ចំនួនពីរក្នុងតំបន់ Kharkiv ត្រូវបាន បញ្ជាឱ្យ ដកចេញ បន្ទាប់ពីកងទ័ព អ៊ុយក្រែន បើកការ វាយប្រហារដណ្តើមពីកណ្តាប់ ដៃរុស្ស៊ីវិញ ក្នុង សប្តាហ៍កន្លងទៅ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក Igor Konashenkov ឱ្យដឹងនៅថ្ងៃ ទី ១០ ខែកញ្ញា ថា កងទ័ពរុស្ស៊ីដែលប្រមូលផ្តុំ នៅទីតាំងចំនួនពីរគឺ Balakliya និង Izyum ក្នុងតំបន់ Kharkiv នៃ ប្រទេសអ៊ុយក្រែន ត្រូវបាន ដកចេញទាំងស្រុង ដោយសារ ការ វាយប្រហារដ៏ខ្លាំងក្លា ពី កងទ័ពអ៊ុយក្រែន រយៈពេលចុងក្រោយនេះ។ គួរជម្រាបថា Izyum គឺជាមូលដ្ឋានទ័ពដ៏សំខាន់មួយ របស់រុស្ស៊ីក្នុងការឈ្លានអ៊ុយក្រែននៅតំបន់ Kharkiv។
លោក Igor Konashenkov អះអាងថា ចំណាត់ការខាងលើនេះធ្វើឡើង ដើម្បីសម្រេចបាន គោលដៅនៃ ប្រតិបត្តិការយោធាពិសេសរុស្ស៊ី ក្រោមហេតុផល រក្សានិងរំដោះ តំបន់ Donbas ដែលជាតំបន់ ប្រកាស អធិបតេយ្យភាព បំបែកខ្លួនពីអ៊ុយក្រែន ។ នេះគឺ ជាការប្រកាសទទួលស្គាល់ភាពបរាជ័យលើកទី មួយ របស់ រុស្ស៊ីឈរជើងយោធា នៅតំបន់ Kharkiv ៦ខែបន្ទាប់ពីឈ្លានពានអ៊ុយក្រែននៅ ចុងខែកុម្ភៈមក។
ពីអ៊ុយក្រែនវិញ នៅថ្ងៃទី៩ ខែកញ្ញា លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអះអាងថា ទ័ពអ៊ុយក្រែន វាយ ដណ្តើមយកបានមកវិញនៅក្នុងតំបន់ Kharkiv នូវទីតាំងចំនួន ៣០ទីតាំង ស្មើនឹងទំហំផ្ទៃដីប្រមាណ ១ពាន់ គីឡូម៉ែត្រ ការ៉េ ។ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ កងកម្លាំងអ៊ុយក្រែន បាន ប្រកាស ដណ្តើម បាន ក្រុង ថ្មី មួយ ទៀត នៅភាគ ខាង ត្បូង និង ខាង កើត ប្រទេស ដោយ សម្រុក ទៅ មុខ បាន ជាង ១០គីឡូម៉ែត្រ។ កង ទ័ព អ៊ុយក្រែនអះអាង ថា ការ បន្ត រំកិល ទៅ មុខយ៉ាងរហ័សចូល តំបន់ Kupiansk បាន កាត់ ផ្តាច់ បណ្តោយផ្លូវទៅកាន់ទីតាំង Izyum ដែលជាទីតាំងជួរមុខឈរជើង របស់ទ័ពរុស្ស៊ី ដែលមានដាក់ពង្រាយដោយកាំភ្លើងធំនិងអាវុធទំនើបៗ។
គួរជ្រាបថា បណ្តាប្រទេសលោកខាងលិច បាន បង្ហាញការគាំទ្រប្រទេសអ៊ុយក្រែន ក្នុងការដណ្តើមអធិបតេយ្យភាពមកវិញ តាមរយៈ ជំនួយ អាវុធយោធា ជំនួយ មនុស្សធម៌ និង ហិរញ្ញវត្ថុ មកអោយអ៊ុយក្រែន ។ ខណៈកងទ័ព អ៊ុយក្រែនកំពុងវាយដណ្តើមទីតាំងក្នុងតំបន់ Kharkiv មកវិញពីកងទ័ពរុស្ស៊ី ប្រមុខដឹកនាំ ទ័ព យោធា របស់ អាឡឺម៉ង់ និងអាមេរិក បានមកបំពេញ ទស្សនៈកិច្ច នៅទីក្រុងកៀវ។
ប្រទេស អាមេរិកក៏ ទើប ប្រកាសបន្ថែម កញ្ចប់ជំនួយ ៦២៥លានដុល្លារ អោយ កងទ័ពអ៊ុយក្រែនផងដែរ។ ចំណែកអឺរ៉ុបវិញ ទើបតែបានសម្រេចផ្ដល់កម្ចីមួយកញ្ចប់ដល់អ៊ុយក្រែន ដែលមានតម្លៃ៥ពាន់លានអឺរ៉ូ។ ការសម្រេចនេះ ធ្វើឡើងក្នុង ជំនួបប្រជុំ ថ្នាក់ រដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុ អឺរ៉ុប នៅទីក្រុង ប្រាក ប្រទេស ឆែក នៅថ្ងៃ សុក្រ ទី០ ៩ និងថ្ងៃ សៅរ៍ ទី១១ ខែកញ្ញា។ កញ្ចប់ជំនួយនេះ បើតាមអឺរ៉ុប គឺសម្រាប់ឲ្យអ៊ុយក្រែនយកទៅប្រើប្រាស់ក្នុង វិស័យ សេវាកម្ម រដ្ឋ រដ្ឋបាល សាលារៀន មន្ទីរពេទ្យជាដើម៕
ដោយ:បណ្តូល ពេជ្រ