ភ្ជុំបិណ្ឌ៖ អ្នកសេដ្ឋកិច្ចថា ពលរដ្ឋនៅតែចាយវាយប្រាក់ដើម្បីធ្វើបុណ្យ ទោះវិបត្តិកូវីដកន្លងមក ប៉ះពាល់ចំណូលប្រចាំឆ្នាំរបស់ពួកគាត់ក៏ដោយ
ភ្នំពេញ៖ នៅថ្ងៃទី១នៃពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២២នេះ ពលរដ្ឋខ្មែរបានចំណាយប្រាក់កាស ដើម្បីធ្វើបុណ្យ ទោះវិបត្តិកូវីដកន្លងមក ប៉ះពាល់ចំណូលប្រចាំឆ្នាំរបស់ពួកគាត់ក៏ដោយ។ នេះបើតាមការសង្កេតរបស់អ្នកជំនាញផ្នែក សេដ្ឋកិច្ច ដែលគូសបញ្ជាក់ថា ប្រាក់កាសដែលពលរដ្ឋចាយវាយសម្រាប់ធ្វើបុណ្យនាឱកាសនេះ បានមកពីការត្រៀមសន្សំបម្រុងទុកជាមុន។
លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ច មកពីរាជ្យបណ្ឌិតសភាកម្ពុជា ថ្លែងថា៖ «វាមានកត្តារួមផ្សំ ដោយសារតែវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីបុរាណមកហើយ មានលុយឬអត់លុយក៏ត្រូវតែនាំគ្នាទៅវត្ត។ ហើយបន្ទាប់ពីបើកសេដ្ឋកិច្ចឡើងវិញ តាំងពីដើមឆ្នាំមកដល់ជិតដំណាច់ឆ្នាំផង ពលរដ្ឋអាចរកចំណូលបានសមគួរ។ ដូច្នេះ ដោយសារតែចំណូលដែលសន្សំតាំងពីដើមឆ្នាំមកនេះ វាមិនបង្កជាបញ្ហារំខានដល់ការធ្វើបុណ្យព លរដ្ឋឡើយ។»
បើតាមអ្នកសេដ្ឋកិច្ចរូបនេះ ពលរដ្ឋខ្មែរចំណាយលើការធ្វើបុណ្យ ទៅតាមលទ្ធភាពធនធានរបស់ខ្លួនដែលមាន រួមផ្សំនឹងការសន្សំសំចៃត្រៀមបម្រុងទុកជាមុន។ លោកថា៖ «ពលរដ្ឋគាត់ដឹងមុនថា ប៉ុន្មានខែខាងមុខទៀតដល់រដូវបិណ្ឌភ្ជុំ អ៊ីចឹងការចាយវាយរបស់គាត់ត្រូវសន្សំនិងគិតទុកមុន។»
ដោយឡែក អ្នកស្រី យួន សើយ ស្កាត់ពីកំពង់ចាមមកធ្វើបុណ្យនៅវត្តសុវណ្ណបទុម ភូមិចំបក់មាស នៃស្រុកមុខកំពូល ខេត្តកណ្ដាល និយាយថា មនុស្សចាស់ដូចគាត់សប្បាយនឹងការធ្វើបុណ្យទៅតាមសទ្ធា មានតិចធ្វើតាមតិច មានច្រើនធ្វើច្រើន។
អ្នកស្រី យួន សើយបន្ត៖ «មកវត្តថ្ងៃនេះសប្បាយណាស់ក្មួយ ចាស់ៗសប្បាយជាមួយបុណ្យនេះហើយ។ បើសិនជាកូវីដខ្លាំងដូចឆ្នាំមុន អត់បានដើរធ្វើបុណ្យទេខ្ញុំ ព្រោះកូនគេមិនឲ្យដើរ។ តែឆ្នាំមុន ទោះឃាត់យ៉ាងណា ខ្ញុំនៅតែឆ្លៀតមកវត្តបាន ចេះតែប្រាប់កូនថា វាមិនអីទេ កុំភ័យពេក។»
នៅក្នុងវ័យជាង៦០ប្លាយ អ្នកស្រី យួន សើយ ឲ្យដឹងថា ធនធានថវិកាសម្រាប់ចំណាយក្នុងការធ្វើបុណ្យ បានមកពីការផ្ដល់ឲ្យរបស់កូន។ អ្នកស្រីបន្តថា៖ «កូនចូលបុណ្យម្នាក់បន្តិចៗទុកសម្រាប់តែធ្វើបុណ្យទេ។ ហើយតាមខ្ញុំគិត តាំងពីកាន់បិណ្ឌទម្រាំដល់ភ្ជុំក្បែរ គ្រោងចំណាយខ្ទង់លានរៀលដែរហ្នឹង ព្រោះយើងដើរធ្វើបុណ្យគ្រប់វត្ត។ ចាស់ៗគេសួរថា ហ្អែងបានលុយពីណាធ្វើបុណ្យ ខ្ញុំប្រាប់ថា កូនខ្ញុំចូលបុណ្យ អ៊ីចឹងខ្ញុំត្រូវធ្វើបុណ្យត្រឡប់ទៅវិញ។»
ងាកមក លោកយាយ ពៅ ញ៉េប ឋិតនៅក្នុងវត្តសុវណ្ណបទុមផងដែរ មានប្រសាសន៍ថា៖ «ធ្វើបុណ្យ មិនចាំបាច់ទាល់តែមានលុយធំទើបហៅថាការធ្វើបុណ្យទេ។ សូម្បីលុយមួយពាន់រៀល ចូលចំណែកកសាងវត្តក៏ជាបុណ្យដែរ។ លោកយាយបន្ថែមថា៖ «វាមិនខុសពីទ្រឹស្ដីដែលយើងតែងនិយាយថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ទេ។ បើយើងក្រ បាយមួយដុំក៏ជាបុណ្យដែរ ហើយបើគេអ្នកមាន ទានរបស់របស់គេ ជាសាច់គោ ក៏យើងធ្វើបានត្រឹមត្រីដែរ។ អ៊ីចឹងសរុបមក បុណ្យ បើគេមានចំណាយច្រើន គេបានបុណ្យតាមហ្នឹង។ យើងអ្នកអត់ ធ្វើបានប៉ុណ្ណា យកប៉ុណ្ណឹង។ ខ្ញុំគិតអ៊ីចឹង តែមិនប្រាកដថា គេគិតដូចខ្ញុំទេ។ នេះអ៊ំគ្រាន់តែឧទាហរណ៍ឲ្យងាយយល់ទេក្មួយ។»
ដូនចាស់រូបនេះច្រានការរិះគន់ដែលថា ការចំណាយធ្វើបុណ្យរបស់ពលរដ្ឋខ្មែរមានភាពខ្ជះខ្ជាយ។ លោកយាយ ពៅ ញ៉េប៖ «បើមិននាំគ្នាធ្វើបុណ្យ បែកបាក់សាមគ្គី បាត់ទំនៀមទម្លាប់ លែងស្គាល់ការដឹងគុណខុសត្រូវហើយ។ ទោះជាវត្តចាលម្ហូបដែលបានមកពីចង្ហាន់ ក៏ព្រះសង្ឃគង់ក្នុងវត្តធ្វើទានឲ្យអ្នកឃ្លានដែរ។ នេះមិនហៅថាបុណ្យ តើវាខ្ជះខ្ជាយត្រង់ណា មួយឆ្នាំមានម្ដង។»
ចំណែក លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានវាយតម្លៃថា ថ្ងៃទី១នៃពិធីបុណ្យកាន់បិណ្ឌ ពលរដ្ឋក្នុងចំនួនដ៏ច្រើនបាននាំគ្នាទៅវត្ត ខណៈវត្តនៅទូទាំងប្រទេសតិចឬច្រើន បានទទួលចង្ហាន់ពីពុទ្ធបរិស័ទ។ លោកចាត់ទុកថា នេះជាបរិយាកាសមួយល្អ បន្ទាប់ពីស្រុកទេសស្រាកស្រាន្តពីវិបត្តិកូវីដ១៩ ហើយពលរដ្ឋសប្បាយនឹងការធ្វើបុណ្យ ដែលសម្រាប់លោក នេះឆ្លុះបញ្ចាំងពីភាពសុដុមនីយកម្មនៅក្នុងសង្គម៕ ដោយ៖ អេង រាជនី