រថយន្តអគ្គិសនី តម្លៃសមរម្យ នឹង មានកាន់តែច្រើន ទោះតម្លៃថ្មកើនឡើង
អន្តរជាតិ៖ ទោះបីជាតម្លៃថ្មកើនឡើង ក៏ដោយប៉ុន្តែក្រុមហ៊ុនរថយន្តកំពុងបញ្ចេញ រថយន្ត ដើរដោយថាមពលអគ្គិសនី (EV) ម៉ូដែល ថ្មីៗ បន្ថែមទៀត ដែលមានតម្លៃសមរម្យ ជាងមុន។ តម្លៃ សមរម្យ នៃ រថយន្ត អគ្គិសនីនេះ គឺជាអន្ទាក់ អន្ទងចិត្តឲ្យ អតិថិជនងាកមកប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី កាន់ តែ ច្រើន។
កាលពី ថ្ងៃ ព្រហស្បតិ៍ ទី៨ ខែកញ្ញា ក្រុមហ៊ុន General Motors បាន បញ្ចេញ រថយន្ត ម៉ូដែល ថ្មី របស់ ខ្លួន ជាប្រភេទ SUV ខ្នាតតូច ឈ្មោះ Chevrolet Equinox។ រថយន្ត នេះ មាន តម្លៃ ចាប់ ៣ម៉ឺន ដុល្លារ អាមេរិក ទៅ ដែល មាន ជម្រើស ចម្ងាយ នៃ ការ បើកបរ ចាប់ ពី ៤០០គីឡូ ម៉ែត្រ រហូត ដល់ ៥០០ គីឡូ ម៉ែត្រ ។
អ្នក វិភាគ នៅ ក្នុង ឧស្សាហកម្ម រថយន្ត បាន លើក ឡើង ថា រថយន្ត ដែល មាន តម្លៃ ប្រហែល ៣ម៉ឺន ដុល្លារ ហើយ អាច បើកបរ បាន ក្នុង ចម្ងាយ ជាង ៤០០គីឡូ ម៉ែត្រ គឺ ជា គន្លឹះ ក្នុង ការ ទាក់ទាញ អ្នក ប្រើប្រាស់ ឲ្យ ប្តូរ មកប្រើ ប្រភេទ រថយន្ត អគ្គិសនី ជំនួសឲ្យរ ថយន្ត ប្រើ ប្រេង ឥន្ធនៈ ។
លោក Ivan Drury នាយក ផ្នែក ព័ត៌មាន ទូទៅ នៃ ក្រុមហ៊ុន Edmunds.com បានចាត់ទុក តម្លៃ នេះ ថា ជា ចំណុច ចាប់ផ្ដើមដ៏ ល្អ មួយ ពោល គឺ ជា ការឆ្លើយតប ទៅនឹងអ្វី ដែល អតិថិជន កំពុង ទាមទារ ចង់ បាន ។
អ្នកវិភាគ នៅ ក្នុង ឧស្សាហកម្ម រថយន្ត បន្ត ថា ប្រសិន បើ ម៉ូដែល Chevrolet Equinox មាន ការ រចនា ផ្ទៃ ខាង ក្នុង ប្រកប ដោយ ភាព ទាក់ ទាញ អម ជា មួយ កន្លែង ដាក់ ឥវ៉ាន់ ធំ និង កន្លែង អង្គុយ ធំ ទូលាយ ហើយ ស្រដៀង ទៅ នឹង ប្រភេទ រថយន្ត SUV ខ្នាតតូច ដែល ប្រើប្រេងឥន្ធនៈ នា ពេល បច្ចុប្បន្ន នោះ វា នឹង ក្លាយ ជា ជម្រើស ដ៏ ពេញ និយមបំផុត សម្រាប់ អ្នក ប្រើប្រាស់ រថយន្ត នៅ សហរដ្ឋ អាមេរិក ។ ប្រហែល ២០ភាគរយនៃ រថយន្ត ថ្មី ទាំង អស់ ដែល បាន លក់នៅ សហរដ្ឋ អាមេរិក គឺ ជា រថយន្ត ប្រភេទ SUV ខា្នត តូច ។
កាល ពី ប៉ុន្មាន ឆ្នាំ មុន រថយន្ត អគ្គិសនី មាន តម្លៃ ថ្លៃ ហើយ ភាគ ច្រើន ផ្តោត តែ ទៅ លើ ប្រណិត ភាព សម្រាប់ អ្នកទិញ ដែល មាន ជីវភាព ធូរធា ឬ ក៏ ជា រថយន្ត ដែល មាន តម្លៃ ថោក ប៉ុន្តែ អាច បើកបរ បាន ចម្ងាយ ជិតៗ ប៉ុណ្ណោះ។ ជាក់ ស្តែង រថយន្ត របស់ ក្រុមហ៊ុន Tesla Model 3 គឺជា ប្រភេទ រថយន្ត អគ្គិសនី ដែល មាន តម្លៃ ទាប ជាង គេ ក្នុង ចំណោម ប្រភេទ រថយន្ត ផ្សេង ទៀត របស់ ក្រុម ហ៊ុន រថយន្ត ដ៏ ល្បី របស់ អាមេរិក Tesla។ តម្លៃ របស់ Model 3 ដាក់ លក់ ចាប់ ពី ៤.៨ម៉ឺន ដុល្លារ ខណៈ រថយន្ត Model X ប្រភេទ SUV ដាក់ លក់ ក្នុង តម្លៃ ចាប់ ពី ១២ ម៉ឺន ដុល្លារទៅ ។
ប្រភេទ រថយន្ត អគ្គិសនី (EV) ដែល មាន តម្លៃ ក្រោម ៣ម៉ឺន ដុល្លារ បច្ចុប្បន្ន នេះ មាន ម៉ូដែល Nissan Leaf និងរថយន្ត ម៉ូដែល Chevrolet Bolt។ រថយន្ត ទាំង ពីរ នេះ មាន ទំហំ តូច ជាង បន្តិច ពី ប្រភេទ រថយន្ត ដែល ប្រើ ឥន្ធនៈ ។ នេះ បើ តាម ក្រុមហ៊ុន ជំនាញ ផ្នែក រថយន្ត Edmunds។
ក្រុមហ៊ុន General Motors ប្រហែល ជា ពិបាក ក្នុង ការ រក្សា តម្លៃ សម្រាប់ ម៉ូដែល Equinox ខ្ទង់ ៣ម៉ឺន ដុល្លារ ដែល បញ្ហាធំ គឺ ដោយ សារ តែ សារធាតុ រ៉ែ ដូច ជា លីចូម ទង់ដែង កូបាល និង នីកែល ដែល ជា សមាស ធាតុសំខាន់ សម្រាប់ ផលិត ថ្ម រថយន្ត កំពុង កើន ឡើង តម្លៃ យ៉ាង ឆាប់ រហ័ស ។
លោក Ivan Drury នាយក ផ្នែក ព័ត៌មាន ទូទៅ នៃ ក្រុម ហ៊ុន Edmunds.com បាន លើក ឡើង ថា ប្រសិន បើ ក្រុម ហ៊ុន GM អាច រក្សា តម្លៃ លក់ ដែល ផ្តើម ពី ៣ម៉ឺន ដុល្លារ បាន នោះ តម្រូវ ការ នៅ លើ ទីផ្សារ សម្រាប់ ម៉ូដែល នេះ នឹង មាន ការ កើន ឡើង ហើយ ក្រុម ហ៊ុន អាច នឹង ផលិត ម៉ូដែល នេះ សម្រាប់ តម្លៃ ខ្ពស់ ជាង មុន។
នៅ ឆមាសទី១ ឆ្នាំ២០២២ នេះ ការ លក់ រថយន្ត អគ្គិសនី បាន កើន ឡើង ៦៨% ធៀប នឹង រយៈពេល ដូច គ្នា កាល ពី ឆ្នាំ មុន ពោល គឺ កើន ឡើង ជាង ៣១ម៉ឺនគ្រឿង ៕ ដោយ៖ យ៉ាន អាន