ថ្នាក់ដឹកនាំខេត្តរតនគិរីអញ្ជើញកាន់បិណ្ឌទី ១ នៅវត្តឥសាន្តរតនារាម (វត្តភ្នំស្វាយ)
រតនគិរី៖ ដើម្បីជួយផ្គត់ផ្គង់ទំនុកបំរុងដល់ព្រះសង្ឃ និងរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិដែលមានតាំងពីបុរាណកាលមកឱ្យបានស្ថិតស្ថេរគង់វង្សនោះ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ១រោជ ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តរួមនិងពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តឥសាន្តរតនារាមហៅវត្តភ្នំស្វាយ ស្ថិតនៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ។
ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃ ក្នុងរដូវវស្សាពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ ម្យ៉ាងទៀតក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនរបស់ពួកគាត់ឱ្យ បានទៅកាន់សុគតិភពផងដែរ។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តឥសាន្តរតនារាមនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សានិងឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមគ្រួសាររួមនឹងពុទ្ធបរិស័ទទាំងអស់បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១ រោចដល់ថ្ងៃ១៥ រោចខែភទ្របទ ។ ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនីយមធ្វើតៗគ្នាតាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរឱ្យបានស្ថិតស្ថេរគង់វង្សតាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានា ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឱ្យបាត់បង់។ ប៉ុន្តែត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ១៩បើទោះបីជំងឺនេះមានការធូស្រាលក្នុងប្រទេសកម្ពុជាក៏ដោយ ៕ ដោយ គតិ យុត្ត