កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ខេត្តកំពង់ចាម ៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំធ្វើនៅសាលប្រជុំសសរ១០០ សម្តេចតេជោ ស្ថិតក្នុងបរិវេណមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ឡើងអានសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាលស្តីពីការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានិត ជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីស្តាប់សេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងពិភាក្សារៀនសូត្រនូវចំណុចជោគជ័យ និងការប្រឈមមួយចំនួន ដែលយើងទាំងអស់គ្នាទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនាំឱ្យគណបក្សយើងឈ្នះភ្លូកទឹកភ្លូកដីលើគូប្រកួត និងធ្វើឱ្យគណបក្សយើងជាគណបក្សតែមួយគត់ដែលបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ទឹកចិត្ត ឆន្ទៈ និងសកម្មភាពដ៏ឧត្តុង្គឧត្តមនៃថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សយើងទាំងអស់គ្នានេះហើយ ដែលជាប្រភពកម្លាំងដ៏ធំធេង ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយជោគជ័យក្នុងរយៈពេលជាង ៤៣ឆ្នាំមកនេះ ដោយបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជន តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងតម្កល់ប្រយោជន៍ជាតិ និងប្រជាជន ជាធំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជន គឺរក្សាសន្តិភាព និងបន្តការអភិវឌ្ឍ ហើយសមាជិកបក្សចាស់ក្តី ថ្មីក្តី គឺមានតួនាទីសំខាន់ដូចគ្នាក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស សំដៅកសាងទំនាក់ទំនងល្អជាមួយនឹងប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស និងច្បាប់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង និងការជួយគ្នាទៅវិញទៅមកនៅក្នុងសង្គម និងខិតខំពន្យល់ប្រជាជនពីអំពើល្អរបស់គណបក្សយើង គឺការបោះឆ្នោតឱ្យគណបក្សប្រជាជន ជាការបោះឆ្នោតឱ្យខ្លួនឯង ដើម្បីរក្សាសេចក្តីសុខសន្តិភាព បើមានសន្តិភាពទើបអាចអភិវឌ្ឍបាន។ ដើម្បីរក្សាភាពឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន ៨ចំណុច ដើម្បីឲ្យសមាជិកសមាជិកគណបក្សទាំងអស់យកទៅអនុវត្តប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner