CAMSOC បានផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដើម្បីសម្រេចបានលើគោលការណ៍សន្សំសំចៃ នៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងបញ្ជាក់ថា ដើម្បីសម្រេចបានលើគោលការណ៍សន្សំសំចៃ នៅព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ -អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ CAMSOC បានប្រើប្រាស់យន្តការផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដែលមានវិជ្ជាជីវៈខ្ពស់ មានលក្ខណៈទាក់ទាញ សោភ័ណ្ឌភាព ជាពិសេសគឺភាពស្មោះត្រង់របស់ក្រុមហ៊ុន នៃដំណើរការការងាររបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងលើគោលការណ៍សន្សំសំចៃ តម្លាភាព សុច្ចរិតភាព គណនេយ្យភាព ។ ការបញ្ជាក់នេះធ្វើក្រោយកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយត្រួតពិនិត្យលើគណៈកម្មការទីផ្សារ និងចលនូបត្ថម្ភនៃ CAMSOC និងការបង្ហាញរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិនេះ ដើម្បីឲ្យស្របតាមគោលការណ៍សន្សំសំចៃប្រកបដោយសុច្ចរិតភាព។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គូសបញ្ជាក់ទៀតថា ដើម្បីពិនិត្យមើលលើការកៀរគរស្វែងរកចំណូល រួមទាំងការជំរុញការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងពីដំណើរការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ទៅក្នុងស្រទាប់មហាជន ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ CAMSOC ចង់ឲ្យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា មានភាពផុសផុលខ្លាំងក្លានៅគ្រប់ទីកន្លែងទាំងអស់ ដោយដំណើរការនេះទទួលបានជោគជ័យ លុះត្រាតែមានការគាំទ្រគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់។ ចំពោះផ្នែកគណៈកម្មការទីផ្សារ និងចលនូបត្ថម្ភបានផ្តល់សិទ្ធិជូនទៅក្រុមហ៊ុន Path mazing INC ដែលជាអ្នករ៉ាប់រងក្នុងការរកចំណូល ហើយត្រូវបានកំណត់ក្នុងច្រកចេញចូលតែមួយ ដើម្បីជំរុញឲ្យមានតម្លាភាព គណនេយ្យភាព។ ដើម្បីលើកកម្ពស់បន្ថែមលើគោលការណ៍សន្សំសំចៃខ្ពស់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គឺ CAMSOC បានប្រើប្រាស់យន្តការផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដែលមានវិជ្ជាជីវៈត្រឹមត្រូវច្បាស់លាស់។ «ទាំងអស់នេះហើយ ដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC បានឯកភាពជាគោលការណ៍ក្នុងការផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា តាមរយៈបទបង្ហាញរបស់ក្រុមហ៊ុន Path mazing INC គឺពិតជាមានភាពច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដោយមានលក្ខណៈទាក់ទាញ សោភ័ណ្ឌភាព ជាពិសេសគឺភាពស្មោះត្រង់ ប៉ុន្តែ CAMSOC នៅតែជាម្ចាស់ ក្នុងការគ្រប់គ្រងដឹកនាំ តម្រង់ទិសលើការងារបច្ចេកទេសដល់ក្រុមហ៊ុនជាដៃគូ» ។ ឈានទៅរកសុខដុមនីយកម្ម នៃការងាររបស់ CAMSOC ដែលបង្កើតឲ្យបាននូវការយោគយល់គ្នា ភាពប្រទាក់ក្រឡា ហើយរួមគ្នាក្នុងស្មារតីការងារជាក្រុម។ «នេះជាចំណុចពិសេស ដែលឯកឧត្តមបណ្ឌិត ថោង ខុន តែងតែយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់មកដល់ក្រុមជំនាញទាំងអស់គ្នា ដើម្បីជំរុញឲ្យយើងទាំងអស់គ្នាមានការទទួលខុសត្រូវខ្ពស់ចំពោះការបែងចែកតួនាទី ភារកិច្ចនៃដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងឲ្យទទួលបានជោគជ័យ» ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner