អគ្គនាយិកា ក្រុមហ៊ុនជីប ម៉ុង រីថែល បញ្ជាក់ថា វត្តមានផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជួយលើកកម្ពស់ការលក់ទំនិញរាយ ជាមួយនឹងការនាំយកផលិតផលម៉ាក់ល្បីៗក្រៅប្រទេសដល់ប្រជាជនកម្ពុជា
ភ្នំពេញ ៖ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល បានបញ្ជាក់ថា វត្តមានផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ជួយលើកកម្ពស់ការលក់ទំនិញរាយ ជាមួយនឹងការនាំយកផលិតផលម៉ាក់ល្បីក្រៅប្រទេសដល់ប្រជាជនកម្ពុជា ។ ការលើកឡើងនេះក្នុងឱកាសបើកដំណើរការសាកល្បងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល មានទីតាំងក្នុងគម្រោងលែនម៉ាក ២៧១ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល បន្ថែមថា ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល គឺប្រមូលផ្តុំទៅដោយផលិតផលល្បីៗ នៅក្នុងស្រុក និងអន្តរជាតិ ដែលមានទៅដល់ ១៧០ ម៉ាកសម្រាប់បំពេញតម្រូវការចាំបាច់របស់អតិថិជន និងប្រជាពលរដ្ធគ្រប់ស្រាទាប់វណ្ណៈ ។
លោកជំទាវអគ្គនាយិកា មានជំនឿថា ការនាំចូលប្រេនល្បីៗលំដាប់អន្តរជាតិនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរទៅទិញទំនិញក្រៅប្រទេសនោះឡើយហើយ ជីប ម៉ុង មេហ្កាម៉ល នឹងក្លាយទៅជាគោលដៅទិញទំនិញដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេស ។
សូមបញ្ជាក់ថា ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្កាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលផ្តើមសាងសង់ចាប់តាំងពីឆ្នាំ ២០១៨ មក លើផ្ទៃក្រឡាជាង ១៦ម៉ឺនម៉ែត្រការ៉េ កម្ពស់៤ជាន់ មានទំហំវិនិយោគប្រមាណ ១៥០លានដុល្លារ ដោយមានហាងម៉ាកល្បីៗជាច្រើនមកពីជុំវិញពិភពលោក និងមានកន្លែងចតយានជំនិះធំទូលាយ ផ្តល់ភាពងាយស្រួលដល់អតិថិជន ៕ ដោយ / គ្រី សម្បត្តិ