សាមស៊ុងបើកយុទ្ធនាការចំអកឡកឡាយទូរស័ព្ទ អាយហ្វូន 14 ដែលទើបតែចេញថ្មី
កូរ៉េ៖ក្រុមហ៊ុនផលិតទូរស័ព្ទរបស់កូរ៉េខាងត្បូង សាមស៊ុង (Samsung) កំពុងបន្តយុទ្ធនាការចំអកឡកឡាយ លើ ទូរស័ព្ទ ម៉ូដែល iPhone 14 របស់ក្រុមហ៊ុនអាមេរិកអេនផល( Apple) ដែលទើបតែដាក់បង្ហាញថ្មីកាលពីប៉ុន្មានថ្ងៃមុនេះ។
តាមរយៈបណ្តាញសង្គមរបស់ខ្លួន Samsung បានបង្ហោះសារជា បន្តបន្ទាប់ ដាក់អមជាមួយនូវអត្ថន័យបែបចំអន់លើទូរស័ព្ទ ម៉ូដែលថ្មី របស់ក្រុម Apple។
ក្រុមហ៊ុន Samsung បានបង្ហោះសារនៅលើបណ្តាញសង្គម Twitterថាខ្លួនមានប្រភេទទូរស័ព្ទដែលអាចបត់បានជាងពីរឆ្នាំមកហើយ និងបានដាក់ជាសំនួរបែបឌឺដងទៅកាន់ក្រុមហ៊ុន Apple ថា «ឯណាទៅទូរស័ព្ទដែលអាចបត់បាននោះ, Apple?» ជាសំនួរដែល ចំអកឲ្យក្រុមហ៊ុន Apple ថាខ្វះភាពច្នៃប្រឌិតក្នុងបង្កើតទូរស័ព្ទដែល អាចបត់បាន ដូចក្រុមហ៊ុននានាដែលផលិតពពួកទូរស័ព្ទដើរដោយ ប្រព័ន្ធប្រតិបត្តិការ Android។
ជាការពិត ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងនេះ មាន សមត្ថភាព ផលិតអេក្រង់ដែលអាចបត់បាន សម្រាប់ផ្គត់ផ្គង់ឲ្យ ក្រុមហ៊ុន Apple។ ដូច្នេះបើក្រុមហ៊ុន Apple ចង់បង្កើតទូរស័ព្ទ ដែលមានអេក្រង់អាចបត់បាន នោះក្រុមហ៊ុនកូរ៉េនៅតែទទួល បានផលចំណេញ។
ក្រឡេកមើលការបង្ហោះមួយទៀតនោះ ក្រុមហ៊ុន Samsung បាន ចំអន់ លើក្រុមហ៊ុន Apple ដែលទើបតែមកប្រើកាមេរ៉ាថ្មី តែ មាន ទំហំតូច។ Samsung ថាក្រុមហ៊ុន Apple នៅតែប្រើប្រភេទ កាមេរ៉ាទំហំ 48MP ខណៈដែលទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ឯណោះវិញ បានប្រើប្រភេទកាមេរ៉ាឡើងដល់ទំហំ 108MP ជាង២ឆ្នាំមកហើយ។
នេះមិនមែនជារឿងថ្មីទេ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យារបស់ កូរ៉េខាង ត្បូង ដែលតែងតែចំអន់ចំអកដាក់ផលិតផលថ្មីរបស់ ក្រុមហ៊ុន ប្រកួតប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Apple។ នៅពេលដែល ក្រុមហ៊ុននេះ ផ្សព្វផ្សាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម របស់ខ្លួនចំអន់លើ Apple មនុស្សមួយចំនួនចាប់ផ្តើមទទួល អារម្មណ៍ ថា Samsung ដូចជាប្រឹងប្រែងហួសហេតុពេកក្នុង យុទ្ធនាការរវាយប្រហារគូប្រជែងរបស់ខ្លួន។
យ៉ាងណាក៏ដោយ អ្នកគាំទ្រលើផលិតផលរបស់ក្រុមហ៊ុន Samsung បានបង្ហាញនូវការពេញចិត្តចំពោះសារចំអន់ លើ ផលិតផលក្រុមហ៊ុន Apple និងចង់ឲ្យមានការបន្តវាយប្រហារ លើក្រុមហ៊ុនអាមេរិកថែមទៀត ដែលមិនមានភាពច្នៃប្រឌិត ថ្មីសម្រាប់ផលិតផលរបស់ខ្លួន។
គេប្រហែលជានៅចាំមិនភ្លេចទេថា ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង មួយនេះធ្លាប់ដាក់ផ្ទាំងពាណិជ្ជកម្មចំអន់ឲ្យក្រុមហ៊ុនអាមេរិក Apple ពាក់ព័ន្ធដុំសាកថ្ម ដែលពេលនោះ Apple បានដាក់លក់ទូរស័ព្ទ របស់ខ្លួនដោយមិនដុំសាកមកជាមួយ។ ក្រោយពីចំអន់ដាក់ Apple មិនបានមួយឆ្នាំផង Samsung ក៏អនុវត្តតាមក្រុមហ៊ុន Apple ពោលគឺក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះលក់ទូរស័ព្ទរបស់ខ្លួន ដោយ គ្មានដុំសាកថ្មដែរ៕
ដោយ៖យ៉ាន អាន