ស្ថានទូតបារាំងនៅភ្នំពេញ នឹងបើកទ្វារទទួលសាធារណជនចូល ទស្សនា ក្នុងទិវាបេតិកភណ្ឌ នាថ្ងៃទី១៧ ខែកញ្ញាខាងមុខ
ភ្នំពេញ៖ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារទទួលសាធារណ ជនឲ្យចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខបន្ទាប់ពីខកខានមិនបានប្រារព្ធកាលពីឆ្នាំកន្លងទៅដោយសារស្ថានភាពកូវីដ១៩។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូត បារាំង ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញានេះ។
ស្ថិតក្រោមប្រធានបទ«បេតិកភណ្ឌប្រកបដោយចីរភាព» ទិវានេះនឹង អនុញ្ញាតឱ្យសាធារណជន ស្វែងយល់អំពីអគារនានាដែល បង្កប់ ដោយ ប្រវត្តិសាស្រ្ត ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។
មានទំហំ៤,៧ហិកតា ឧទ្យានស្ថានទូតបារាំងស្ថិតក្នុងចំណោម លំហបៃតង ធំជាងគេមួយនៅរាជធានីភ្នំពេញ ដោយមានផ្ទុកនូវ ជីវៈចម្រុះ ដ៏មានតម្លៃ ដូចជាដើមឈើ២០០ដើមដែលស្ថិតក្នុង ៥០ ប្រភេទផ្សេងៗគ្នា និងសត្វមួយចំនួនដែលបច្ចុប្បន្នស្ថានទូត កំពុងចុះ បញ្ជី។
ស្ថានទូតបានធ្វើស្លាករៀបរាប់អំពីដើមឈើមានតម្លៃដែលស្ថិតនៅក្នុងឧទ្យានស្ថានទូត។
ការទស្សនានឹងប្រព្រឹត្តទៅដោយមានការពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ ហើយអ្នកទស្សនាអាច ជ្រើសរើស ចូលក្នុង ក្រុមណាមួយខាងលើ។
អ្នកទស្សនាក៏នឹងអាចស្វែងយល់ផងដែរអំពីស្នាដៃសិល្បៈមួយចំនួនក្នុងឧទ្យាន រួមទាំងអតីតក្លោងទ្វារស្ថានទូតដែលលោក ហ្វ្រង់ស៊័រ ប៊ីហ្សូបានរៀបរាប់នៅក្នុងស្នាដៃរបស់លោកស្តីពីការដួលរលំនៃទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៥។
បើតាមស្ថានទូតបារាំង ទិវានេះនឹងបិទបញ្ចប់ដោយការបង្ហាញ រូបថតស្ត្រី និងបុរសនានា ដែលនឹងបង្កើតបេតិកភណ្ឌក្នុងពេល អនាគត។
រូបថតទាំងនេះត្រូវបានដាក់តាំងលើរបងមុខស្ថានទូតបារាំងក្នុងក្របខ័ណ្ឌនៃពិព័រណ៍ «រម្លឹកខួប៣០ឆ្នាំនៃវិទ្យាស្ថានបារាំងនៅកម្ពុជា»។
សម្រាប់ទិវាបេតិកភណ្ឌ នាថ្ងៃទី១៧ ខែកញ្ញាខាងមុខ ស្ថានទូត បារាំង នឹងបើកទ្វារជូនសាធារណជនចូលទស្សនាពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល។ អ្នកទស្សនាអាចចូលទៅកាន់បរិវេណរៀបចំទិវានេះដោយសេរី និងដោយពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ (លើកលែងទឹកសុទ្ធ) និងកាបូបធំៗចូលនោះទេ។ អ្នកទស្សនាត្រូវពាក់ម៉ាស ហើយគោរពវិធានការសុខាភិបាល ហើយគួរពាក់ស្បែកជើងដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងឧទ្យាន។
សូមបញ្ជាក់ថា ទិវាបេតិកភណ្ឌនៅកម្ពុជា ធ្វើឡើងនៅក្នុងក្របខ័ណ្ឌ នៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានផ្តួចផ្តើមគំនិតដោយប្រទេស បារាំង ហើយបច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០។ នៅកម្ពុជា អគារបេតិកភណ្ឌល្អឯកផ្សេងទៀត ក៏នឹងបើកទ្វារទទួល សាធារណជនចូលទស្សនាផងដែរ នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ នេះ ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការយូណេស្កូនៅភ្នំពេញ។ ចំណែកម៉ោងពេល និងបែបបទនៃការចូលទស្សនា នឹងត្រូវបានកំណត់ដោយស្ថាប័ន នីមួយៗ៕
ដោយ៖កែវ កិរិយា