អាកាសចរណ៍ស៊ីវិល៖ ព្រលានអន្ដរជាតិថ្មី នៅខេត្ដសៀមរាប បានសាងសង់សម្រេចបានជាង ៤០ភាគរយហើយ

ខេត្ដសៀមរាប ៖ នៅពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំក្រុមការងារធ្វើទស្សនមិច្ចព្រលានយន្ដហោះអន្ដរជាតិថ្មី នៅខេត្ដសៀមរាប ដើម្បីពិនិត្យមើលវឌ្ឍនៈភាពនៃការសាងសង់ ដែលមកដល់ពេលនេះ អ្នកជំនាញអះអាងថា ព្រលានយន្ដហោះអន្ដរជាតិមួយនេះ សម្រេចការសាងសង់បានចំនួន ៤២ភាគរយក្នុងចំណោម សមិទ្ធិផលទាំងអស់។

ឯកឧត្ដម ជា អូន រដ្ឋលេខាធិការរដ្ឋានប្រចាំការអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ការចុះត្រួតពិនិត្យនេះរួមមាន ឃ្លាំងសាំងយន្ដហោះ ផ្លូវរត់យន្ដហោះ កន្លែងបំពាក់ឧបករណ៍នាំផ្លូវយន្ដហោះចុះចត កន្លែងបំពាក់ឧបករណ៍នាំផ្លូវហោះពីចំង៉ាយ ពិនិត្យមើលកុងត្រូលផាវ័យដែលមានកំពស់ ១៧៦ម៉ែត្រស្មើរ១៣ជាន់ ដើម្បីត្រូវបំពាក់ឧបរណ៍ឱ្យត្រូវស្ដង់ដារអាកាសចរណ៍កម្ពុជាផង និងអន្ដរជាតិផង ព្រមទាំងពិនិត្យមើលកន្លែងបំពាក់រ៉ាដាសម្រាប់មើលយន្ដហោះឆ្លងកាត់ប្រទេសកម្ពុជា ពិនិត្យមើលការសាងសងស់សំណង់ និងនៅកន្លែងការដ្ឋានផ្សេងៗទៀត។

ឯកឧត្ដម បានបន្ដថា មកដល់ខែកញ្ញាឆ្នាំ២០២២នេះ អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលសាងសង់ថ្មី នៅស្រុកសូទ្រនិគម ខេត្ដសៀមរាប បានសាងសង់សម្រេចបាន៤២ភាគរយហើយ ក្នុងចំណោមហេចនាសម្ព័ននៅក្នុងព្រលានយន្ដហោះសរុប ។ឯកឧត្ដមបន្ដថា នៅដំណាច់ឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងសាងសង់សម្រេចឱ្យបានជាង៧០ភាគរយបន្ថែមទៀត ដើម្បីឱ្យទាន់ហោះហើរសាកល្បងនៅពាក់កណ្ដាលឆ្នាំ២០២៣ ។ សមិទ្ធិផលដែលសម្រេចបានច្រើន រួមមាន សាងសង់ផ្លូវរត់យន្ដហោះជាបេតុងបានចំង៉ាយ៣៦០០ម៉ែត្រ ឃ្លាំងប្រេងសម្រាប់ផ្គត់ផ្គង់យន្ដហោះ ដែលមាន៣៨ចំណត ហើយជាកន្លែងទំនើបជាងព្រលានយន្ដហោះបច្ចុប្បន្ន។

ឯកឧត្ដមជំរុញឱ្យក្រុមហ៊ុនសាងសង់ ខិតខំយកចិត្ដទុកដាក់ធ្វើយ៉ាងណាឱ្យអភិវឌ្ឍន៍សម្រេតាមផែនការគ្រោងទុក ។ ឯកឧត្ដមបានបញ្ជាក់ថា ជាមួយគ្នានោះ ក្រុមការងារកំពុងរៀបចំឯកសារបច្ចេកទេសមួយចំនួន ដូចជា អាយតាកូដ និងអាយខេអូកូដ ដើម្បីដាក់ពាក្យស្នើរសុំដើម្បីទទួលបានកូដពីអង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិ ឯកសារនោះមានជាងមួយរយចំណុចដែលត្រូវបំពេញទាំងក្រុមហ៊ុននិងអាកាសចរណ៍ស៊ីវិល។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តនេះ បានចាប់ពីផ្ដើមបើកការដ្ឋាននៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ គឺមានរយ:ពេលសរុប ៣៦ខែ ។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន ៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT រយ:ពេល៥៥ឆ្នាំ ក្រោយពេលគម្រោងប្រតិបត្តិការនេះត្រូវបានបញ្ចប់ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ៕ ស៊ាន សុផាត

ads banner