Ethereum ប្លុកឆេននឹងធ្វើបច្ចុប្បន្នភាពជាប្រវត្តិសាស្ត្រ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល
អន្តរជាតិ៖កំណែប្រែជាប្រវត្តិសាស្ត្រសម្រាប់ប្លុកឆេន Ethereum ដែល មានគោលដៅកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីនោះ នឹងត្រូវចាប់ផ្តើមនាសប្តាហ៍នេះ។ អ្នកវិភាគថាកំណែប្រែនេះ នឹងទាក់ ទាញ ការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនកាន់តែច្រើន ហើយតម្លៃរបស់ វាក៏កើនឡើងទៅតាមនោះដែរ។
Ethereum (Ether) គឺជាកាក់គ្រីបតូ ដែលមានមូលធនទីផ្សារ ធំជាងគេលំដាប់ទី២ លើពិភពលោកបន្ទាប់ Bitcoin និងដែលមាន តម្លៃប្រមាណ ២០០ប៊ីលានដុល្លារអាមេរិក។
ទំហំមូលធនទីផ្សាររបស់វា គឺមានទំហំធំជាងផលិតផលក្នុងស្រុក សរុបរបស់កម្ពុជា (GDP) ក្នុងឆ្នាំ២០២១ ជិត៣ដង។ គឹតត្រឹម ថ្ងៃទី១៣ ខែកញ្ញានេះ Ether (ETH) ត្រូវបានជួញដូរ ក្នុងតម្លៃ ១,៧៤០ដុល្លារអាមេរិក។
បច្ចុប្បន្នភាពជំនាន់ថ្មី (Upgrade) ដែលគេឲ្យឈ្មោះថា “Merge” នឹងផ្តោតសំខាន់លើប្រតិបត្តិផ្ទេរលើប្លុកឆេន Ethereum និងការ បង្កើតកាក់ថ្មី។ នៅក្រោយកំណែប្រែថ្មីនេះ Ethereum នឹងអាច កាត់បន្ថយការប្រើប្រាស់ថាមពលរហូតទៅដល់ ៩៩.៩៥ភាគរយ។ នេះបើយោងតាម Ethereum Foundation ដែលជាស្ថាប័នមួយ អភិវឌ្ឍន៍បច្ចេកវិទ្យាប្លុកឆេននេះ។
ហេតុអ្វីបានជាកំណែប្រែនេះអាចកាត់បន្ថយការប្រើប្រាស់ថាមពលច្រើនដូច្នេះ? ជាការពិតបច្ចេកវិទ្យាប្លុកឆេនត្រូវប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ ដើម្បីដើរតួ ជាអ្នក បញ្ជាក់ភាពជាម្ចាស់នៃដំណើរការផ្ទេរ ឬ Transaction ដែលក្នុង នោះក៏ជាមុខងារបង្កើតកាក់ថ្មីដែរ។ មុខងារនេះ ត្រូវបាន គេឲ្យ ឈ្មោះថា «Mining» ឬជាភាសាខ្មែរយើង «ជីកកាក់» ហើយ ដើម្បីជីកកាក់បាន គេត្រូវការម៉ាស៊ីនកុំព្យូទ័រ ដែលមានកម្លាំងខ្លាំង (GPU) និងត្រូវការប្រើថាមពលអគ្គិសនីច្រើន ទើបអាចជីកកាក់ បាន។ ដូច្នេះ នៅពេល Ethereum ចាប់ផ្តើមដាក់ចេញនូវកំណែប្រែ ចុងក្រោយនាសប្តាហ៍នេះ គេនឹងមិនត្រូវការការជីកកាក់ទៀតទេ។
គេនៅមិនទាន់ដឹងពេលច្បាស់លាល់ថា «Merge» នឹងចាប់ផ្តើមនៅ ពេល ណា ឬវេលាម៉ោងប៉ុន្មាននោះទេ ប៉ុន្តែក្រុមហ៊ុន Google និង គេហទំព័រផ្សេងទៀតបានផ្សាយថា កំណែប្រែថ្មីនេះ នឹងចាប់ផ្តើមនៅ ថ្ងៃទី១៥ ខែកញ្ញា។ យ៉ាងណាក៏ដោយ Ethereum Foundation បានកំណត់យកពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែកញ្ញា គឺជាពេលដែល កំណែប្រែថ្មីនេះត្រូវអនុវត្ត។
Ethereum ប្លុកឆេនបច្ចុប្បន្ននេះអាចទទួលយកប្រតិបត្តិការ ផ្ទេរពីមួយលាន ទៅ១.៥លាន ក្នុងមួយថ្ងៃ ធៀបនឹង Bitcoin ដែលអាចដំណើរការប្រតិបត្តិការផ្ទេរត្រឹមតែ ពីរសែន ទៅបី សែនប៉ុណ្ណោះក្នុងមួយថ្ងៃ។ នេះបើតាមទិន្នន័យរបស់ CoinMetrics។
នៅដើមឆ្នាំនេះ ទីផ្សារគ្រីបតូទាំងមូល ដែលត្រូវបានគេចាត់ទុកថា ជាប្រភេទទ្រព្យដែលមានហានិភ័យខ្ពស់បានធ្លាក់ថ្លៃ ទៅតាមទីផ្សារ ហិរញ្ញវត្ថុពិភពលោក ដោយសារបញ្ហាផ្សេងៗ ដូចជាសង្រ្គាម និង អតិផរណាជាដើម។ ប៉ុន្តែកាក់គ្រីបតូ Ether បានកើនឡើងមកវិញ ជាង៦៥ភាគរយ ចាប់តាំងពីចុងខែមិថុនាមក មុនពេលដែល កំណែប្រែថ្មី “Merge” ត្រូវដាក់ឲ្យប្រើជាផ្លូវការ៕
ដោយ៖យ៉ាន អាន