អាមេនី និងអាស៊ែបៃហ្សង់៖ ប៉ះទង្គិចគ្នាជាថ្មី អាចនឹងធ្វើឲ្យជម្លោះ ចាស់ផ្ទុះឡើងវិញ
អាមេនី៖កងទ័ពរបស់ អាមេនី និងអាស៊ែបៃហ្សង់ ប៉ះទង្គិចប្រដាប់ អាវុធគ្នាសារជាថ្មី នៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២។ ជាជម្លោះ ដែលមតិខ្លះយល់ឃើញថា អាចនឹងគាស់កកាយ ជម្លោះចាស់ផ្ទុះឡើងវិញ ពាក់ព័ន្ធនឹងតំបន់ណាហ្គូណូ-ការ៉ាបាក់ (Nagorno-Karabakh)។
ក្រសួងការពារជាតិអាមេនី អះអាងថា កងកម្លាំងរបស់អាស៊ែបៃហ្សង់ បានបើកការវាយប្រហារដោយកាំភ្លើងធំ និងដ្រូនបំពាក់អាវុធ ទៅលើ ទីក្រុង Goris ក្រុង Sotk និងក្រុង Jermuk ដែលស្ថិតជិតព្រំដែន អាមេនី នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញានេះ ហើយស្ថានភាពនៃការ ប្រយុទ្ធគ្នា កំពុងបន្តមានលក្ខណៈធ្ងន់ធ្ងរ។
ក្រសួងការពារជាតិអាស៊ែបៃហ្សង់បានទទួលស្គាល់ចំពោះការវាយប្រហារនេះ ប៉ុន្តែអះអាងថា វាជាការវាយប្រហារតូចតាច ក្នុង គោលបំណង ធានាសន្តិសុខតាមព្រំដែនរបស់អាស៊ែបៃហ្សង់ ព្រោះតែអាមេនីដាក់ពង្រាយអាវុធនៅតាមតំបន់នោះ។
ភាពតានតឹងនៅព្រឹកថ្ងៃអង្គារនេះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាស៊ែបៃហ្សង់ ចោទប្រកាន់ថា អាមេនីបានបាញ់ អាវុធធុន ស្រាលលើភូមិចំនួនពីរក្នុងតំបន់ Gadabay និង Lachin ដែលនៅ ជិត ព្រំដែន។ ប៉ុន្តែអាមេនី បានច្រានចោលកា រចោទប្រកាន់ នេះ។
គិតត្រឹមព្រឹកថ្ងៃអង្គារ មិនទាន់មានរបាយការណ៍ពីចំនួនអ្នកស្លាប់ ច្បាស់លាស់ពីជម្លោះទាំងសងខាងនៅឡើយទេ។ ប៉ុន្តែនាយក រដ្ឋមន្ត្រី អាមេនី លោក Nikol Pashinyan អះអាងថា កងទ័ពរបស់ ខ្លួន ចំនួន ៤៩ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចនេះ ហើយតួលេខ អ្នកស្លាប់នេះ អាចនឹងកើនឡើងទៀត។
គួរបញ្ជាក់ថា ជម្លោះដំបូងផ្ទុះឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅ ពេល ដែលភាគីទាំង២ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សូវៀត ហើយកងកម្លាំងអាមេនីដណ្តើមយកទឹកដីជាច្រើននៅជិតតំបន់ណាហ្គូណូ-ការ៉ាបាក់។ តំបន់ ណាហ្គូណូ-ការ៉ាបាក់ ដែលអន្តរជាតិទទួល ស្គាល់ថាជាទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែមានជនជាតិ អាមេនី រស់នៅ ច្រើន។
នៅឆ្នាំ២០២០អាស៊ែបៃហ្សង់បានប្រយុទ្ធដណ្តើមទឹកដីទាំងនោះមកវិញ។ ជាការប្រយុទ្ធដែលបានសម្លាប់មនុស្សអស់ ៦ ៥០០ នាក់ និងបញ្ចប់ទៅដោយបទឈប់បាញ់សម្របសម្រួលដោយរុស្ស៊ី ដែល ជាអ្នកដើរតួដាក់កងទ័ពរក្សាសន្តិភាពបង្ការជម្លោះ។
ចាប់តាំងពីពេលនោះមក មេដឹកនាំនៃប្រទេសទាំងពីរ បាន ជួបប្រជុំគ្នាជាច្រើនដង ដើម្បីពង្រឹងសន្ធិសញ្ញា ឈានទៅបង្កើត សន្តិភាពយូរអង្វែង។
ជុំវិញការប៉ះទង្គិចចុងក្រោយនេះ គេឃើញមានការអំពាវនាវជាច្រើន រួមទាំងពីសហរដ្ឋអាមេរិក ដែលសុំឱ្យមានបទឈប់បាញ់គ្នាជា បន្ទាន់។ ប៉ុន្តែខណៈដែលក្រុងយេរេវ៉ាន និងម៉ូស្គូ បានព្រមព្រៀង គ្នាក្នុងការគ្រប់គ្រងស្ថានការណ៍ចុងក្រោយ សារព័ត៌មានក្នុង ស្រុកអាស៊ែបៃហ្សង់រាយការណ៍ថា បទឈប់បាញ់ មួយរវាងភាគី ជម្លោះទាំង២ បានសម្រេចឡើងនៅថ្ងៃចន្ទ ប៉ុន្តែបានបរាជ័យទៅវិញ នៅប៉ុន្មាននាទីក្រោយមក៕
ដោយ៖ហួន ឌីណា
ប្រភព៖ Clashes erupt along Armenia-Azerbaijan border, potentially reigniting an old conflict