សំណុំរឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល៖ សាលាឧទ្ធរណ៍តម្កល់ទោស សម រង្ស៊ី និងបក្ខពួកចំនួន២០នាក់ ជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ
ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានប្រកាសសាលដីកាសម្រេចធ្វើការតម្កល់ទោសទណ្ឌិត សម រង្ស៊ី និងបក្ខពួកចំនួន២០នាក់ ជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី ៥ ទៅ១០ឆ្នាំដដែល ពាក់ព័ន្ធនឹងការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩ របស់ទណ្ឌិត សម រង្ស៊ី ចន្លោះពីឆ្នាំ២០១៨ និង២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការប្រកាសសាលដីកានេះ បានធ្វើឡើងកំបាំងមុខទណ្ឌិត សម រង្ស៊ី និងបក្ខពួក២០នាក់ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២នេះ។ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោកយន់ ណារ៉ុង បានថ្លែងថា ជនជាប់ចោទចោទនៅក្នុងសំណុំរឿងក្តីនេះ មានដូចជាៈ
១- ឈ្មោះ សម រង្ស៉ី ភេទប្រុស អាយុ ៧៣ ឆ្នាំ សញ្ជាតិខ្មែរ
២- ឈ្មោះ មូរ សុខហួរ ភេទស្រី អាយុ៦៤ឆ្នាំ សញ្ជាតិខ្មែរ
៣- ឈ្មោះ ជូឡុង សូមួរ៉ា ភេទស្រី អាយុ៦៨ឆ្នាំ សញ្ជាតិខ្មែរ
៤- ឈ្មោះ តុ វ៉ាន់ចាន់ ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ
៥- ឈ្មោះ នុត រំដួល ភេទប្រុស អាយុ៧២ឆ្នាំ សញ្ជាតិខ្មែរ
៦- ឈ្មោះ ហូរ វ៉ាន់ ភេទប្រុស អាយុ៧១ឆ្នាំ សញ្ជាតិខ្មែរ
៧- ឈ្មោះ អេង ឆៃអ៊ាង ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ។
ជនជាប់ចោទទាំង៧នាក់នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ១០ឆ្នាំ ពីបទ “រួមគំនិតក្បត់ បទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់” ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងខែមករា ខែកុម្ភៈ ឆ្នាំ២០១៨ និងអំឡុងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ មាត្រា ៤៩៥ និង មាត្រា ៤៧១ នៃក្រម ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលើជនជាប់ចោទទាំង ៧នាក់ ដែលជាក្រុមមេដឹកនាំប៉ុនប៉ងផ្តួរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីនាំខ្លូនយកមកអនុវត្តទោសតាមសាលក្រមរបស់តុលាការ។
ចំណែកជនជាប់ចោទចំនួន ១៣នាក់ទៀត មានដូចជា៖
១- ឈ្មោះ ថៃ សុគន្ធា ហៅ តឹង ភេទប្រុស កើតថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៦១ សញ្ជាតិខ្មែរ
២- ឈ្មោះ ឡុង ផារី ភេទប្រុស កើតថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៦២ សញ្ជាតិខ្មែរ
៣- ឈ្មោះ ឃឹម ភាណា ភេទប្រុស កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៨ សញ្ជាតិខ្មែរ
៤- ឈ្មោះ សុខ ចាន់ថា ភេទប្រុស កើតថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៦៥ សញ្ជាតិខ្មែរ
៥- ឈ្មោះ ពៀត ម៉ាប់ ភេទប្រុស កើតថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៧១ សញ្ជាតិខ្មែរ
៦- ឈ្មោះ កែវ ថៃ ភេទប្រុស កើតថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៧០ សញ្ជាតិខ្មែរ
៧- ឈ្មោះ ជុំ ចាន់ ភេទប្រុស កើតថ្ងៃទី០២ ខែមករា ឆ្នាំ១៩៦៨ សញ្ជាតិខ្មែរ
៨- ឈ្មោះ ស៊ុន ធន់ ភេទប្រុស កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧០ សញ្ជាតិខ្មែរ
៩- ឈ្មោះ ងិន ឃាង ភេទប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨៨ សញ្ជាតិខ្មែរ
១០-ឈ្មោះ យឹម សារ៉េត ភេទប្រុស អាយុ៥២ ឆ្នាំ សញ្ជាតិខ្មែរ
១១-ឈ្មោះ ញ៉ែម វាន ភេទប្រុស អាយុ ៥៨ ឆ្នាំ សញ្ជាតិខ្មែរ
១២-ឈ្មោះ ឃុត ច្រិក ភេទប្រុស អាយុ៤៨ ឆ្នាំ សញ្ជាតិខ្មែរ
១៣-ឈ្មោះ ឆុន ប៊ុនឆាត ហៅ មីត ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ ត្រូវ
បានសាលាដំបូងរាជធានីភ្នំពេញដាក់ពន្ធនាគារក្នុងម្នាក់ៗ ៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវអនុវត្តទោស ក្នុង ពន្ធនាគារ ក្នុងម្នាក់ៗ ចំនួន៣ឆ្នាំ៨ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទ« រួមគំនិតក្បត់ និងបទ ញុះញង់ឲ្យប្រព្រឹត្ត អំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្ត នៅរាជធានី ភ្នំពេញ ប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត កាលពីអំឡុងខែមករា ខែកុម្ភៈ ឆ្នាំ២០១៨ និង អំឡុង ពេលបន្តបន្ទាប់ បទល្មើស ព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ មាត្រា ៤៩៥ មាត្រា១០៧ និងមាត្រា ១០៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យពួកគេទាំង១៣នាក់ រួចខ្លួនពីបទចោទពីបទញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ តាមមាត្រា៣៥០នៃក្រមនីតិវិធីព្រហ្មណ្ឌ។ រីឯឈ្មោះ ហ៊ិន ឆាន ភេទប្រុស កើតថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៦៦ សញ្ជាតិខ្មែរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរធម្មតា ពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងខែមករា ខែកុម្ភៈ ឆ្នាំ២០១៨ និងអំឡុងពេលបន្តបន្ទាប់ បទល្មើស ព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ មាត្រា ៤៩៥ និងមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ