ជំងឺអុតស្វាឆ្លងរាលដាលជាង ១០០ ប្រទេស ប៉ុន្តែវ៉ាក់សាំង និងការព្យាបាលមានច្រើនតែនៅអាមេរិក និងអឺរ៉ុប
អាមេរិក៖ គិតរហូតមកទល់ពេលនេះ ជំងឺអុតស្វាបានឆ្លងរាលដាល នៅប្រទេសចំនួន១០៣ ទូទាំងពិភពលោក ប៉ុន្តែវ៉ាក់សាំង និងការ ព្យាបាល មានច្រើនតែនៅក្នុងបណ្ដាប្រទេសអ្នកមាន នៅអាមេរិកខាងជើង និងទ្វីបអឺរ៉ុបប៉ុណ្ណោះ។ នេះបើតាមសេចក្ដីរាយការណ៍ របស់កាសែតញូវយ៉កថែមស៍។
ជំងឺអុតស្វា មិនមែនទើបតែឆ្លងរាលឥឡូវនេះទេ ប៉ុន្តែការរាតត្បាត យ៉ាង ឆាប់រហ័សនៃជំងឺនេះនៅប្រទេសអ្នកមាន បានចាប់ផ្ដើម ប្រហែលជាបួន ខែមុន ដែលធ្វើឱ្យមានការប្រជែង គ្នាលើការទិញ វ៉ាក់សាំង។ មកទល់ពេលនេះ នៅតាមប្រទេសមួយចំនួន គេ ប្រើប្រាស់វ៉ាក់សាំងការពារជំងឺអុតស្វាយ (Smallpox) ដើម្បីបង្ការ ការ ឆ្លងរាលដាលនៃជំងឺអុតស្វា។ ប៉ុន្តែវ៉ាក់សាំងអុតស្វាយ ដែល ផលិតដោយក្រុមហ៊ុនដាណឺម៉ាក Bavarian-Nordic ភាគច្រើន ជាប់កុងត្រាផ្គត់ផ្គង់ឱ្យសហរដ្ឋអាមេរិក ដែលជាអ្នកផ្ដល់ជំនួយលើ ការផលិតវ៉ាក់សាំងនេះតាំងពីឆ្នាំ ២០០១។ ក្រៅពីអាមេរិក ប្រទេស ដែលមានប្រើវ៉ាក់សាំងអុតស្វាយ ភាគច្រើនគឺជាប្រទេសអ្នកមាន ដូចជាកាណាដា អូស្រ្តាលី និងបណ្ដាប្រទេសអឺរ៉ុបជាដើម។
ចំណែកប្រទេសនៅអាមេរិកខាងត្បូង អាហ្វ្រិក និងអាស៊ី តំណាង ឱ្យប្រទេសមួយភាគធំដែលមានការឆ្លងរាលនៃជំងឺអុតស្វា នៅមិន ទាន់មានវ៉ាក់សាំងដើម្បីចាក់ការពារជំងឺនេះនៅឡើយទេ ហើយ សម្រាប់អាហ្វ្រិកទាំងមូល ជំងឺអុតស្វាបានឆ្លងរាលដាលរាប់ ទសវត្សរ៍មកហើយ។
ក្រៅពីកង្វះវ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្តរកជំងឺអុតស្វា ក៏ជាបញ្ហាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
កាសែតញូវយ៉កថែមស៍រាយការណ៍ថា វាពិតជាលំបាកណាស់ក្នុង ការដឹងពីចំនួនមនុស្សដែលកើតជំងឺអុតស្វាក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារតែមនុស្សជាច្រើន មិនអាចធ្វើរោគវិនិច្ឆ័យ រកជំងឺនេះ បាន។
កន្លងមក ក្រុមអ្នកធ្វើការខាងវិស័យសុខាភិបាលសាធារណៈ មួយចំនួន ក៏បានរិះគន់អង្គការសុខភាពពិភពលោក ដែលមិន បានប្រឹងប្រែងឲ្យបានគ្រប់គ្រាន់ ដើម្បីធានាថា គ្រប់ប្រទេស នឹងអាចទទួលបានវ៉ាក់សាំង ការព្យាបាល ឬការធ្វើតេស្តរក ជំងឺអុតស្វា បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាស ដាក់ជំងឺនេះ ក្នុងភាពអាសន្នសម្រាប់សុខភាព សកលលោក កាលពីចុងខែកក្កដាកន្លងទៅក៏ដោយ៕ ដោយ៖ ហួន ឌីណា