ចិនកំពុងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេងប្រឆាំងនាវា

ចិន៖ ប្រទេសចិនកំពុងអភវិឌ្ឍមីស៊ីលល្បឿនលឿន (Supersonic) ប្រឆាំងនាវា។ មីស៊ីលថ្មីនេះ អាចហោះបានកាន់តែឆ្ងាយ និងកាន់តែលឿន ជាងមីស៊ីលបាញ់ក្រោមទឹកជំនាន់មុន។ នេះបើតាមការបញ្ជាក់ ពី ក្រុមអ្នកស្រាវជា្រវ ដែលត្រូវបានស្រង់សម្ដីចុះផ្សាយក្នុងអត្ថបទ សារព័ត៌មាន SCMP នៅថ្ងៃទី១៣ ខែកញ្ញា។

មីស៊ីលដែលមានប្រវែងប្រាំម៉ែត្រនេះនឹងមានល្បឿន លឿន ជាង សំឡេង ២.៥ដង និងអាចហោះបានកម្ពស់ប្រមាណ១០គីឡូម៉ែត្រ ប្រហាក់ប្រហែលនឹងកម្ពស់របស់យន្តហោះដឹកអ្នកដំណើរ។ មីស៊ីលនេះមានសមត្ថភាពអាចហោះបានចម្ងាយ ២០០គីឡូម៉ែត្រ មុនពេលជ្រមុជចូលទៅក្នុងទឹក។

នៅពេលទៅដល់គោលដៅចម្ងាយ ១០គីឡូម៉ែត្រ មីស៊ីលនេះនឹង ប្រែខ្លួន ជាប្រភេទមីស៊ីលក្រោមទឹក (torpedo mode) ដែលអាច មានល្បឿនប្រមាណ ១០០ម៉ែត្រ/វិនាទី។ លក្ខណៈពិសេស មួយ ទៀតនោះ គឺវាអាចប្តូរគោលដៅទៅជាក់ស្តែងភ្លាមៗ ដោយមិនបាត់ បង់ នូវអនុភាពរបស់វាឡើយ។

លោក Li Pengfei ជាប្រធានក្រុមស្រាវជ្រាវអភិវឌ្ឍន៍មីស៊ីលនេះ បានលើកឡើងថា នៅពេលបច្ចុប្បន្ននេះមិនទាន់ប្រព័ន្ធការពារ មីស៊ីល របស់នាវាណាមួយ ដែលអាចទប់ស្កាត់មីស៊ីលថ្មីនេះ បាន នៅឡើយទេ។ មិនត្រឹមតែប៉ុណ្ណោះ មីស៊ីលនេះ មានសមត្ថភាពធ្វើឲ្យ កំហូចនៃគោលដៅកាន់តែមានភាពធ្ងន់ធ្ងរ។

ក៏ប៉ុន្តែបញ្ហាប្រឈមមួយរបស់មីស៊ីលថ្មីនេះ គឺប្រព័ន្ធថាមពល។ មីស៊ីលត្រូវការកម្លាំងរុញ(thrust)ក្នុងបរិមាណដ៏សមរម្យមួយទាំងនៅលើអាកាស និងក្នុងទឹក។ ក្រុមអ្នកអភិវឌ្ឍន៍បានបញ្ជាក់ថា បញ្ហានេះអាចដោះស្រាយបានដោយប្រើធាតុគីមី Boron ដែលជា ធាតុគីមីម្យ៉ាងមានប្រតិកម្មយ៉ាងខ្លាំងនៅពេលប៉ះខ្យល់ និងទឹក ហើយវាបញ្ចេញកំដៅខ្លាំង។

គួរកត់សម្គាល់ថាធាតុគីមី Boron ត្រូវបានសាកល្បងប្រើប្រាស់ ដោយយោធាអាមេរិក កាលពីឆ្នាំ១៩៥០ ដើម្បីបង្កើនថាមពល របស់មីស៊ីល supersonic។ ក៏ប៉ុន្តែគម្រោងនេះត្រូវបាន បោះបង់ ចោល ទៅវិញដោយសារតែធាតុគីមីនេះ វាបញ្ចេញនូវភាគល្អិត ដែលពិបាកក្នុងការគ្រប់គ្រង ហើយធ្វើឲ្យម៉ាស៊ីនរ៉ុកែតថយ នូវកម្លាំង របស់វា។

លោក Li Pengfei បញ្ជាក់ថាក្រុមការងាររបស់លោកបានអភិវឌ្ឍ ម៉ាស៊ីនរ៉ុកែតដោយប្រើធាតុគីមី Boron សម្រាប់បាញ់បង្ហោះទាំង លើ អាកាស និងក្នុងទឹក។

នារយៈពេលចុងក្រោយនេះប្រទេសចិនបានបង្ហាញនូវការរីកចម្រើន គួរឲ្យកត់សម្គាល់លើការអភិវឌ្ឍបច្ចេកវិទ្យាម៉ាស៊ីនរ៉ុកែតជាដើម៕ ដោយ៖ យ៉ាន អាន

ads banner