និស្សិតមួយក្រុម នឹងរៀបចំការតាំងពិព័រណ៍ពីពុម្ពអក្សរ ដែលរំលេច ពីវប្បធម៌ខ្មែរ និងសេចក្ដីស្រឡាញ់ផ្នែកសិល្បៈឌីជីថល
ភ្នំពេញ៖ ក្រុមនិស្សិតឆ្នាំទី ៤ ខាងផ្នែករចនា នៅសកលវិទ្យាល័យ លីមកុកវីង បានបង្កើតគម្រោងមួយទាក់ទិនទៅនឹងគំនូរ បែបឌីជីថល ជាសាធារណៈ។ «ផ្ទះអក្ខរៈ» គឺជាការតាំងពិព័រណ៍ ពីអក្សរពុម្ពខ្មែរ ដែលរំលេចជាមួយវប្បធម៌ខ្មែរ និងសេចក្តីស្រឡាញ់សិល្បៈ ផ្នែកគំនូរ ឌីជីថល ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៧ កញ្ញា ដល់ ០១ តុលា ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច នៅផ្ទះចាស់ ក្នុង Shophouse Studio ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៩១ E0 ផ្លូវ ១១០។
តាមរយៈវីដេអូខ្លីមួយដែលផ្សាយលើទំព័រហ្វេសប៊ុករបស់ផ្ទះអក្ខរៈ លោក សឿឈី ជាសមាជិកស្នូលនៃក្រុមផ្ទះអក្ខរៈ បាននិយាយពីការ បង្កើតពិព័រណ៍មួយនេះថា «ផ្ទះអក្ខរៈ» កើតចេញពីពាក្យ «អក្ខរៈ» និង «ផ្ទះ»។ ពេលនឹកពីអក្សរពុម្ពខ្មែរ នោះលោកតែងតែគិតទៅដល់ពាក្យ «អក្ខរាវិរុទ្ធ» ដែលកាលនៅវ័យក្មេង លោកគ្រូអ្នកគ្រូបានដាក់កិច្ចការ សរសេរ តាមអាន៖ «គ្រូៗតែងតែតម្រូវឱ្យយើងសរសេរតាមអាន គឺគាត់ឱ្យជួយមើលអក្ខរាវិរុទ្ធ។ ដូច្នេះ ខ្ញុំក៏ដកពាក្យ «អក្ខរៈ» នោះ មក។ រីឯ«ផ្ទះ» វិញ ក្រោយពីបានគិតគូរជាមួយក្រុមការងារគឺមក ពីពាក្យ “House of Typography” ទើបដកពាក្យ “House” ឬ «ផ្ទះ» មកបូករួមគ្នា។»
តាមរយៈការរៀបចំកម្មវីធីនេះ ក្រុមនិស្សិតជំនាញរចនានេះ ចង់ បង្ហាញ ឱ្យសាធារណៈជនឃើញពីសោភណ្ឌភាពនៃពុម្ពអក្សរខ្មែរ និងជួយលម្អិតពីលក្ខណៈនិងរូបរាងរបស់ពុម្ពអក្សរនោះផងដែរ។ ជាមួយគ្នានេះដែរ ពួកគេចង់ជំរុញអ្នកឌីហ្សាញទាំងឡាយឱ្យបែរងាក មកផ្សារភ្ជាប់ការប្រើប្រាស់ពុម្ពអក្សរខ្មែរជាមួយនឹងទស្សនៈថ្មីៗ ដោយឈរផ្អែកលើគ្រឹះនៃប្រវត្តិសាស្រ្ត និងសោភណ្ឌភាព។
រួមជាមួយពិព័រណ៍ ពួកគេក៏បានចងក្រងសៀវភៅ «Pteah Akarak: Khmer Typography Tribute» ដែលបង្ហាញពីពុម្ពអក្សរខ្មែរ និងរបៀបប្រើប្រាស់ពុម្ពអក្សរនោះក្នុងការរចនាបែបឌីជីថល។ សៀវភៅនេះត្រូវបានចែកចេញជា៣ មាតិកាធំៗ ដែលក្នុងនោះ រួមមាន ដូចជា៖ ការសិក្សាអំពីរូបរាងនៃពុម្ពអក្សរខ្មែរ (The Anantomy of Khmer Typography) គោលការណ៍ នៃការប្រើប្រាស់ពុម្ពអក្សរខ្មែរ (Khmer Typography Guidelines) និងការបែងចែកប្រភេទនៃពុម្ពអក្សរខ្មែរ (Khmer Typeface Classifications) ជាដើម៕
ដោយ៖វ័ន្ត ច័ន្ទមករា