កិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌស្តីពី “នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ”

សៀមរាប៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានសហកាជាមួយរដ្ឋបាលខេត្ត និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពង្រឹងសមត្ថភាពស្តីពីយុត្តិធម៌ព្រហ្មទណ្ឌស្តីពី “នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ”។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ជ.ប.ជ) ។

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ បានថ្លែងថា កិច្ចប្រជុំនេះ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីនគរបាលយុត្តិធម៌ និងអ្នកពាក់ព័ន្ធលើការអនុវត្តយន្តការរួម និងការចូលរួមអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងឧត្តមប្រយោជន៍របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស។ បន្ថែមពីនោះ លោកស្រីអភិបាលរង បានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យឆ្លើយតបទៅនឹង អនុសាសន៍ទាំង១៦ចំណុច របស់ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក និងសភាពការណ៍ជាក់ស្តែងនៅក្នុងមូលដ្ឋាន ឱ្យបានម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់ ដោយត្រូវ ១. ធ្វើឱ្យសាធារណជនទូទៅយល់ជ្រួតជ្រាបអំពីសកម្មភាព ល្បិចកល និងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម ជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសម្ចាស់ ឬ អ្នកគ្រប់គ្រង(អាជីវកម្មផ្លូវភេទ) លំនៅដ្ឋានគ្រប់ប្រភេទ ដែលជាគោលដៅងាយរងគ្រោះ សំដៅបង្ការ ទប់ស្កាត់បទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទឱ្យមាន ប្រសិទ្ធភាពខ្ពស់។ ២. កំណត់ឱ្យបាននូវអត្តសញ្ញណគោលដៅសង្ស័យមានជនបរទេសស្នាក់នៅខុសច្បាប់ ដើម្បីចាត់វិធានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងអនុវត្តនីតិវិធីបានទាន់ពេលវេលា។ ៣. រកឱ្យឃើញទីតាំងសង្ស័យមានសកម្មភាពជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីបង្ក្រាប ផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។ ៤. រកឱ្យឃើញបណ្តារបៀង ខ្សែរយៈនាំមនុស្សឆ្លងកាត់ព្រំដែន ដើម្បីបម្រើឱ្យការជួញដូរមនុស្សរ ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងប្រមែប្រមូលភស្តុតាង ដើម្បីមានវិធានការបង្ក្រាប លុបបំបាត់ប្រភព នៃបទល្មើសនេះឱ្យមានប្រសិទ្ធភាព។ ៥. សវនាការជំនុំជម្រះបណ្តារឿងក្ដីពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេសរឿងក្ដីក្នុងប្រតិបត្តិការនេះ ត្រូវបានធ្វើលឿនរហ័ស ដើម្បីបង្ហាញសាធារណៈជនពីលទ្ធផល ឆន្ទៈ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល។ ៦. ប្រតិបត្តិការនេះ ត្រូវបានធ្វើលឿនរហ័ស ដើម្បីបង្ហាញសាធារណៈជនពីលទ្ធផល ឆន្ទៈ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល។ ៧. ធានាការផ្សព្វផ្សាយព័ត៌មាន នៃសកម្មភាព ឬប្រតិបត្តិការអនុវត្តផែនការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានលឿនរហ័សទូលំទូលាយ និងប្រតិកម្មបកស្រាយបានទាន់ពេល ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កាច់បង្អួចនានារបស់ជនអគតិនានា។

ជាមួយគ្នានោះ លោកជំទាវ ជូ ប៊ុនអេង លើកឡើងថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយដែលបណ្តាប្រទេសជាច្រើនបានជួបប្រទះ។ ប្រទេសកម្ពុជា ក៏បានទទួលរងនូវវិបត្តិនេះ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏ដូចជាដៃគូសហការទាំងអស់ ជាពិសេសអង្គការ ក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ បាននិងកំពុងខិតខំប្រឹងប្រែងរិះរកគ្រប់វិធានការ ក្នុងន័យរួមគ្នា ដោះស្រាយលើបញ្ហានេះ ឈានទៅសម្រេចបាននូវការលុបបំបាត់នូវអំពើជួញដូរមនុស្ស ព្រមទាំងបានរៀបចំនូវយន្តការការពារទៅលើប្រជាពលរដ្ឋទូទៅ ពលករ ធុរកិច្ចជន ភ្ញៀវជាតិ និងអន្តរជាតិគ្រប់ និន្នាការទាំងអស់ ដោយមិនប្រកាន់នូវជាតិ សាសនាអ្វីទាំងអស់សំដៅប្រែក្លាយទៅជាប្រទេសដែល មានសុខសុវត្ថិភាព។

លោកជំទាវបានបន្តទៀតថា អំពើជួញដូរមនុស្ស ឬបទល្មើសជួញដូរមនុស្ស គឺជាការផ្សារភ្ជាប់ទៅនឹងភូមិសាស្រ្តនយោបាយ ក៏ដូចជាការលាងសម្អាតប្រាក់កង្វក់ ដែលមានលក្ខណៈសាំញាំនិងស្មុកស្មាញក្នុងការកំណត់ជាក់លាក់អំពីបទល្មើស ពិសេសបទល្មើសដែលប្រព្រឹត្តតាមប្រព័ន្ធអនឡាញ។ លោកជំទាវបានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការគ្នាឱ្យកាន់ស្អិតរមួតលើការអនុវត្តនីតិវិធីនានា ការបង្ក្រាបបទល្មើស ការជួយសង្គ្រោះជងរងគ្រោះឱ្យបានទាន់ពេលវេលា ពងឹ្រងសមត្ថភាព និងពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក៏ដូចជាការពន្លាតការស៊ើបអង្កេតស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅ ដើម្បីបង្រ្កាប និងផ្តន្ទាទោសដល់ជនល្មើសឱ្យខានតែបាន ៕ ដោយ ស៊ាន សុផាត

ads banner