អាល្លឺម៉ង់អំពាវនាវជាថ្មីឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានពិភាក្សាគ្នាតាមទូរស័ព្ទ ដោយលោក សូលស៍ បានអំពាវនាវឱ្យលោក ពូទីន ដកកងកម្លាំងរបស់គាត់ចេញពីទឹកដីអ៊ុយក្រែន រីឯលោក ពូទីន វិញ បានលើកឡើងពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិរបស់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរយៈពេល ៩០នាទី លោក សូលស៍ បានជំរុញឱ្យលោក ពូទីន វិលរកដំណោះស្រាយការទូតឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដោយផ្អែកលើបទឈប់បាញ់, ការដកកងកម្លាំងរុស្ស៊ីទាំងស្រុង និងការគោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន។

ជាមួយគ្នានេះ លោក សូលស៍ ក៏បានអំពាវនាវឱ្យលោក ពូទីន ជៀសវាងការកើនឡើងសកម្មភាពយោធាណាមួយ នៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា និងដើម្បីអនុវត្ត “តំបន់សុវត្ថិភាព” ដែលបានណែនាំដោយអង្គការសហប្រជាជាតិនៅជុំវិញរោងចក្រនេះ។

បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង លោក ពូទីន បានអះអាងថា រោងចក្រនេះត្រូវបានទទួលរង នូវការវាយប្រហារដោយមីស៊ីលឥតឈប់ឈរពីអ៊ុយក្រែន ដែលបង្កើតហានិភ័យពិតប្រាកដនៃមហន្តរាយទ្រង់ទ្រាយធំ។

បន្ថែមលើនេះ លោក ពូទីន ក៏បានចោទប្រកាន់អ៊ុយក្រែនជុំវិញការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ដោយចង្អុលទៅដល់ការបាញ់ផ្លោងទីក្រុងដែលនិយាយភាសារុស្សីភាគច្រើននៅតំបន់ដុនបាស់។

ទោះបីជាមានទំនាក់ទំនងដ៏ជូរចត់រវាងអាល្លឺម៉ង់ និងរុស្ស៊ីក៏ដោយ ក៏លោក សូលស៍ និងលោក ពូទីន បានយល់ព្រមបន្តទំនាក់ទំនងគ្នា ដោយមេដឹកនាំទាំងពីរបាននិយាយបែបនេះបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទនៅថ្ងៃអង្គារសប្តាហ៍នេះ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner